តើ​លោក សុង សារ៉ន ជា​នរណា​?
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​លោក សុង សារ៉ន ជា​នរណា​?
01, Sep 2019 , 1:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក សុង សារ៉ន
រូបភាពពីហ្វេសប៊ុកលោក សុង សារ៉ន
​ភ្នំពេញ​៖ ថ្មីៗ​នេះ លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រា​យស៍​(Amru Rice Cambodia Co.,Ltd) បាន​ឡើងកាន់តំណែង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែលជា​តំ ណែ​ង​ដ៏​សំខាន់​មួយ ក្នុងការ​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​មានមុខមាត់​ក្នុង​ទីផ្សារ​អន្តរជាតិ​។ ជា​កូន​កសិករ​នៅ​ខេត្តកំពង់ចាម ឧកញ៉ា​វ័យ​៣៨​ឆ្នាំ​រូបនេះ បាន​ក្លាយជា​សហគ្រិន​លេចធ្លោ​មួយរូប ពិសេស​ក្នុង​វិស័យ​ស្រូវ​អង្ករ​។


 
​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖ 



 
​លោក សុង សារ៉ន ដើមឡើយ​គ្រាន់តែ​ជា​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​មិន​ដល់​១០​ឆ្នាំ​ផង លោក​បាន​វិវត្តន៍​ខ្លួន​យ៉ាង​លឿន រហូត​មានឈ្មោះ​បោះ​សំឡេង នៅក្នុង​វិស័យ​ស្រូវ​អង្ករ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។ ថ្មីៗ​នេះ លោក សុង សារ៉ន ក៏​ទើបតែ​ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែលជា​តំណែង​ដ៏​សំខាន់ នៅក្នុង​ការជំរុញ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​លេច​មុខមាត់ នៅក្នុង​ទីផ្សារ​ក្រៅប្រទេស​។ ទើប​មាន​វ័យ​៣៨​ឆ្នាំ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​សហគ្រិន​វ័យក្មេង ដែលមាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។  


រូបភាពពីហ្វេសប៊ុកលោក សុង សារ៉ន
 
​តាមពិតទៅ មុន​ក្លាយជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​បាន​ក្លាយជា​អ្នកជំនួញ​ស្រូវ​អង្ករ​លេចធ្លោ​ម្នាក់​បាត់ទៅហើយ តាមរយៈ​ការនាំចេញ​អង្ករ​សរីរាង្គ ទៅកាន់​ទីផ្សារ​អន្តរជាតិ​រាប់ម៉ឺន​តោន នៅក្នុង​មួយឆ្នាំៗ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅ​ការិយាល័យ​ក្រុមហ៊ុន អេ​ម​រុ​រា​យស៍ ក្នុង​ខណ្ឌឫស្សីកែវ លោក សុង សារ៉ន ដែលមាន​សម្បុរ​សណ្ដែក​បាយ បាន​រម្លឹកថា គ្រា​ដែល​រៀន​បរិញ្ញាបត្រ​នៅ​កម្ពុជា លោក​បាន​សិក្សា​បណ្តើរ និង​ធ្វើការ​ស្ម័គ្រចិត្ត​បណ្តើរ ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​។ បន្ទាប់ពី​រៀន​ចប់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​២០០៤ លោក​បានធ្វើ​ការងារ​ជាមួយ​អង្គការ​មួយ​របស់​អាល្លឺម៉ង់ ដែល​ផ្តល់ជំនួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដាច់ស្រយាល ដូចជា ផ្តល់នូវ​ជំនាញ​វិជ្ជាជីវៈ បច្ចេកទេស ពូជ កសិផល និង​រក​ទីផ្សារ​ជូន​កសិករ​។  
 
