ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គ្រោះរាំងស្ងួត​បង្ខំ​ឱ្យ​ពលរដ្ឋ​មួយចំនួន​នៅ​ឧ​ត្ត​រ​មានជ័យ កាប់​ឈើ​ដុត​ធ្វើ​ធ្យូង​ដើម្បី​រស់​
02, Sep 2019 , 8:59 am        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ ស្ទើរ​ទូទាំង​ខេត្ត​ឧ​ត្ត​មានជ័យ​ជួប​គ្រោះរាំងស្ងួត​ប្រមាណ​ជា​២​ឆ្នាំ​មកហើយ​។ ប្រជាជន​មួយចំនួន​ដែល​រស់នៅក្នុង​ឃុំ​បុ​ស្បូវ ស្រុក​សំរោង  ខេត្ត​ឧ​ត្ត​មានជ័យ ត្រូវ​បង្ខំចិត្ត​កាប់​ឈើ​ក្នុង​ដីស្រែ​របស់ខ្លួន យកទៅ​ដុត​ធ្វើ​ធ្បូ​ង ដើម្បី​រកប្រាក់​ផ្គង់​ផ្គង់​ជីវភាព​គ្រួសារ​។ ទោះ​ដឹងថា​ខុសច្បាប់ ប៉ុន្តែ​ប្រជាជន​ថាបើ​មិន​ធ្វើបែបនេះ​ទេ ពួកគេ​នឹង​ដាច់បាយ​ស្លាប់ ព្រោះ​គ្រោះរាំងស្ងួត​នៅ​២​ឆ្នាំ​ចុង​ក្រោយនេះ បាន​បំផ្លាញ​ស្រូវ​របស់​ពលរដ្ឋ​ស្ទើរតែ​ទាំងស្រុង​ទៅហើយ​។ លោក ម៉ុ​ន ហៃ មេភូមិ នៃ​ភូមិ​ក្រសាំង​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​ដាច់ចិត្ត​ឃើញ​ប្រជាជន​វេទនា ពេលខ្លះ​ក៏​អនុគ្រោះ​ឱ្យ​អ្នកក្រីក្រ​ខ្លាំង កាប់​ឈើ​ពី​ស្រែ​របស់ខ្លួន​ខ្លះ យកទៅ​ដុត​ធ្វើ​ធ្យូង​លក់​។


 
​តទៅ​នេះ លោកអ្នក​នឹង​ដឹង​ពី​ជីវភាព​របស់​គ្រួសារ​មួយចំនួន ក្នុងភូមិ​ក្រសាំង នា​ស្រុក​សំរោង តាមរយៈ​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ កញ្ញា ប៉ូ សា​គុន​។ សូម​ស្ដាប់​បទ​យកការណ៍​ដូចតទៅ​៖



 
​ខ្ញុំ​បានធ្វើ​ដំណើរ​តាមផ្លូវ​មួយចំនួន ក្នុងស្រុក​សំរោង ដែលមាន​វាលស្រែ នៅ​អម​សងខាង​ផ្លូវ​។ ដើមឈើ​ធំៗ​ដុះ​រាយ​គ្នា​យ៉ាង​រង្វើល លើ​វាលស្រែ​ដែលមាន​ស្រូវ​ដ៏​ស្វិត​រញម ដោយ​ខ្លះ​ប្រែជា​ពណ៌​ក្រហម ខុសពី​សភាព​ធម្មជាតិ​ដែលមាន​ពណ៌​ខៀវស្រងាត់​នោះ​។ ចូលដល់​រដូវវស្សា​នេះ ខេត្ត​ជាច្រើន​ក្នុងប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ ខណៈពេល​ស្រុក​សំរោង ជាពិសេស​ក្នុងភូមិ​ក្រសាំង មិនមាន​ភ្លៀង​ធ្លាក់​ឡើយ​។ ព្រោះតែ​គ្រោះរាំងស្ងួត​នៅ​២​ឆ្នាំ​ចុង​ក្រោយនេះ បណ្ដាលឱ្យ​អ្នកភូមិ​ធ្វើ​ស្រូវ​មិនបាន​ផល ទើបបានជា​ពួកគេ​បង្ខំចិត្ត កាប់​ឈើ​ក្នុង​ដីស្រែ​យកទៅ​ដុត​ធ្វើ​ធ្យូង​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​។


