ភពព្រះអង្គារ ដែលជាភពនៅក្នុងគន្លងទី៤បន្ទាប់ពីព្រះអាទិត្យ ទទួលបានការចាប់អារម្មណ៍ពីសហគមន៍អ្នកវិទ្យាសាស្ត្រ ជាពិសេសពីសំណាក់ប្រទេសមហាអំណាចខាងសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ពេលនេះគឺ អ្នកវិទ្យាសាស្ត្រគ្រោងនឹងបញ្ជូនយន្តហោះដ្រូនទៅកាន់ភពនេះនៅឆ្នាំ ២០២០ ហើយវានឹងទៅដល់នៅអំឡុងឆ្នាំ ២០២១ខាងមុខ។
ផ្កាយរណបរបស់ អង្គការវិទ្យាសាស្ត្រ NASA ដែលមានឈ្មោះថា Mariner ទី៤ បានក្លាយជាយានដំបូងដែលមានហោះកាត់ព្រះអង្គារ និងបានទាញយកទិន្នន័យជារូបភាពមួយចំនួនអំពីភពមួយនេះ ក្នុងឆ្នាំ១៩៦៥។
នៅក្នុងឆ្នាំ១៩៧៦ យានអវកាស Viking ទី១របស់ NASA បានក្លាយជាយានសំខាន់ដំបូងគេមួយទៀតដែលបានបង្កើតជាគន្លងធ្វើដំណើរជុំវិញ និងបានចុះចតផ្នែករបស់វានៅលើភពក្រហមមួយនេះ។ នៅក្នុងឆ្នាំ១៩៩៧ យាន Rover ដំបូងគេមានឈ្មោះថា Path Finder របស់សហរដ្ឋអាមេរិក បានក្លាយជាយានចល័តទីមួយដែលមានកង់សម្រាប់ធ្វើដំណើរក្នុងចម្ងាយខ្លីៗនៅលើភពនេះដែរ។
ប៉ុន្តែនៅក្នុងឆ្នាំ២០២០ខាងមុខនេះ អង្គការ NASA នឹងបង្ហោះយានមួយប្រភេទទៀតដែលប្រើប្រាស់វិធីសាស្ត្រធ្វើដំណើរថ្មីមួយដែលមិនធ្លាប់មានអ្នកធ្វើពីមុនមក។
គេហទំព័ររបស់អង្គការ NASA ផ្ទាល់បានចុះផ្សាយអំពីបេសកម្មថ្មីរបស់ខ្លួនជាមួយនឹងការស្រាវជ្រាវបន្តទៀតនៅលើសណ្ឋានដីដ៏អាថ៌កំបាំងនៃភពអង្គារ នៅខែកក្កដាឆ្នាំ២០២០ខាងមុខនេះ។
បន្ទាប់ពីការបញ្ជូនយានដែលនៅស្ងៀម យានដែលអាចធ្វើដំណើរលើដីដោយប្រើប្រាស់កង់ នៅឆ្នាំក្រោយនេះ NASA នឹងចាប់ផ្តើមប្រើប្រាស់យានដែលមានលក្ខណៈដូចជាដ្រូន ដែលមានឈ្មោះថា Mars Helicopter ។ នេះមិនមានជាយានដំបូងដែលបានហោះហើរនៅក្នុងបរិយាកាសនៃភពផ្សេងនោះទេ។
ក្រុមអវកាសរបស់សូវៀតក៏ធ្លាប់ប្រើប្រាស់បាឡុងដែលភ្ជាប់ជាមួយនឹងផ្កាយរណបនៅលើបរិយាកាសនៃភពសុក្រផងដែរ ក្នុងបេសកម្ម VeGa នៃឆ្នាំ១៩៨៤។ តែអ្វីដែលពិសេសជាងគេគឺថា Mars Helicopter ជាយានដែលប្រើប្រាស់ថាមពលដោយខ្លួនឯង ហើយមានលក្ខណៈធ្ងន់ជាខ្យល់។
ចំពោះ VeGa វិញ គេមិនបានប្រើប្រាស់ថាមពលដោយខ្លួនឯងដើម្បីហោះនោះទេ។ វាអាចហោះបានដោយសារតែបរិមាណសម្ពាធខុសគ្នានៅក្នុង និងក្រៅបាឡុងទៅវិញទេ ហាក់ដូចជាប៉េងប៉ោងនៅលើភពផែនដីដែរ។