​ជា​មនុស្ស​ម៉ឺងម៉ាត់ ម៉ត់ចត់ លោក សុង សារ៉ន បន្ត​រៀបរាប់​ក្នុង​សម្តី​មួយៗ​ថា​៖ «​ការស្វែងយល់​ពី​សហគម​ន៍​នេះ ខ្ញុំ​បាន​ដើរ​គ្រប់​ខេត្ត​ក្រុង ដើម្បី​ស្វែងយល់​ពី​ការរស់នៅ​របស់គាត់​។ ខ្ញុំ​បាន​បន្តធ្វើ​ការផ្តល់​ការគាំទ្រ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រហូតដល់​ឆ្នាំ​២០១២ ទើប​ជីវិត​ក្នុង​អង្គការ​សង្គម​ស៊ីវិល​ត្រូវបាន​បញ្ចប់​។ ក្រោយ​បញ្ចប់​ការងារ​នៅ​អង្គការ​សង្គម​ស៊ីវិល ខ្ញុំ​បាន​ចូលធ្វើ​ការងារ​ជា​អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រា​យស៍ ដើម្បី​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​មានការ​រីកចម្រើន តាមរយៈ​ការបម្រើ​ដល់​ចង្វាក់​នៃ​ផ្គត់ផ្គង់​ទាំងមូល មិនមែន​តែ​នាំចេញ​មួយ​មុខ​ទេ​។ តាមពិតទៅ ក្រុមហ៊ុន​អេ​ម​រុ​រាយ​ស៍ បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១១ ប៉ុន្តែ​កាលនោះ ក្រុមហ៊ុន​ត្រូវបាន​ដឹកនាំ​ដោយ​ភរិយា​ខ្ញុំ និង​បង​ខ្ញុំ​»​។​
 
​ការទទួលបាន​បទពិសោធ​ន៍​ជោគជាំ​ក្នុង​វិស័យ​ស្រូវ​អង្ករ ជាមួយ​អង្គការ​សង្គម​ស៊ីវិល រួមផ្សំ​នឹង​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​ផង​នោះ បានធ្វើ​ឲ្យ លោក សុង សារ៉ន អាចដឹកនាំ​ក្រុមហ៊ុន មានការ​រីកចម្រើន​ជា​លំដាប់ និង​បាន​ចូលរួមចំណែក​ជួយ​សង្គម​យ៉ាងសកម្ម រហូត​ទទួលបាន​ងារ​ជា​ឧកញ៉ា​ពី​ព្រះមហាក្សត្រ​កម្ពុជា នៅ​ឆ្នាំ​២០១៦​ទៀតផង​។ បច្ចុប្បន្ន ក្រុមហ៊ុន អេ​ម​រុ​រា​យស៍ មាន​បុគ្គលិក​ជាង​១៥០​នាក់ និង​មាន​បណ្តាញ​កសិករ​ជិត​១​ម៉ឺន​គ្រួសារ នៅ​រាយប៉ាយ​១០​ខេត្ត​នៃ​ប្រទេស​កម្ពុជា​។ បណ្តាញ​កសិករ​របស់​ក្រុមហ៊ុន​នេះ អាច​ផលិត​ស្រូវ​បាន​៦​ម៉ឺន​តោន​នៅក្នុង​មួយឆ្នាំ លើ​ផ្ទៃដី​ជាង​២​ម៉ឺន​ហិកតា​។ ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​បាន​នាំចេញ​ស្រូវ ពីរ​ប្រភេទ គឺ​ស្រូវ​សរីរាង្គ និង​ស្រូវ​ចេ​តរ​ភាព​ទៅកាន់​ទីផ្សារ​អឺ​រុ​ប និង​បណ្តា​ប្រទេស​ចំនួន​ទៀត​នៅ​អាស៊ី​។   
 
​បើតាម សុង សារ៉ន ការងារ​នាំចេញ​ប្រកបដោយ​ចេរ​ត​ភាព មាន​គោលដៅ​លើ​៣​ចំណុច​៖ ទី​១៖ ផ្តល់ប្រាក់​ចំណេញ​ដល់​កសិករ ដល់​ខ្លួនឯង និង​សង្គមជាតិ​។ ទី​២៖ ការនាំចេញ ត្រូវ​បម្រើ​ប្រយោជន៍​ដល់​បរិស្ថាន ដោយ​មិន​បំផ្លាញ​ដី ដែលជា​ប្រព័ន្ធ​អេកូឡូស៊ី​។ ទី​៣៖ ចូលរួមចំណែក​ជួយ​ដល់​ការ​ការបន្ថយ​ការប្រែប្រួល​អាកាសធាតុ ដែល​កត្តា​ធ្វើ​ឲ្យ​ផលប៉ះពាល់​ដល់​ការដាំដុះ​របស់​កសិករ​។    
 
​ហេតុអ្វី​លោក សុង សារ៉ន ធ្វើ​ជំនួញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​?
 