 
​ធ្វើដំណើរ​សឹង​ពេញ​មួយថ្ងៃ នាពេល​ព្រលប់​ខ្ញុំ​បាន​ទៅ​ជួប​សម្ភាសន៍​ជាមួយ​គ្រួសារ​មួយ ដែល​បាន​កាប់​ឈើ​ពី​ក្នុង​ដីស្រែ​របស់ខ្លួន​យកមក​ដុត​ធ្វើ​ធ្យូង​។ រលះរលាំង​ចុះពីលើផ្ទះ​មក​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ​ក្បែរ​ខ្ញុំ អ្នកស្រី ឆន ណៃ អះអាងថា​កាលពី​ឆ្នាំមុន អ្នកស្រី​ប្រមូល​ផល​ស្រូវ​បានតែ​២​កន្ដាំង​តែប៉ុណ្ណោះ​លើ​ផ្ទៃដី​២​ហិកតា​។ ស្រី​វ័យ​៤១​ឆ្នាំ​រូបនេះ ថា​របរ​ដុត​ធ្យូង​បាន​ជួយ​ដោះបំណុល​ធនាគារ និង​ជួយ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​បាន​ខ្លះ​៖«​ខ្ញុំ​រក​អ្វី​មិន​បានទេ​។ ខ្ញុំ​ជំពាក់​ប្រាក់​អង្គការ​ផង អត់បាយ​ផង ណា​ប្រា​ក់កូន​រៀន​ទៀត បាន​ដុត​ធ្យូង​នេះហើយ​ជួយ​បាន​ខ្លះ​។ ស្រូវ​ងាប់​អស់ ដី​២​ហិកតា​បាន​ស្រូវ​តែ​២​កន្ដាំង​។ ខ្ញុំ​កាប់​តែ​ឈើ​ណា​ដែល​តូចៗ​ប្រើការ​ជា​ប្រយោជន៍​មិនបាន​ទេ​»​។


 
​ចំណែក​លោក អៀន អៀក វិញ មាន​ឡ​២​សម្រាប់​ដុត​ធ្យូង​។ ឡ​របស់​បុរស​សម្បុរ​ខ្មៅ​មាឌតូច​រូបនេះ នៅ​ចំ​ពីមុខ​ផ្ទះ​របស់​អ្នកស្រី ឆន ណៃ តែ​នៅ​ម្ខាង​ផ្លូវ​ម្នាក់​។ នា​ម៉ោងជាង​៧​យប់ កសិករ​រូបនេះ ទើបតែ​ដឹកឈើ​ចេញពី​ព្រៃ​មកដល់​ភូមិ​តែប៉ុណ្ណោះ​។ បុរស​រួសរាយ​រូតរះ​លើក​អុស​ចេញពី​គោយន្ត​ជាមួយ​ប្រពន្ធ និង​កូនប្រុស អាយុ​ជាង​១០​ឆ្នាំ​ម្នាក់ ទាំង​មេឃងងឹត​។


 
​មានតែ​ពិល​តូច​មួយ​ប៉ុណ្ណោះ ដើម្បី​ផ្ដល់​ពន្លឺ​សម្រួល​ដល់​ការងារ បុរស​កូន​៣​នាក់​រូបនេះ ក៏​ត្អូញត្អែរ​ពី​ផល​លំបាក ដែល​បណ្ដាល​ពី​គ្រោះរាំងស្ងួត​ដែរ​៖«​កាលពី​ឆ្នាំមុន​ខ្ញុំ​ធ្វើ​ស្រូវ​បាន​តិចតួចស្ដួចស្ដើង​ណាស់​។ ដី​១​ហិកតា ធ្វើ​ស្រូវ​បាន​ប្រាក់​២​ទៅ​៣​ម៉ឺន​បាត ខ្ញុំ​យកប្រាក់​ទៅ​សង​អង្គការ​។ ឆ្នាំនេះ ស្រូវ​មិនបាន​ផល​ទេ ងាប់​អស់ហើយ​»​។