តាំងពីឆ្នាំ២០១៣មក បច្ចេកវិទ្យាមួយនេះត្រូវបានគេបង្កើតឡើងនៅក្នុងស្ថាប័ន Jet Propulsion Laboratory (JPL) ដែលជាស្ថាប័នសំខាន់មួយនៃអង្គការ NASA ខាងបច្ចេកវិទ្យាយានអវកាស។ អ្នកស្រាវជ្រាវត្រូវជឿជាក់ថា ឧបករណ៍ដែលមានភាពអស្ចារ្យក្នុងការស្រាវជ្រាវភពផ្សេងទៀតមួយនេះ ត្រូវតែមានលក្ខណៈតូច រឹងមាំខ្លាំង ហើយស្រាល ទោះបីជាវាត្រូវធ្វើការនៅក្នុងបរិស្ថានមួយដែលលំបាកក្តី។
Mars Helicopter មានទម្ងន់ប្រមាណជា១.៨គីឡូក្រាម ជាមួយនឹងតួរម៉ាស៊ីនមានទំហំប្រហាក់ប្រហែលនឹងកូនបាល់តូចមួយ ឬទំហំបាតដែរមនុស្សពេញវ័យ រួមទាំងនឹងស្លាបរង្វិលចំនួនពីរនៅលើ។ ស្លាបទាំងពីរនោះនឹងមានចលនារង្វិលយ៉ាងលឿនប្រមាណ៣ពាន់ជុំក្នុងមួយនាទី។ ១០ដងលឿនជាងវង្វិលជុំនៃឧទ្ធម្ភាគចក្រនៅលើភពផែនដី។
នេះគឺដោយសារតែកម្រាស់បរិយាកាលដ៏ស្តើងនៅលើភពអង្គារ។ នៅក្នុងឆ្នាំ១៩០៣ បងប្អូនត្រកូល Wright បានបង្ហាញពីភាពជោគជ័យនៃការហោះហើរនៅលើភពផែនដី។ ក្នុងរយៈពេលខ្លីខាងមុខនេះ ការហោះហើរក្នុងលំនាំស្រដៀងគ្នាត្រូវបានគេធ្វើឡើងនៅលើភពផ្សេង។
គេបានភ្ជាប់វាជាមួយនឹងបន្ទះសូឡាព្រះអាទិត្យ និងថ្មអីយ៉ុងលីចូម សម្រាប់ថាមពល។ គេមិនអាចបញ្ជាយានមួយនេះផ្ទាល់ភ្លាមៗពីភពផែនដីនោះទេ ដោយសារតែចម្ងាយដ៏ឆ្ងាយរវាងភពទាំងពីរ។ ក្នុងចម្ងាយនេះ ទិន្នន័យត្រូវប្រើប្រាស់ពេលច្រើននាទីក្នុងការឆ្លើយឆ្លង មិនស្រួលប៉ុន្មាននោះទេសម្រាប់ដ្រូនមួយដែលកំពុងធ្វើដំណើរលើភពផ្សេងមួយទៀត ក្នុងល្បឿនមួយលឿនគួរសមដែរ។ វាអាចធ្វើដំណើរបានលើអាកាសប្រមាណជា៩០វិនាទីក្នុងពេលម្តងៗ ជាមួយនឹងរយៈកម្ពស់១០ម៉ែត្រពីដី។
Mars Helicopter នឹងត្រូវបានគេបង្ហោះឡើងជាមួយនឹងរ៉ុក្កែត Altas V នៅខែកក្កដាឆ្នាំ២០២០ខាងមុខពីស្ថានីយបង្ហោះ Cape Canaveral នៃរដ្ឋ Florida ហើយការចុះចតនឹងត្រូវបានគេរំពឹងទុកនៅក្នុងខែកុម្ភៈឆ្នាំ២០២១។
ទាំងនេះគឺជាជំហានដែលគេធ្វើឡើងសម្រាប់ការប្រមូលព័ត៌មានសំខាន់នានាមកសិក្សា និងជាបទពិសោធន៍ជាច្រើននៅថ្ងៃខាងមុខទៀត ជាពិសេសវត្តមានរបស់មនុស្សដែលគេនឹងរំពឹងចាប់ផ្តើមពីឆ្នាំ២០៣០ទៅ៕