អន្តរជាតិ
ហេតុអ្វី ពេលខ្លះ​ភ្លើង​ឆេះ​ព្រៃ​ផ្តល់​ផល​ល្អ​សម្រាប់​ព្រៃ​?
02, Sep 2019 , 8:29 am        
រូបភាព
​បើ​ស្តាប់​ភ្លាម ករណី​ភ្លើង​ឆេះ​ព្រៃ​មិនមែនជា​អ្វីដែល​មនុស្ស​ចង់​ឲ្យ​កើតឡើង​គ្រប់ពេលវេលា​នោះទេ​។ ភ្លើង​ឆេះ​ព្រៃ​អាច​បំផ្លាញ​ទ្រព្យសម្បតិ្ត​ប្រជាជន ឆក់យក់​ជីវិត​មនុស្ស​សត្វ ខាតបង់​ថវិកា និង​បង្កើត​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។ ប៉ុន្តែ​នៅក្នុង​ធម្មជាតិ មិនមែន​រឿងរ៉ាវ​ដែល​មនុស្ស​ភាគច្រើន​គិតថា​អាក្រក់​សុទ្ធតែ​អាក្រក់​នោះទេ​។ ចំពោះ​ព្រៃឈើ​នៅតាម​តំបន់​មួយចំនួន ភ្លើង​ឆេះ​គឺជា​រឿង​ចំណេញ ដោយសារ​វា​ជួយ​ឲ្យ​មាន​ភាព​យូរអង្វែង​នៃ​កូនឈើ​ជំនាន់​ក្រោយ​។

 
​គេហទំព័រ​របស់​អង្គការ​សត្វព្រៃ​ពិភពលោក WWF និង How Stuffs Work បាន​រៀបរាប់ថា ភ្លើង​ឆេះ​ព្រៃតូចៗ​គឺជា​ហេតុផល​ចម្បង​ក្នុងការ​ទប់ស្កាត់​បញ្ហា​ភ្លើះ​ឆេះ​ព្រៃធំៗ​ដែល​អាច​កើតឡើង​ក្នុងពេល​អនាគត​។ ពេលខ្លះ អាជ្ញាធរ​ព្រៃ​អាចបង្កើត​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃតូចៗ ដោយមាន​ការគ្រប់គ្រង​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​នូវ​ការ​ស្តុក​ទុក​នូវ​បរិមាណ​កាបូន​ច្រើនពេក​។ 
 
​បរិមាណ​កាបូន​ទាំងនេះ មាន​សណ្ឋាន​ជា​មែកឈើ ឬ​កម្ទេច​ឈើ​ទាំងឡាយ​នៅក្នុង​ព្រៃ​។ ការដុត​បរិមាណ​កាបូ​ន​ខ្លះ​ចោល អាចជួយ​កាត់បន្ថយ​បញ្ហា​ភ្លើង​ឆេះ​ខ្លាំង​ហួស​កម្រិត​។ ទោះបី​មិនមាន​វត្តមាន​របស់​ម​នុស្ស​ក្នុងការ​អន្តរាគមន៍​ក្តី ព្រៃ​មួយចំនួន​ក៏​អាចបង្កើត​ឲ្យ​មាន​ភ្លើង​ឆេះ​តូចៗ​ដោយ​ឯកឯង​ដែរ ក្នុង​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ម្តង ដើម្បី​កាត់បន្ថយ​បរិមាណ​កាបូន ដូច​ការរៀបរាប់​ខាងលើ​។ ចំហេះ​ទាំងនេះ ក៏មាន​នាទី​សំខាន់​ក្នុង​ការផ្តល់​ឳ​កាស​ឲ្យ​កូនឈើ​តូចៗ ដែល​ទើបនឹង​ដុះ​ឡើង​អាច​ទទួល​ជីវជាតិ​ក្នុង​ដី និង​ពន្លឺព្រះអាទិត្យ​បាន​គ្រប់គ្រាន់​ផងដែរ​។​
 
