ជាតិ
សេដ្ឋកិច្ច
លោក សុង សារ៉ន​៖«​កុំ​ប្រកួតប្រជែង​គ្នាឯង​ខ្លាំងពេក តែ​ប្រកួត​ជាមួយ​ប្រទេសជិតខាង​យើង​»
02, Sep 2019 , 7:59 am        
រូបភាព
រូបពីហ្វេសប៊ុកលោក សុង សារ៉ន
រូបពីហ្វេសប៊ុកលោក សុង សារ៉ន
ដោយ:
​ភ្នំពេញ​៖ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ទើប​ជាប់ឆ្នោត​ថ្មី លោក សុង សារ៉ន បាន​មើលឃើញ​បញ្ហា​មួយ​ក្នុង​ចង្កោម​បញ្ហា​ក្នុង​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា នោះ​គឺ​ការមិន​ស៊ីសង្វាក់​គ្នា​ក្នុងចំណោម​ក្រុម​កសិករ រោង​ម៉ាស៊ីនកិនស្រូវ​-​អ្នកប្រមូល​ទិញស្រូវ​។



​ប្រសាសន៍​លោក សុង សារ៉ន ៖



 
​លោក សុង សារ៉ន បាន​ប្រាប់​អ្នកយកព័ត៌មាន​របស់ thmeythmey.com ដែល​ទៅ​សម្ភាស​ពី​ប្រវត្តិ​ជីវិត​រូបលោក​ផ្ទាល់ យ៉ាង​ដូច្នេះ​ថា​៖«​កសិករ​នីមួយៗ ប្រមូល​ផល​ហើយ​លក់ អត់​មានការ​ចងក្រង​គ្នា​ទេ​។ បើ​យើង​ចងក្រង​គ្នា យើង​អាច​ប្រាប់​គ្នា​បាន ថា រោង​ម៉ាស៊ីន ក ដែល​កុងត្រា​ជាមួយ​យើង​ជា​សហគមន៍​ហ្នឹង គាត់​ចង់បាន​នៅ​ថ្ងៃទី​២៣ ឧទាហរណ៍ តែ​៥០​តោន​ទេ ព្រោះ​ពេញ​ឡ​គាត់​ហើយ​។ ថ្ងៃទី​២៤ ៦០​តោន ឬ​១០០​តោន​…​គេ​ធ្វើ​អ៊ីចឹង​។ អាហ្នឹង គេ​ចែកគ្នា​រស់​។ តែបើ​យើង​មិនបាន​និយាយ​គ្នា ថ្ងៃទី​២៣​មក ២០០​តោន ហើយ​ឡស​ម្ងួ​ត​ទទួល​បានតែ​៥០​តោន​។ អ៊ីចឹង បាន​ផ្តើម​បន្ទោស​គ្នា​ទៅវិញទៅមក ថា អ្នកនេះ មិន​ព្រម​ទិញ អ្នកនោះ​មិន​ព្រម​ទិញ​»​។ 


 
​ចំពោះ​រោង​ម៉ាស៊ីនកិនស្រូវ​វិញ លោក សុង សារ៉ន ស្នើ​កុំ​ឲ្យ​ដណ្តើម​គ្នា​ទិញ​លក់​ស្រូវ ព្រោះ​វា​ជាការ​ប្រកួតប្រជែង​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ខូច​ដល់​សង្វាក់​ផលិតកម្ម​ទាំងមូល​។ លោក​ឲ្យ​ដឹង​ដូចនេះ​ថា​៖«​យើង​នឹង​រៀបចំ​ផែនការ​ហ្នឹង ទៅតាម​តំបន់​ម៉ាស៊ីន​ដែល​នៅក្បែរៗ​គាត់​(​កសិករ​)​។ ថ្ងៃនេះ​ត្រូវការ​ប៉ុណ្ណេះ​។ ថ្ងៃស្អែក​ម៉ាស៊ីន​ខាង​ណោះ​ត្រូវការ​ប៉ុន្មាន​? ម៉ាស៊ីន​ខាង​នេះ​ត្រូវការ​ប៉ុន្មាន​? ទូទាំង​ខេត្ត​មាន​១០០​ម៉ាស៊ីន ជា​ឧទាហរណ៍​។ អ៊ីចឹង ចែកគ្នា​ទៅ កុំ​ដណ្តើម​គ្នា​លក់ ដណ្តើម​គ្នា​ទិញ ព្រោះ​បើ​ដណ្តើម​គ្នា​ច្រូត ដណ្តើម​គ្នា​លក់ និង​ទិញ ងាប់​ហើយ​»​។ 
 
​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​AmruRice រូបនេះ ជំរុញ​ឲ្យ​អ្នកពាក់ព័ន្ធ ប្រកាន់​នូវ​របៀប​ដែល​ធ្វើ​ឲ្យ​ចំណេញ​ទាំងអស់គ្នា ហើយ​ចៀសវាង​ការប្រកួត​ដណ្ដើម​គ្នា ដែល​នាំ​ឲ្យ​ខាតបង់​ទៅវិញ​ទេ​។ «​សម័យ​នេះហើយ យើង​មិនត្រូវ​ដណ្តើម​ទៀត​ទេ ព្រោះ​ត្រូវ​គិតពី​ពាណិជ្ជកម្ម និង​ប្រាក់ចំណេញ​។ បើ​យើង​គិតតែ​ដណ្តើម​គ្នា​លក់ ដើម្បី​តែ​លក់ អ៊ីចឹង​អ្នកផ្សេង​ដែល​ច្រូត​មិនទាន់ គឺ​ងាប់​ហើយ​។ យើង​កុំ​ធ្វើការ ដែល​ប្រកួតប្រជែង​គ្នាឯង​ពេក ត្រូវ​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​យើង កុំ​ប្រកួត​គ្នា​យើង​។ ដូច្នេះ មានតែ​កិច្ចសន្យា​កសិកម្ម ការ​ជែក​គ្នា និង​រៀបចំ​ក្រុម​ធ្វើ​ការងារ​ជាមួយគ្នា​ហ្នឹងឯង​»​។ នេះ​ជាការ​អះអាង​របស់លោក សុង សារ៉ន ៕ 


 

Tag:
 ស្រូវ អង្ករ​
  សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com