សៀមរាប៖ ក្នុងកិច្ចការដើម្បីការអភិរក្សនិងស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ អ្នកបុរាណវិទូបានធ្វើការលើវិធីសាស្ដ្រជាច្រើន ក្នុងនោះមានការធ្វើកំណាយជាដើម។ នៅប្រាសាទបន្ទាយក្ដី កាលពីពេលថ្មីៗនេះ ក្រុមអ្នកបុរាណវិទូនៃសាកលវិទ្យាល័យសូហ្វីយ៉ានិងអាជ្ញាធរជាតិអប្សរា បានបន្តការធ្វើកំណាយនៅក្នុងបរិវេណប្រាសាទនេះក្នុងបំណងដើម្បីដឹងពីរចនាសម្ព័ន្ធរបស់ប្រាសាទ និងដើម្បីប្រៀបធៀបលើលទ្ធផលដែលបានធ្វើនាពេលកន្លងមក។
ចង់ដឹងថា កំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្ដីដែលមានរចនាបថដូចប្រាសាទតាព្រហ្មមានអ្វីខ្លះ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ក្រុមអ្នកបុរាណវិទ្យាមកពីសាកលវិទ្យាល័យសូហ្វីយ៉ា អាជ្ញាធរជាតិអប្សរា និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ ទើបនឹងបញ្ចប់ការស្រាវជ្រាវតាមរយៈកំណាយនៅបរិវេណប្រាសាទបន្ទាយក្ដី។ មានរចនាបថដូចប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដីក៏មានទីតាំងស្ថិតនៅជ្រុងខាងកើតឆៀងខាងត្បូងនៃកំពែងប្រាសាទតាព្រហ្មនេះដែរ។ កំណាយនេះបានចាប់ផ្តើមពីថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី២១ ខែសីហា។
លោក ញឹម សុធាវិន្ទ បុរាណវិទូនិងជាអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានរំលឹកពីប្រវត្តិអំពីការសិក្សាស្រាវជ្រាវដំបូងនៅប្រាសាទបន្ទាយក្ដី បានចាប់ផ្តើមពីឆ្នាំ២០០០និង២០០១ ដែលនៅពេលនោះបានរកឃើញបដិមាព្រះពុទ្ធសាសនា ២៧៤ អង្គ។ កំណាយជាបន្តបន្ទាប់ធ្វើឡើងដើម្បីចង់ដឹងពីការវិវត្ដន៍នៃសំណង់នៃប្រាសាទបន្ទាយក្ដី ថាតើសម័យកាលមានការវិវត្ដន៍ពីណាទៅណា។
សម្រាប់ការធ្វើកំណាយនៅលើកនេះ លោក ញឹម សុធាវិន្ទ ពន្យល់ថា គឺជាកំណាយនៅខឿនព្រះពុទ្ធសាសនា ដែលសង់នៅអំឡុងស.វទី១៦ គឺនៅក្រោយពេលដែលប្រទេសខ្មែរដូរសាសនាពីព្រហ្មញ្ញសាសនា មកគោរពព្រះពុទ្ធសាសនាមហាយានក្នុងស.វទី១៤។ អ្នកបុរាណវិទូរូបនេះពន្យល់ថា៖« ...មូលហេតុដែលយើងដឹង (ដូរសាសនា) គឺតាមរយៈការរកឃើញសិលាចារឹកមួយជាភាសាបាលី ព្រោះកាលយើងនៅគោរពសាសនាព្រហ្មញ្ញមហាយាន គេប្រើសំស្ក្រឹត ដល់ឆ្នាំ១៣០៨និង១៣០៩ យើងរកឃើញភាសាបាលី។ ដូច្នេះហើយ ទើបមានខឿនហ្នឹង នៅអង្គរធំមានច្រើន ខ្មែរយើងហៅថាសម័យកណ្ដាល ចំណែកបារាំងហៅសម័យក្រោយអង្គរ»។
លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានឱ្យដឹងថា ការធ្វើកំណាយនៅឆ្នាំ២០១៩នេះ គឺធ្វើនៅទីតាំងនៃសំណង់មួយហៅថា «ខឿនព្រះពុទ្ធសាសនា» ក្នុងគោលបំណងចង់បញ្ជាក់បន្ថែមលើកំណាយកាលពីឆ្នាំ១៩៩៥និង១៩៩៦ ដែលបានធ្វើនៅផ្នែកខាងលិចនៃខឿនព្រះពុទ្ធសាសនានេះ។ កាលនោះក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញកោដ្ឋដាក់ឆ្អឹងខ្លះដែលជាភាជន៍ចិនផលិតក្នុងរវាងស.វ.