 
​មេភូមិ​ក្រសាំង លោក ម៉ុ​ន ហៃ បានដឹង​ច្បាស់ ពី​ទុក្ខលំបាក​របស់​កសិករ នៅ​ក្នុងភូមិ​របស់ខ្លួន​។ មេភូមិ​រូបនេះ និយាយ​ទាំងអស់​សង្ឃឹមថា ព្រៃឈើ​ក្នុង​តំបន់​របស់លោក​ត្រូវអស់ ដោយសារតែ​ប្រជាជន​ទាល់ច្រក​៖«​មូលហេតុ​ទាំងអស់នេះ​បណ្ដាលមកពី​សេដ្ឋកិច្ច​។ ទីផ្សារ​ទិញ​ធ្យូង​មកពី​ថៃ ហើយ​ព្រៃឈើ​សព្វថ្ងៃនេះ អស់​ដោយសារតែ​ធ្យូង​នេះឯង​»​។




 
​លោក​បន្ថែម​៖«​បងប្អូន​អស់ជម្រើស​។ អ្នក​មិនអាច​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ គាត់​បាន​ធ្យូង​នេះហើយ ចិញ្ចឹម​គ្រួសារ និង​ដោះបំណុល​។ គាត់​ខ្ចីប្រាក់​មីក្រូហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ស្រែស​ម្ការ ប៉ុន្តែ​ជាង​២​ឆ្នាំនេះ វេទនា​មែនទែន​។ អ្នកខ្លះ រកតែ​មួយ​កញ្ជើ​ធ្វើ​ពូជ​ក៏​គ្មាន ព្រោះ​អត់​មាន​ភ្លៀង​សោះ​»​។ 
 
​ភាព​ទាល់ក្រ​របស់​អ្នកភូមិ​ក្រសាំង មិនមែន​មកពី​គ្រោះរាំងស្ងួត​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ក៏​មកពី​បញ្ហា​ទីផ្សារ​កសិផល​ផងដែរ​។ នេះ​បើតាម​លោក​មេភូមិ ហៃ​។ «​អ្នកខ្លះ​ទៅ​ថៃ​រកប្រាក់​មក​ដោះបំណុល​។ កាល​ឆ្នាំ​ធ្វើ​ដំឡូង​បាន​ផល​ល្អ បែរជា​តម្លៃថោក​។ ដល់​គាត់​ឈប់​ដាំ ដំឡូង​ឡើងថ្លៃ​។ ពេល​ដំឡូង​ឡើងថ្លៃ អត់​មាន​ភ្លៀង ដាំ​មិនបាន​។ បងប្អូន​ទាំងអស់​សំណូមពរ​ថា បើ​មិនឱ្យ​គាត់​ដុត​ធ្យូង គាត់​មិនដឹង​ទៅរក​អ្វី​ទេ​»​។




 
​ងាក​មក​កសិករ ឆន ណៃ វិញ​។ អ្នកស្រី​បាន​ប្រាប់​ពី​តម្លៃ​លក់​ធ្យូង​ដូច្នេះ​៖«​មួយ​ការុង បានតែ​១០,០០០ ឬ​៩,០០០​រៀល​ប៉ុណ្ណឹង​។ ថោក​ឬ​ថ្លៃ ក៏​មិនដឹង​ធ្វើ​យ៉ាងម៉េច​ដែរ បើ​ទាល់​ទៅហើយ​»​។​
​ទម្រាំ​តែ​បាន​ធ្យូង​លក់ គេ​ត្រូវយក​អុស​ដែល​កាត់​ជា​កង់​រួច​នោះ ទៅ​ដុត​ក្នុង​ឡ ដែល​ធ្វើ​ពី​ដីឥដ្ឋ​លាយ​ជាមួយ​ចំបើង រយៈពេល​ប្រមាណ​ជា​៦​ថ្ងៃ​។ គេ​ត្រូវ​មើលថែ​ឡ​នោះ​រាល់ថ្ងៃ​។ នេះ​មិនទាន់​គិតពី​ការលំបាក ពេល​ទៅ​កាប់​ឈើ​ពី​ស្រែ​ផង​។ អ្នកស្រី ឆន ណៃ ពន្យល់​ដូច្នេះ​៖«​ដុត​ប្រហែល​៦​ថ្ងៃ ពេល​អុស​សុស​ហើយ យើង​ចុក​រន្ធ​បង្ហុយផ្សែង​ឱ្យ​ជិត ទុក​៥​យប់​ទៀត​។ យើង​ស្រោច​ទឹក​ដែល​លាយ​នឹង​ដី ១​ថ្ងៃ ១​ដង ទុក​យូរថ្ងៃ​ទៀត​ទម្រាំ​វារ​លត់​»​។



