ជាតិ
សេដ្ឋកិច្ច
រយៈពេល៨ខែ រមណីយដ្ឋានអង្គររកចំណូលបានជិត៧០លានដុល្លារ ធ្លាក់ចុះជិត១២%
× ភ្នំពេញ៖ រយៈពេល៨ខែ ឆ្នាំ២០១៩ រមណីយដ្ឋានអង្គររកចំណូលបានជិត ៧០លានដុល្លារ ពីភ្ញៀវទេសចរបរទេសជាង ១លាននាក់ ដែលបានមកទស្សនាតំបន់អង្គរវត្ត។ ប្រាក់ចំណូលនេះ ថយចុះ ១១.៨២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយថ្ងៃទី ១ ខែកញ្ញា បានឲ្យដឹងថារយៈពេល៨ខែ ឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេសចំនួន ១,៥៥១,៨៣៦នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលពីការលក់សំបុត្រ មានចំនួន ៦៩,៤៦៤,២១៧ ដុល្លារ ថយចុះ១១.៨២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
ដោយឡែកបើគិតតែក្នុងខែសីហា ឆ្នាំ២០១៩វិញ ចំណូលពីការលក់សំបុត្រមានចំនួន ៧,១៥៤,០៥៨ដុល្លារ ពីភ្ញៀវទេសចរបរទេសចំនួន ១៥៨,១២៤នាក់។ ចំនួនភ្ញៀវទេសចរបរទេសនៅក្នុងខែសីហា ធ្លាក់ចុះដល់ទៅជាង២១ភាគរយ បើធៀបនឹងចំនួនភ្ញៀវនៅក្នុងខែសីហា ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com