​ជា​កូន​កសិករ​នៅ​ខេត្តកំពង់ចាម លោក សុង សារ៉ន ដែលជា​កូន​ទី​៤ ក្នុងចំណោម​បងប្អូន​៦​នាក់ បាន​ជាប់ចិត្ត​វិស័យ​ស្រូវ​អង្ករ​នេះ ក៏​ព្រោះ​មាន​ដូនតា​ជា​ឈ្មួញ​ស្រូវ​អង្ករ​ខ្នាតតូច និង​មាន​អនុស្សាវរីយ៍​ខ្លះ ដោយ​លោក​បាន​ឆ្លងកាត់​ការងារ​កសិកម្ម​កន្លង​មក​។ ការមើលឃើញ​ពី​សក្តានុពល​វិស័យ​ស្រូវ​អង្ករ​នោះ​ហើយ ទើប​លោក​បាន​ផ្តើម​សាកល្បង​លក់​អង្ករ តាមរយៈ​វេ​ប​សាយ​របស់​ក្រុមហ៊ុន Alibaba របស់​មហាសេដ្ឋី​ចិន​លោក Jack Ma​។ ក្រោយមក ក៏មាន​ឈ្មួញ​ជាច្រើន​ចាប់អារម្មណ៍ និង​បាន​ទំនាក់​ទ​នង​មក​លោក រហូត​ធ្វើដំណើរ​ទស្សនកិច្ច​មក​មើល​កន្លែង​ដាំ​ដុះ​នៅ​កម្ពុជា​ទៀតផង​។ 
 
​លោក​បាន​រៀបរាប់​បែបនេះ​៖ «​នៅក្នុង​ឆ្នាំ​២០១១,២០១២ ហ្នឹង ខ្ញុំ​គិតថា វិស័យ​ដែល​កម្ពុជា​អាចមាន​មុខមាត់​លេចធ្លោ គឺ​មានតែ​ស្រូវ​ទេ​។ យើង​មាន​ផ្នត់គំនិត​ទៅ​អ៊ីចឹង​។ ដូច្នេះ ទើប​យើង លើកកម្ពស់​ផ្សព្វផ្សាយ​តែ​ស្រូវ​ហ្នឹង​។ មូលហេតុ​ធំ​សំខាន់​នោះ គឺ​ពលរដ្ឋ​យើង​ចាប់ផ្តើម​ដឹងថា ខ្លួន​យើង​ធ្វើ​ស្រូវ​សល់ ហើយ​យើង​នឹង​សល់​បរិមាណ​ច្រើន​ទៀត​។ យើង​បានដឹង តាមរយៈ​របាយការណ៍​ស្រាវជ្រាវ​…​។ ប្រទេស​កម្ពុជា ងាក​ពី​ដាំ​ស្រូវ​ហូប ទៅជា​ដាំ​ដើម្បី​នាំចេញ​។ មិនមែន​តែ​ស្រូវ​ទេ ដំណាំ​អ្វី​ក៏​អាច​នាំចេញ​បានដែរ​។ យើង​ឃើញ​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែលជា​ទីផ្សារ​បើកចំហ និង​ទទួលស្គាល់​អង្ករ​កម្ពុជា​យើង ជាពិសេស​ប្រទេស​បារាំង​។ ខ្ញុំ​ក៏​ចាប់ផ្តើម​ផ្សព្វផ្សាយ​តាម Alibaba ទីបំផុត​ក៏​ចាប់ផ្តើម​មានការ​គាំទ្រ​ច្រើន​ពី​អ្នកទិញ​»​។    
 
​បើតាម​លោក សុង សារ៉ន ការនាំចេញ​ដំបូង​របស់​ក្រុមហ៊ុន​អេ​ម​រុ​រា​យស៍ គឺ​នាំចេញ​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ​ទៅ​ប្រទេស​បារាំង តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ប្រទេសជិតខាង​។ ប៉ុន្តែ បច្ចុប្បន្ន អេ​ម​រុ​រា​យស៍ បាន​ទិញ​អង្ករ​ពី​កសិករ​ផ្ទាល់ ៥០​ភាគរយ និង​៥០​ភាគរយ​ទៀត ទទួល​ទិញ​ពី​ម៉ាស៊ីនកិនស្រូវ​តាម​សហគមន៍​ផ្ទាល់ ដើម្បី​នាំ​អង្ករ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ដូចជា នៅ​អឺ​រុ​ប​ខាងកើត អឺរ៉ុប​ខាងលិច និង​ប្រទេស​មួយចំនួនទៀត​នៅ​អាស៊ី​។  
 