ទី១៦និង១៧។ លើកនេះ បានបើករណ្ដៅធ្វើកំណាយនៅផ្នែកខាងកើត ដើម្បីចង់ដឹងថា តើមានកោដ្ឋដែលគេយកមកបញ្ចុះនៅទីតាំងខឿនព្រះពុទ្ធសាសនានេះទៀតដែរឬទេ? ហើយក៏ចង់ស្វែងយល់អំពីទំនាក់ទំនងនៃរចនាសម្ពន្ធរបស់ខឿនព្រះពុទ្ធសាសនា និងសំណង់ថ្មបាយក្រៀម ដែលអ្នកជំនាញឱ្យឈ្មោះថា C19 រួមទាំងសំណង់មួយទៀតដែលគេមិនទាន់ដឹងអំពីតួនាទីពិតប្រាកដ។ បើតាមការបញ្ជាក់ពីលោក ញឹម សុធាវិន្ទ ថ្វីត្បិតមិនអាចកំណត់កាលបរិច្ឆេទនៃសំណង់ C19 ក្ដី ប៉ុន្តែគេយល់ថា វាសាងមុនខឿនព្រះពុទ្ធសាសនា នេះបើពិនិត្យមើលលើស្ថានភាពគ្រឹះនៃសំណង់ដែលគេធ្វើកំណាយឃើញ។ អ្នកជំណាញនឹងធ្វើកំណាយបញ្ជាក់ម្ដងទៀតនៅឆ្នាំក្រោយ ដើម្បីស្វែងយល់លម្អិតអំពីរចនាសម្ពន្ធរបស់សំណង់ទាំងពីរនេះ។
សម្រាប់កំណាយរយៈពេល២១ថ្ងៃនេះ អ្នកបុរាណវិទូបានប្រទះឃើញកោដ្ឋចំនួន៣ ចានដាក់ឆ្អឹងចំនួន៣ និងដបទឹកចំនួន៤ ហើយអាចមានច្រើនជាងនេះប្រសិនបើពង្រីករណ្ដៅកំណាយបន្ថែម ដោយសារស្ថិតនៅទីតាំងបញ្ចុះនៃខឿនព្រះពុទ្ធសាសនា។ យ៉ាងណា បើការពិនិត្យជាក់ស្ដែងសម្ភារទាំងនេះគឺជារបស់ថ្មី អាចរវាង៤០ទៅ៦០ឆ្នាំប៉ុណ្ណោះ។ បើតាមការអះអាងរបស់អ្នកភូមិរហាល ក្នុងអំឡុងឆ្នាំ១៩៨០ មានអ្នកភូមិរហាលនិងស្រះស្រង់ ដែលមានទីតាំងក្បែរប្រាសាទ បានយកកោដ្ឋមកបញ្ចុះនៅទីនេះ ខ្លះយកទៅបញ្ចុះនៅអង្គរវត្ត។ កាលពីទសវត្សឆ្នាំ១៩៧០ ពេលដែលមានការទម្លាក់គ្រាប់បែកខ្លាំង អ្នកភូមិនៅក្បែរបន្ទាយក្ដីក៏បាននាំគ្នាមករស់នៅក្នុងបរិវេណប្រាសាទនេះច្រើន ដើម្បីសុវត្ថិភាព។ ពេលនោះក៏មានគេយកកោដ្ឋសាច់ញាតិមកបញ្ចុះនៅជុំវិញខឿនព្រះពុទ្ធសាសនានេះដែរ។ រហូតដល់សព្វថ្ងៃ ពេលចូលឆ្នាំខ្មែរ និងមុនភ្ជុំបិណ្ឌ អ្នកភូមិតែងតែមករៀបចំពិធីនៅទីនេះ ដើម្បីរំឭកដល់សាច់ញាតិដែលបានចែកស្ថានទៅ។ នេះបើតាមការស្រាវជ្រាវរកឃើញរបស់លោក ញឹម សុធាវិន្ទ ដោយបញ្ជាក់ថា ក្រុមការងាររបស់លោកនឹងស្រាវជ្រាវបន្តរកសាច់ញាតិដែលបានយកកោដ្ឋមកបញ្ចុះនៅទីតាំងនេះ ដើម្បីដឹងព័ត៌មានលម្អិតក្រោយចប់កំណាយ។
សូមបញ្ជាក់ថា ក្នុងរយៈពេលជិត៣០ឆ្នាំនេះ ក្រុមអ្នកបុរាណវិទ្យាបានយល់អំពីការវិវឌ្ឍន៍និងសម័យកាលរបស់រចនាសម្ពន្ធនៃសំណង់នីមួយៗ។ ទោះបីសំណង់នៃប្រាសាទបន្ទាយក្ដីបានសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ក្ដី ប៉ុន្តែក្នុងនោះក៏បានរកឃើញរចនាសម្ពន្ធនៃសំណង់ខ្លះនៅស.វ.ទី១០ និងទី១១ដែរ។ បើយោងតាមសិលាចារឹកស្ដុកកក់ធំ (K.235) ចារនៅក្នុងឆ្នាំ១០៥១គ.ស ទីតាំងនៃប្រាសាទនេះមានមនុស្សមកតាំងទីបង្កើតជាភូមិ ស្រុកនៅដើមស.វទី៩ ដែលសូម្បីតែឈ្មោះនៃប្រាសាទនេះ "ក្ដី" ក៏មានចារនៅក្នុងសិលាចារឹកស្ដុកកក់ធំ និងសិលាចារឹកប្រាសាទបាតជុំ (K.266) ដែរ។ ក្រៅពីនេះគេក៏បានធ្វើកំណាយរកឃើញវត្ថុសិល្បៈជាច្រើននៅក្នុងបរិវេណបន្ទាយក្ដី ជាពិសេសនៅឆ្នាំ២០០០និង២០០១។ កំណាយពេលនោះបានរកឃើញប្រតិមាព្រះពុទ្ធរូបចំនួន២៧៤បំណែក ហើយនៅឆ្នាំ២០១០ រកឃើញចំនួន៦បំណែកទៀត ដែលសព្វថ្ងៃប្រតិមាទាំងនោះដាក់តាំងនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ៕