 
 
​ការដុត​ធ្យូង​មិនមែន​ងាយស្រួល​ឡើយ ពេលខ្លះ​ដុត​ខុស​បច្ចេកទេស ធ្វើឱ្យ​ធ្យូង​ខូច​ក៏មាន​។ នេះ​ជាការ​បញ្ជាក់​របស់លោក អៀន អៀក ៖«​បើសិនជា​អុស​នេះ​សើម យកទៅ​ដុត​វា​នឹង​ឆៅ​។ ធម្មតា​ដុត​ម្ដង​បាន ២០​ការុង​តែបើ​វា​ខូច បានតែ​៥​ការុង ឬ​១០​ការុង​តែប៉ុណ្ណោះ​។ ធ្យូង​ដែល​ខូច​នោះ អាច​យកទៅ​ដុត​ម្ដងទៀត​បាន​។ ធ្យូង​នេះ ១​ការុង ៨,០០០​រៀល​។ ខ្ញុំ​លក់​ម្ដង បាន​ប្រាក់​២០​ម៉ឺន​រៀល​។ ខ្ញុំ​យកទៅ​ទិញ​អង្ករ​ផង ឱ្យ​កូន​រៀន​ផង សល់​បន្តិចបន្តួច ខ្ញុំ​ទិញ​សាំង ទិញ​ដែកឆាប ធ្វើការ​បន្តទៀត​។ ប្រាក់​ដែល​សល់​ចំពោះ​ខ្ញុំ គឺ​មិនមាន​ទេ​»​។




 
​លោក អៀក អៀន អះអាងថា មាន​អ្នកភូមិ​ម្នាក់​ចិត្តល្អ ឱ្យ​លោក​ទៅ​កាប់​ឈើ​ក្នុង​ដី​របស់​បងប្រុស​គេ ដែល​បាន​លក់​ឱ្យ​ក្រុមហ៊ុន​រួច ព្រោះតែ​គេ​ឃើញថា លោក​ទាល់ក្រ​ពេក​៖«​កាលពីមុន​ខ្ញុំ​ទៅ​កាប់​ឈើ​ក្នុង​ដីស្រែ​ខ្លួនឯង ជាមួយ​ប្រពន្ធ​។ ថ្ងៃនេះ​ហេង មាន​ប្អូន​ម្នាក់ គាត់​ហៅ​ខ្ញុំ​ទៅ​កាប់​ឈើ​ក្នុង​ដី​របស់គាត់​។ គាត់​ថា​ដី​នោះ លក់​ឱ្យ​ក្រុមហ៊ុន​ហើយ​។ ខ្ញុំ​ថាបើ​ពិត​ដូច​នោះ​មែន​ខ្ញុំ​ទៅ​។ ខ្ញុំ​ប្រាប់​គាត់​ថា បើ​ពេល​ខ្ញុំ​ទៅ​កាប់ ស្រាប់​តែមាន​គេ​ចាប់ចង តើ​ឱ្យ​ខ្ញុំ​ដោះស្រាយ​យ៉ាងណា​? ព្រោះ​កូន​ខ្ញុំ​រៀន​ច្រើន ម្នាក់​រៀន​ថ្នាក់​ទី​១២ ម្នាក់​រៀន​ថ្នាក់​ទី​១១ ហើយ​ម្នាក់ទៀត​រៀន​ថ្នាក់​ទី​៩ ។ បើ​គេ​ចាប់ ខ្ញុំ​មិនអាច​រកប្រាក់​បានទេ​»​។




 
​លោក​បញ្ជាក់បន្ថែម​៖«​គាត់​ធានាថា​មិន​អី​ទេ ព្រោះ​ដី​នោះ​ជា​ដីរ​បស់បង​គាត់ ដែល​លក់​ឱ្យ​ក្រុមហ៊ុន​ហើយ គាត់​ឱ្យទៅ​កាប់​ទេ​។ គាត់​ជួយ​យកអាសា​ខ្ញុំ​ដែរ ព្រោះតែ​គាត់​ឃើញថា កូន​របស់ខ្ញុំ​រៀន​ច្រើន​។ ខ្ញុំ​ខ្ចីប្រាក់​អង្គការ ទិញ​កូន​ម៉ាស៊ីន​តូច​នោះ មួយ​៦០​ម៉ឺន​រៀល ដើម្បី​រកស៊ី​ចិញ្ចឹម​គ្រួសារ​»​។​
 