​អ្វីដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន Amru Rice ឬ​និយាយ​ឲ្យ​ចំ គឺ​លោក សុង សារ៉ន ផ្ទាល់ លេចធ្លោ​ក្នុង​វិស័យ​កសិកម្ម​នោះ គឺ​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​សហគមន៍​អ្នក​ដាំ​ដុះ ដែល​ត្រូវបាន​គេ​មើលឃើញថា​ជួយ​កសិករ​បាន​ច្រើន ពិសេស​ការធានា​ប្រមូល​ទិញស្រូវ​ពី​កសិករ​។ ក្រុមហ៊ុន​របស់លោក​បាន​ចាប់​ផ្ដើមធ្វើ​កិច្ចសន្យា​កសិកម្ម តាំងពី​ឆ្នាំ​២០១៣​មក ហើយ​ទទួលបាន​ជោគជ័យ​មកទល់​សព្វថ្ងៃ​នេះ​។ តែ​លោក សារ៉ន មិន​ត្រឹមតែ​ចង់​ឲ្យ​ម៉ូ​ឌែ​ល​អាជីវកម្ម​កសិកម្ម​ដ៏​ល្អ​មួយ​នេះ ផ្ដល់​ផល​ជោគជ័យ​សម្រាប់តែ​ក្រុមហ៊ុន​លោក​ប៉ុណ្ណោះ​នោះទេ​។​
 
​ឡើងកាន់តំណែង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ភ្លាម លោក សុង សារ៉ន ឲ្យ​អាទិភាព​លើ​កិច្ចសន្យា​កសិកម្ម  
 
​ស្លៀកពាក់​អាវ​ស​ខោ​ខ្មៅ អង្គុយ​គង​ទាក់​ខ្លា​លើ​សា​ឡុង​ក្នុង​ការិយាល័យ​ក្រុមហ៊ុន​អេ​ម​រុ​រា​យស៍ លោក សុង សារ៉ន បាន​អត្ថាធិប្បាយ​ថា នៅពេល​រដូវ​ប្រមូល​ផល​ម្តងៗ កសិករ​តែងតែ​រអ៊ូរ​ទាំ​ពី​ការ​សង្កត់​តម្លៃ​របស់​រោង​ម៉ាស៊ីនកិនស្រូវ ដែល​ធ្វើ​ឲ្យ​កសិករ​ខាតបង់​។ លោក​ពន្យល់ថា បញ្ហា​នេះ គឺ​បណ្តាលមកពី​កង្វះ​ទំនាក់ទំនង រវាង​អ្នក​ផលិត និង​រោង​ម៉ាស៊ីនកិនស្រូវ ដែល​សហព័ន្ធ​ស្រូវ​អង្ករ បាន​លើក​យកមក​ធ្វើជា​យុទ្ធសាស្ត្រ​អាទិភាព​ក្នុងការ​ដោះស្រាយ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពប្រសើរ​គ្រប់ភាគី​ពាក់ព័ន្ធ​។    
 
​លោក​ពន្យល់ថា​៖ «​មានតែ​កិច្ចសន្យា​កសិកម្ម​ទេ ដើម្បី​កាត់បន្ថយ​គំលាត​រវាង​អ្នក​ផលិត និង​អ្នក​កែច្នៃ​នាំចេញ ឲ្យ​ទាប មានន័យថា ឲ្យ​ជាប់​គ្នា​តែម្តង កុំ​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា​ពេក​។ អ៊ីចឹង ការបង្កើត​កិច្ចសន្យា​កសិកម្ម​នេះ គឺជា​ចំណង​មួយ​ជួយ​ពួកគាត់​ឲ្យ​ធ្វើការ​ជាមួយគ្នា​។ ទី​ពីរ ជួយ​គ្នា​ទៅវិញទៅមក ព្រោះ មានតែ​រោង​ម៉ាស៊ីនកិនស្រូវ​ទេ ដែល​ដឹងថា ខ្លួនឯង​ចង់បាន​អី ចង់​កិន​អី ចង់​ទិញ​អី និង​ចង់​ឲ្យ​កសិករ​ដាំ​អី​។ អ៊ីចឹង មានតែ​កិច្ចសន្យា​កសិកម្ម​ហ្នឹងឯង ដែលមាន​ចែងថា ចង់បាន​អី​នៅក្នុង​ហ្នឹង​។ ទី​បី បំពេញ​ការខ្វះខាត​ទៅវិញ​ទៅមក​។ ជាទូទៅ ទីផ្សារ​គេ​មាន យើង​អត់​មាន​ស្រូវ ដល់ពេល​ទីផ្សារ​អត់​មាន តែ​ស្រូវ​បែរជា​សម្បូរ ដោយសារតែ​យើង​អត់​បាន​និយាយ​គ្នា ថា យើង​ចង់បាន​អី គាត់​ចង់​ដាំ​អី​។ អ៊ីចឹង វា​ធ្វើ​ឲ្យ​ជល់​ទីផ្សារ ធ្វើ​ឲ្យ​ខាតបង់​ទាំងអស់គ្នា​ទាំង​កសិករ​ក៏​ខាត រោង​ម៉ាស៊ីន​ក៏​ខាត​។ ទី​៤ ងាយស្រួល​ក្នុងការ​ជជែក ក្នុងការ​រៀបចំ​ផែន​ការដាំដុះ​មុន កុំ​ឲ្យ​ដាំ​ហើយ បា​នរក​ទីផ្សារ ត្រូវ​រក​ទីផ្សារ មុននឹង​ដាំ​ដុះ​…»​។   
 
