កីឡាជាតិ
ជាតិ
កីឡាករ​ល្បុក្កតោ ឌឹ​ប ង៉ែត ជាប់​ជាតា​រា​ក្បាច់គុន​សម្តែង​ល្អ​ជាងគេ ក្នុងការ​ប្រកួត​លំដាប់​ពិភពលោក​នៅ​កូរ៉េ​
01, Sep 2019 , 2:29 pm        
រូបភាព
កីឡាករ ឌឹប ង៉ែត ទទួលបានជ័យលាភីជាតារាក្បាច់គុនសម្តែងបានល្អជាងគេក្នុងការប្រកួតនៅប្រទេសកូរ៉េខាងត្បូង
កីឡាករ ឌឹប ង៉ែត ទទួលបានជ័យលាភីជាតារាក្បាច់គុនសម្តែងបានល្អជាងគេក្នុងការប្រកួតនៅប្រទេសកូរ៉េខាងត្បូង
ដោយ:
​អ្នកលេង​គុន​ល្បុក្កតោ ឌឹ​ប ង៉ែត ទទួលបាន​ជ័យលាភី​ជា​តារា​ក្បាច់គុន​មានការ​សម្តែង​ល្អ​ជាងគេ ក្នុងការ​ប្រកួត​ជ្រើសរើស​តារា​សម្តែង​ក្បាច់គុន​លំដាប់​ពិភពលោក Audition Global Action Star នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​តារា​ក្បាច់គុន​មកពី​៤០​ប្រទេស​ចូលរួម​។ លោក អ៊ួ តារា ចាត់ទុក​លទ្ធផល​នេះ​ថា វា​ជា​មោទកភាព​សម្រាប់​គុន​ល្បុក្កតោ​និង​ប្រទេសជាតិ​ទាំងមូល ដែលមាន​កីឡាករ​ជាប់​ជាតា​រា​សម្តែង ដោយមាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។ លោក​សង្ឃឹមថា តាមរយៈ​លទ្ធផល​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់ ពិសេស​បង្កើត​ទីផ្សារ​ភាពយន្ត​កាន់តែ​ច្រើនសម្រាប់​កីឡាករ​។​

 
​កីឡាករ ឌឹ​ប ង៉ែត សមាជិក​តារា​សម្តែង Stunt Team នៃ​គុន​ល្បុក្កតោ​កម្ពុជា ស្ថិតក្នុង​ចំណោម​តារា​ក្បាច់គុន​ទាំង​៥​ប្រទេស ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត Audition Global Action Star នៅ​សាធារណរដ្ឋ​កូរ៉េ​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​៣​ដំណាក់កាល​កីឡាករ ឌឹ​ប ង៉ែត ទទួលបាន​ជ័យលាភី​តារា​ក្បាច់គុន​មានការ​សម្តែង​ល្អ​ជាងគេ ខណៈ​តារា​ក្បាច់គុន​មកពី​៤​ប្រទេស​ផ្សេងទៀត ទទួលបាន​ជ័យលាភី​រៀងៗ​ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។​


 
​ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ក្បាច់គុន​អន្តរជាតិ International Martial Art Film Festival ដែលមាន​តារា​ក្បាច់គុន​មកពី​៤០​ប្រទេស​ចូលរួម ខណៈ​កម្ពុជា​ដាក់​បេក្ខជន​ពីររូប​ឲ្យ​ចូលរួម​ប្រកួតប្រជែង តែ​ម្នាក់ទៀត​មិន​ទទួលបាន​ជ័យលាភី​នោះទេ​។ បើតាម​លោក តារា គណៈកម្មការ​ដាក់ពិន្ទុ និង​កាត់ក្តី​ក្នុងការ​ប្រកួត សុទ្ធសឹង​ជាតា​រា​ក្បាច់គុន​ជើងចាស់ ផលិតករ​ភាពយន្ត និង​គ្រូបង្វឹក​ក្បាច់គុន​។​
 
«​វា​ជា​មោទកភាព​សម្រាប់​កម្ពុជា​យើង​មួយ​ដែរ ទោះបី​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ក្បាច់គុន ប៉ុន្តែ​វា​បាន​ជួយ​លើកមុខ​មាត់​ជាតិ​យើង​តាមរយៈ​គុន​ល្បុក្កតោ​និង​ទេពកោសល្យ​កីឡាករ​។ ព្រោះ​ក្រោយ​យើង​ឈ្នះ ដែលមាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ធ្វើ​ឲ្យ​ផលិតករ​ភាពយន្ត ក៏ដូចជា​តួ​សម្តែង​ក្បាច់គុន​ចាប់អារម្មណ៍​ពី​ក្បាច់គុន​ខ្មែរ​កាន់តែច្រើន​។ លើសពីនេះ គ្រាន់តែ​គេ​ដឹងថា​យើង​ជា​ខ្មែរ គឺ​គេ​ស្គាល់​ពី​គុន​ល្បុក្កតោ​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក អ៊ួ តារា​។ 
 
​គួររំលឹកថា លោក អ៊ួ តារា ត្រូវបាន​មហោស្រព​ភាព​ក្បាច់​គុនអន្តរជាតិ International Martial Art Film Festival អញ្ជើញ​ឲ្យ​ធ្វើជា​វាគ្មិន ដើម្បី​ចែករំលែក​ពី​របៀប​ថត​ខ្សែភាពយន្ត Action ដោយ​ប្រើ​គុន​ល្បុក្កតោ​។ តួឯក​ក្នុង​រឿង Jailbreak ការពារ​ឧក្រិដ្ឋជន​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង សម្រាប់​ការចែករំលែក​នេះ​៕ 







Tag:
 គុន​ល្បុក្កតោ​
  ឌឹ​ប ង៉ែត​
  អ៊ួ តារា
© រក្សាសិទ្ធិដោយ thmeythmey.com