​ក៏​ជា​អ្នក​ដុត​ធ្យូង​មួយរូប​ដែរ លោក មុន ឈី ដែលមាន​អាយុ​៤៤​ឆ្នាំ និង​មាន​កូនស្រី​២​នាក់​នោះ ថា លោក​កាប់​តែ​ឈើ​ណា ដែល​មិនសូវមាន​ប្រយោជន៍​ពី​ក្នុង​ដីស្រែ​។ ចំណែក​ឈើ​ល្អៗ លោក​ទុក​ធ្វើ​ផ្ទះ​។ លោក មុន ឈី រៀបរាប់​ពី​ឈ្មោះ​ឈើ ដែលមាន​ក្នុង​ដី​របស់គាត់​៖«​ឈើ​ត្រាច ឈើ​ចំបក់ ឈើ​ពពាល ឈើ​ធ្នង់​។ ខ្ញុំ​កាប់​តែ​ដើម​ញ ឬ​ដើម​ណា ដែល​ធ្វើការ​អ្វី​មិនកើត​។ ផល​លំបាក​ចេះតែមាន តែ​មិនដឹង​ធ្វើយ៉ាងណា​? ទៅ​ថៃ​មិន​រួច​»​។




 
​ចំណែក​លោក​មេភូមិ ម៉ុ​ន ហៃ ត្អូញត្អែរ​ពី​ព្រៃឈើ​ដែល​ចេះតែ​បាត់បង់ ជា​រៀងរាល់ថ្ងៃ​។ «​សព្វថ្ងៃ​អស់​ដើមឈើ​រលីង​ហើយ​។ នៅតាម​ស្រែ ដែលមាន​ម្ចាស់​គេ​ជួយ​ថែ​ទៅ តែ​នៅតែមាន​អ្នក​លួច​ទៀត​។ ខ្ញុំ​ជា​អាជ្ញាធរ​ចង់​ប្រជុំ​ប្រាប់​រដ្ឋបាល​ផ្សេងៗ តែ​បងប្អូន​អង្វរ​ថា កុំ​ទាន់​ចាំ​បន្តិចទៀត​។ ដល់​បែបនេះ​វា​ពិបាក បិទ​ទៅ​វា​ស្រណោះ តែ​វា​បំផ្លាញ​បរិស្ថាន​មែន​ទែ​ម​។ ខ្ញុំ​ចង់​ស្រែកយំ​ព្រោះតែ​ស្រណោះ​ឈើ​។ ទោះបី​ខាង​រដ្ឋ​មានការ​ចាប់ ក៏​បងប្អូន​នៅតែ​ឆ្លៀត​»​។​
 
​ទោះបីជា​ការកាប់​ឈើ​ក្នុង​ដីស្រែ​របស់ខ្លួន ខុស​នឹង​ច្បាប់​ស្ដីពី​បរិស្ថាន​ក្ដី ប៉ុន្តែ​លោក​មេភូមិ​ថា​អាជ្ញាធរ​មូលដ្ឋាន បានឃើញ​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​ជាក់ស្ដែង ទើបបានជា​មានការ​អនុគ្រោះ​ខ្លះ​។ «​សព្វថ្ងៃនេះ រដ្ឋអំណាច​មើលឃើញ​ដែរ ថា​ប្រជាជន​វេទនា អត់​អី​ហូប​មែន ក៏​គេ​ចេះតែ​ធ្មេចភ្នែក​ទៅ​។ តែ​តាម​ការពិត​ខុសច្បាប់​ហើយ​។ រឿង​បរិស្ថាន​ក្នុង​ដីស្រែ យើង​ក៏​ប៉ះពាល់​ដែរ ព្រោះ​គេ​ចុះ​ក្នុង​រដ្ឋធម្មនុញ្ញ​»​។