​ក្រៅពី​កិច្ចសន្យា​កសិកម្ម លោក សុង សារ៉ន បាន​ផ្តោតលើ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៥​បន្ថែមទៀត ដូចជា​៖ ១. ការពង្រីក​ទីផ្សារ​អង្ករ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន និង​ចិន​។ ២. ការរៀបចំ​ទុន​ទិញស្រូវ​ពី​កសិករ​ប្រមាណ​១​លាន​តោន​ចាប់ពី​ខែកញ្ញា​រហូតដល់​ខែធ្នូ​ចុងឆ្នាំ​នេះ​។ ៣. ការលើកកម្ពស់​ការកែ​ច្នៃ​សំណល់​ស្រូវ ដូចជា កន្ទក់ អង្កាម ដើម្បី​ផ្តល់​ចំណូល​បន្ថែម​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​។ ៤. ការបញ្ចុះ​ថ្លៃដើម​ចំពោះ​ការផលិត​របស់​កសិក​រ និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​។ ៥. ការអភិវឌ្ឍន៍​ពូជស្រូវ​ល្អៗ និង​បញ្ចូល​បច្ចេកវិទ្យា​ទំនើប​ចូលទៅក្នុង​វិស័យ​កសិកម្ម​។  


រូបភាពពីហ្វេសប៊ុកលោក សុង សារ៉ន
 
​លោក សុង សារ៉ន​៖ «​កុំ​ប្រកួតប្រជែង​គ្នាឯង តែ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​»
 
​ក្នុង​តំណែង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន សង្កត់ធ្ងន់ថា កន្លងមក នៅក្នុង​វិស័យ​ស្រូវ​អង្ករ មាន​បញ្ហា​មួយចំនួន ដូចជា កង្វះ​ការ​ចងក្រង​គ្នា​ជា​សហគមន៍​កសិករ និង​កា​រដ​ណ្តើ​រ​គ្នា​ទិញស្រូវ ដែល​បញ្ហា​នេះ បង្ក​ផលប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ​កម្ពុជា​។   
 
​លោក​រៀបរាប់​បន្តថា​៖ «​កសិករ​នីមួយៗ ប្រមូល​ផល​ហើយ​លក់ អត់​មានការ​ចងក្រង​គ្នា​ទេ​។ បើ​យើង​ចងក្រង​គ្នា យើង​អាច​ប្រាប់​គ្នា​បាន ថា រោង​ម៉ាស៊ីន ក ដែល​កុងត្រា​ជាមួយ​យើង​ជា​សហគមន៍​ហ្នឹង ឧទាហរណ៍ ថា គាត់​ចង់បាន​នៅ​ថ្ងៃទី​២៣ តែ​៥០​តោន​ទេ ព្រោះ​ពេញ​ឡ​គាត់​ហើយ​។ ថ្ងៃទី​២៤ ៦០​តោន ឬ​១០០​តោន​…​គេ​ធ្វើ​អ៊ីចឹង​។ អាហ្នឹង គេ​ចែកគ្នា​រស់​។ តែបើ​យើង​មិនបាន​និយាយ​គ្នា ថ្ងៃទី​២៣​មក ២០០​តោន ហើយ​ឡស​ម្ងួ​ត​ទទួល​បានតែ​៥០​តោន​។ អ៊ីចឹង បាន​ផ្តើម​បន្ទោស​គ្នា​ទៅវិញទៅមក ថា អ្នកនេះ មិន​ព្រម​ទិញ អ្នកនោះ​មិន​ព្រម​ទិញ​»​។ 
 
