កីឡាអន្តរជាតិ
អន្តរជាតិ
បុរស​ស្វី​សវ័យ​៤៧​ឆ្នាំ ជិះ​កង់​កាត់​១៦​ប្រទេស​ត្រឹម​រយៈពេល​៦​ថ្ងៃ​
01, Sep 2019 , 6:03 pm        
រូបភាព
ដោយ: ធីតា
លោក Stephane Cand អ្នកជិះ​កង់​ជនជាតិ​ស្វី​ស បាន​ក្លាយជា​ម្ចាស់​កំណត់ត្រា​ថ្មី​ក្នុង​សៀវភៅ Guinness Book ដោយ​ជិះ​កង់​ឆ្លងកាត់​ដល់​ទៅ​១៦​ប្រទេស​ក្នុង​រយៈពេល​ត្រឹម​៦​ថ្ងៃ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Belga ដោយ​ម្ចាស់​កំណត់ត្រា​ចាស់ គឺ​បុរស​ជនជាតិ​ប៉ូឡូញ លោក Marek Dzienisiuk ដែល​បាន​ឆ្លងកាត់​១៤​ប្រទេស​ក្នុង​រយៈពេល​៧​ថ្ងៃ​។​



​អ្នកជិះ​កង់​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង Fribourg ប្រទេស​ស្វី​សរូប​នេះ បានចេញ​ដំណើរ​ពី​សាធារណរដ្ឋ​ឆេ​ក ហើយ​ឆ្លងកាត់​ប្រទេស​ជា​បន្តបន្ទាប់ រួមមាន ស្លូ​វ៉ា​គី ស៊ែ​ប៊ី ហុង​គ្រី បូ​ស្ន៊ី​-​ហឺ​ហ្សេ​ហ្គោ​វី​ណា ក្រូ​អាស៊ី ស្លូ​វេ​នី អូទ្រីស អ៊ីតាលី លិច​តិ​ញ​ស្តា​ញ អាល្លឺម៉ង់ ស្វី​ស បារាំង លុច​សំបួរ បែលហ្ស៊ិក បញ្ចប់​នៅ​ប្រទេស​ហូ​ឡង់​។​

​លោក Stephane Cand បាន​ទៅដល់​មុន​គោលដៅ​ដែល​ខ្លួន​បានកំណត់​មុន​មួយថ្ងៃ ពោលគឺ​ក្នុង​រយៈពេល​៦​ថ្ងៃ លោក​បាន​ឆ្លងកាត់​១៦​ប្រទេស លើ​ចម្ងាយ​សរុប​ជាង​២ ២០០​គីឡូម៉ែត្រ​។ ក្នុង​មួយថ្ងៃ លោក Cand ត្រូវធ្វើ​ដំណើរ​ក្នុង​រង្វង់​ជាង​៣០០​គីឡូម៉ែត្រ ដោយបាន​គេង​តែ​៣​ទៅ​៤​ម៉ោង​ប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ឆ្លងកាត់​ស្ថានភាព​អាកាសធាតុ​ផ្សេងៗ​គ្នា ជាពិសេស​ធាតុអាកាស​ដ៏​ត្រជាក់​នៅ​ហុង​គ្រី​។ ទោះបីជា​យ៉ាងណាក៏ដោយ​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់ ដោយ​សម្រេចបាន​ក្នុង​រយៈពេល​ត្រឹម​៦​ថ្ងៃ មិនមែន​៧​ថ្ងៃ​»​។​



​អ្នកជិះ​កង់​ស្វី​សរូប​នេះ ក៏បាន​បណ្តើ​រកង់​ក្នុង​រយៈពេល​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ផងដែរ ដោយ​ភាគច្រើន​នៅក្នុង​ប្រទេស​បែលហ្ស៊ិក និង​មុនពេល​ទៅដល់​គោលដៅ ដែលមាន​បងប្អូន​សាច់ញាតិ​នៅ​រង់ចាំ​ទទួល​។​

លោក Cand ដែលមាន​វ័យ​៤៧​ឆ្នាំ​ទៅហើយនោះ បាន​បំបែក​កំណត់ត្រា​អ្នកជិះ​កង់​ជនជាតិ​ប៉ូឡូញ លោក Marek Dzienisiuk ដែល​បាន​ឆ្លងកាត់​១៤​ប្រទេស​ក្នុង​រយៈពេល​៧​ថ្ងៃ​។ អ្វីដែលគួរឲ្យ​កត់សម្គាល់នោះ លោក Cand ​ក៏​ជា​អ្នកជិះ​កង់​ដំបូង​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​ខាងកើត​​។​



តាមពិតទៅ​លោក Cand មាន​ត្រៀមខ្លួន​យ៉ាង​ត្រឹមត្រូវ​សម្រាប់​បេសកកម្ម​មួយ​នេះ ដោយ​លោក​មាន​ទម្លាប់​ជិះ​ក្នុង​ចម្ងាយ​ប្រមាណ​១៤០​គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ​។ លោក​ក៏​ទទួលបាន​ការណែនាំ​ជាប្រចាំ​ទាំង​ការថែរក្សា​ផ្នែក​កាយសម្បទា និង​ស្មារតី ពី​សំណាក់​គ្រូពេទ្យ​មួយរូប​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com