ជាតិ
កូនឈើព្រៃជាង១៧,០០០ដើម ត្រូវបានដាំឡើងវិញនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
× ភ្នំពេញ៖ អាជ្ញាធរ និងអ្នកពាក់ព័ន្ធបាននាំគ្នាដាំកូនឈើព្រៃជាង ១៧,០០០ដើម នៅក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន កាលពីថ្ងៃទី ៣១ សីហា ដើម្បីស្តារព្រៃឈើឡើងវិញ។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។
តាមប្រភពដដែល ពិធីដាំកូនឈើព្រៃនេះធ្វើឡើងក្រោមប្រធានបទ «សៀមរាបផ្ទះខ្ញុំ ភ្នំគូលែនខ្ញុំ» និងមានការចូលរួមពីសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។
ក្នុងពិធីនោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាព្រៃឈើ រក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ រក្សាខ្យល់បរិសុទ្ធ បង្កើនអុកស៊ីសែន និងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកបន្ថែមទៀតថា៖« ការដាំស្តារព្រៃឈើនេះ ជួយបង្កើនធនធានជីវៈចម្រុះ ធានាការការពារ និងអភិរក្សទីកន្លែងប្រវត្តិសាស្ត្រ វប្បធម៌ធម្មជាតិ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ជាពិសេសធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាសហគមន៍ ដែលរស់នៅលើភ្នំគូលែន និងប្រជាពលរដ្ឋនៅខេត្តសៀមរាបទាំងមូល»។
ក្នុងពិធីនោះ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានជំរុញ និងលើកទឹកចិត្តប្រជាសហគមន៍ឲ្យចូលរួមពង្រឹង និងអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឲ្យគង់វង្ស។ នេះបើតាមហ្វេសប៊ុកក្រសួងបរិស្ថាន៕
Tag:
បរិស្ថាន
ដាំដើមឈើ
ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com