 នេះ​គឺ​ដោយសារតែ ព្រៃធំៗ​អាច​បាំង​ពន្លឺព្រះអាទិត្យ​ជិត មិនអាច​ឲ្យ​គ្រាប់​ឈើ​ដែល​ទើបនឹង​ជ្រុះ​នោះ​ទទួលបាន​ការលូតលាស់​ល្អ​នោះទេ​។ កូនឈើ​តូចៗ​ទាំងនោះ នឹង​ងើប​មកវិញ ជាមួយនឹង​បរិមាណ​នៃ​សារធាតុចិញ្ចឹម​ខ្ពស់ មាន​ប្រយោជន៍​សម្រាប់​ពពួកសត្វ​រុក្ខា​សី​។ 
 
​ចុះ​ចំពោះ​សត្វ​ដែល​រស់នៅ​ក្នុងព្រៃ​វិញ តើ​វា​អាច​រងគ្រោះថ្នាក់​ដែរឬទេ បើ​មាន​ភ្លើង​ឆេះ​កើតឡើង​? សត្វ​ទាំងនេះ​អាច​ទទួល​នូវ​ផលប៉ះពាល់​តិចតួច​ដែរ​។ ទោះបីជា​យ៉ាងនេះ​មែន សត្វព្រៃ​អាច​ដឹង​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​បាន​ឆាប់រហ័ស ដូចជា​ហិតក្លិន​ជាដើម​។ ដូចនេះ​ពួកវា​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការរត់​រក​កន្លែង​សុ​វត្តិភាព​។ ចំពោះ​សត្វល្អិត និង​ថនិកសត្វ​តូចៗ ពួកវា​អាច​ជ្រកកោន​នៅតាម​រន្ធ​ខាងក្រោម​ដី​។ 
 
​សត្វ​តូចៗ​ទាំងនេះ នឹង​ស៊ី​ដើម​រុក្ខជាតិ​ដែល​បាន​ឆេះ​រួច ក្រោយមក​ធំធាត់ និង​បន្ត​ក្លាយជា​អាហារ​សម្រាប់​សត្វ​ធំៗ​ដែល​ត្រឡប់មកវិញ​ដទៃទៀត​។ បើតាម​គេហទំព័រ BBC ភ្លើង​ឆេះ​ព្រៃ​ត្រូវបាន​គេ​រកឃើញថា វា​បាន​កើតឡើង​អស់​រយៈពេល​ប្រមាណ​ជា​១២៥ លាន​ឆ្នាំ​មកហើយ នៅពេលដែល​ពពួក​រុក្ខជាតិ​នានា​វិ​វត្ត​មក​ឡើង​លើដី​។ ប្រភេទ​គ្រាប់​នៃ​ដើម​ស្រល់​នៅតាម​តំបន់​មួយចំនួន​ទាមទារ​ភ្លើង​ឆេះ ដែលមាន​សីតុណ្ហភាព​ក្តៅ​គួរសម​ដើម្បី​បើក និង​រីកលូតលាស់​។ Eucalyptus ដែលជា​រុក្ខជាតិ​មួយ​ប្រភេទ ផលិត​សារធាតុ​ប្រេង​ម្យ៉ាង​ដែលមាន​នាទី​ក្នុង​ការបង្ក​ឲ្យ​មាន​ចំហេះ​ល្អ​។ ប៉ុន្តែ​ក្នុង​រយៈ​ចុងក្រោយ​នេះ មនុស្ស​បានធ្វើការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ដែលមាន​ប្រយោជន៍ កាប់បំផ្លាញ​ដើមឈើ​សំខាន់ សម្រាប់​វិស័យ​កសិដ្ឋាន និង​ទីលំនៅ​រស់នៅ​។ សកម្មភាព​ទាំងនេះ​បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ទៅកាន់​ដំណើរ​រស់នៅ​នៃ​រុក្ខជាតិ ដែល​បង្ក​ឲ្យ​ព្រៃ​មួយចំនួន​មាន​ភ្លើង​ឆេះ​កាន់តែខ្លាំងៗ​ឡើង និង​ញឹកញាប់​ជាង​មុន​៕

Tag:
 ភ្លើង​ឆេះ​ព្រៃ​
 ​ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com