 
​មេភូមិ​រូបនេះ​បាន​អះអាងថា កន្លងមក លោក​ព្យាយាម​ដោះស្រាយ​ស្ថានការណ៍ តាម​លទ្ធភាព​ដែរ ប៉ុន្តែ​គ្មាន​លទ្ធផល​។ លោក​ពន្យល់​ដូច្នេះ​៖«​បងប្អូន​ប្រជាពលរដ្ឋ តម្រូវ​ចិត្ត​មិនបាន ខ្លះ​ចង់ឱ្យ​បិទ​ឡធ្យូង ខ្លះ​មិន​ចង់ឱ្យ​បិទ​។ មនុស្ស​២ ទៅ​៣​រយ​គ្រួសារ យើង​គ្រប់គ្រង តែ​គ្នា​ប៉ុន្មាន​នាក់ ដូច្នេះ​វា​មានការ​លំបាក​។ ខ្ញុំ​ដោះស្រាយ​មិន​ចេញ​។ រដ្ឋអំណាច​ខាងលើ ចុះមក​សម្ភាសន៍​អ្នក​ដែល​ក្រីក្រ​ខ្លាំង ដើម្បី​ផ្ដល់​សេវា​ពេទ្យ មិនបាច់​បង់ប្រាក់ នោះបាន​ធូរ​បន្តិច​។ ប​ន្តែ​ទៅមុខទៀត​អ្នក​ទាំងនោះ ពិបាក​រស់ ព្រោះ​អត់​ណាស់​»៕


 
​លោក ម៉ុ​ន ហៃ ដែលជា​មេភូមិ​ក្រសាំង​បញ្ជាក់​បន្ថែមថា មិនមែន​មានតែ​ឃុំ​បុ​ស្បូវ​ឡើយ ដែលមាន​ការកាប់​ឈើ​ពី​ដីស្រែ យកទៅ​ដុត​ធ្វើ​ធ្យូង​លក់ ប៉ុន្តែ​ក៏មាន​ស្រុក​ផ្សេងៗ​ទៀត ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាប់​ដែរ​។​
 
​បើតាម​លោក អ៊ុង គឹម​ឡេង អនុប្រធាន​ការិយាល័យ​កសិកម្ម ក្រុង​សំរោង ស្ទើរតែ​នៅ​ទូទាំង​ខេត្ត​ឧ​ត្ត​មានជ័យ ជួប​គ្រោះរាំងស្ងួត ដោយមាន​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ ប្រមាណ​ជា​២​ឆ្នាំ​មកហើយ​។ លោក​បន្ថែមថា ភ្លៀង​ធ្លាក់​មិន​ទៀង​នេះ បណ្ដាលឱ្យ​ទិន្នផល​កសិកម្ម ក្នុង​ក្រុង​សំរោង​រង​ផលប៉ះពាល់​មួយចំនួន​។ ចំណែក​ការចុះ​វាយតម្លៃ​ផលប៉ះពាល់​ជារួម លោក អ៊ុង គឹម​ឡេង ថា​ត្រូវការ​កិច្ចសហការ ជាមួយ​អ្នកពាក់ព័ន្ធ​ច្រើន​ផ្នែក​។


អ៊ុង គឹមឡេង
 
​លោក គឹម​ឡេង បញ្ជាក់​ដូច្នេះ​៖«​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​តំបន់​ខ្ពង់រាប មិនមាន​ប្រភពទឹក និង​ប្រព័ន្ធ​ប្រឡាយទឹក​ច្រើន ដូច្នេះ​កសិករ គាត់​ធ្វើ​ស្រូវកណ្ដាល និង​ស្រូវធ្ងន់ ដោយ​ពឹង​លើទឹក​ភ្លៀង​។ យើង​អាច​ប៉ាន់ប្រមាណ​បាន​ខ្លះ​ថា ទិន្នផល​កសិកម្ម​ធ្លាក់ចុះ​។ ប៉ុន្តែ​ផលប៉ះពាល់​ទូទៅ​យើង​មិនអាច​និយាយ​បានទេ ព្រោះ​យើង​មិនទាន់បាន​ចុះទៅ​វាយតម្លៃ​ច្បាស់លាស់​»៕  
 

Tag:
 ធ្យូង​
  ប្រជាជន​
  មេភូមិ​
 ​ឈើ​
 ​ព្រៃ​
 ​ស្រូវ​
 ​កសិកម្ម​
  កសិករ​
  ម៉ុ​ន ហៃ​
© រក្សាសិទ្ធិដោយ thmeythmey.com