​ដោយឡែក រោង​ម៉ាស៊ីនកិនស្រូវ​វិញ លោក សុង សារ៉ន ស្នើ​កុំ​ឲ្យ​ដណ្តើម​គ្នា​ទិញ និង​លក់​ស្រូវ ព្រោះតែ​វា​ជាការ​ប្រកួតប្រជែង​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ចង្វាក់​ផលិតកម្ម​ទាំងមូល​។  «​យើង​នឹង​រៀបចំ​ផែនការ​ហ្នឹង ទៅតាម​តំបន់​ម៉ាស៊ីន​ដែល​នៅក្បែរៗ​គាត់​(​កសិករ​)​។ ថ្ងៃនេះ​ត្រូវការ​ប៉ុណ្ណេះ​។ ថ្ងៃស្អែក ម៉ាស៊ីន​ខាង​ណោះ​ត្រូវការ​ប៉ុន្មាន​? ម៉ាស៊ីន​ខាង​នេះ​ត្រូវការ​ប៉ុន្មាន​? ទូទាំង​ខេត្ត​មាន​១០០​ម៉ាស៊ីន ជា​ឧទាហរណ៍​។ អ៊ីចឹង ចែកគ្នា​ទៅ កុំ​ដណ្តើម​គ្នា​លក់ ដណ្តើម​គ្នា​ទិញ ព្រោះ​បើ​ដ​ណ្តើ​រ​គ្នា​ច្រូត ដណ្តើម​គ្នា​លក់ និង​ទិញ ងាប់​ហើយ​។ សម័យ​នេះហើយ យើង​មិនត្រូវ​ដណ្តើម​ទៀត​ទេ ព្រោះ​ត្រូវ​គិតពី​ពាណិជ្ជកម្ម និង​ប្រាក់ចំណេញ​។ បើ​យើង​គិតតែ​ដ​ណ្តើ​រ​គ្នា​លក់ ដើម្បី​តែ​លក់ អ៊ីចឹង​អ្នកផ្សេង​ដែល​ច្រូត​មិនទាន់ គឺ​ងាប់​ហើយ​។ យើង​កុំ​ធ្វើការ ដែល​ប្រកួតប្រជែង​គ្នាឯង​ពេក ត្រូវ​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​យើង កុំ​ប្រកួត​គ្នា​យើង​។ ដូច្នេះ មានតែ​កិច្ចសន្យា​កសិកម្ម ការ​ជែក​គ្នា និង​រៀបចំ​ក្រុម​ធ្វើ​ការងារ​ជាមួយគ្នា​ហ្នឹងឯង​»​។ នេះ​ជាការ​អះអាង​របស់​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អាណត្តិ​ទី​៣​នេះ​។ 
 
​បន្ទាប់ពី​ធ្វើការ​ជាមួយ​បណ្តាញ​កសិករ​៦០​សហគមន៍ និង​បាន​នាំចេញ​អង្ករ​សរីរាង្គ​ទៅ​ក្រៅប្រទេស​ជា​រៀងរាល់ឆ្នាំ លោក សុង សារ៉ន ប៉ង​ពង្រីក​បណ្តាញ​កសិករ​រ​បស់​ខ្លួន ឲ្យ​បាន​១០​ម៉ឺន​នាក់ ដើម្បី​ជួយ​កសិករ​ឲ្យ​បាន​កាន់​ច្រើន​។ នៅ​ថ្ងៃ​អនាគត កូន​កសិករ​រូបនេះ ក្រៅពី​ចង់ឃើញ​អង្ករ​ខ្មែរ ឈរជើង​បាន​រឹងមាំ​ក្នុង​ទីផ្សារ​អន្តរជាតិ​ហើយ​នោះ លោក​មាន​មហិច្ឆតា​ក្លាយជា​មនុស្ស​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ម្នាក់​នៅក្នុង​ថ្នាក់​តំបន់ និង​ពិភពលោក ៕                   
 

Tag:
 សុង សារ៉ន​
 Amru rice
 ​ស្រូវ​
 ​អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com