កីឡាជាតិ
ជាតិ
លោក ហុក សុជីវ័ន បដិសេធធ្វើជាគ្រូជំនួយក្លិប ដែលទើបឡើងលីគកំពូលឥណ្ឌា
× អតីតគ្រូបង្វឹកក្លិបបាល់ទាត់វិសាខាលោក ហុក សុជីវ័ន បានបដិសេធសំណើរទៅធ្វើជាគ្រូជំនួយក្លិប ដែលទើបឡើងទៅលេងក្នុងលីគកំពូលឥណ្ឌា Tiddim Road Athletic Union។ នេះបើយោងតាមទំព័រហ្វេសប៊ុកលោក ហុក សុជីវ័ន ដែលបានបង្ហោះនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ក្រោយមានពាក្យចចាមអារ៉ាមថា លោក ហុក សុជីវ័ន អតីតគ្រូបង្វឹកក្លិបបាល់ទាត់វិសាខា នឹងទៅធ្វើជាគ្រូជំនួយជាមួយក្លិបដែលទើបឡើងមកលេងលីគកំពូលមួយនៅប្រទេសឥណ្ឌានៅរដូវកាលក្រោយ ស្រាប់តែនៅយប់ថ្ងៃទី១ ខែកញ្ញានេះ លោកបានសរសេរសារលើទំព័រហ្វេសប៊ុកបង្ហាញពីការបដិសេធរបស់ខ្លួនជាមួយក្លិប ដែលគេស្គាល់ថា Tiddim Road Athletic Union។
ទោះបីបង្ហាញការបដិសេធ តែគ្រូបង្វឹកជួយឲ្យក្លិបវិសាខាទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨រូបនេះ មិនបានបង្ហាញមូលហេតុលម្អិតចំពោះការបដិសេធនេះឡើយ។ លោក ហុក សុជីវ័ន បានរៀបរាប់យ៉ាងដូច្នេះថា៖«ខ្ញុំបានសម្រេចចិត្ត បដិសេធសំណើរទៅធ្វើជាគ្រូជំនួយនៅក្លិប នៃប្រទេសឥណ្ឌា ដោយហេតុផលផ្ទាល់ខ្លួនមួយចំនួនដែលមិនអាចឈានដល់ការទទួលយកសំណើមួយនេះបាន»។
គួររំលឹកថា លោក ហុក សុជីវ័ន បានចូលរួមដឹកនាំក្លិបបាល់ទាត់វិសាខានៅឆ្នាំ២០១៨ និងជួយឲ្យក្លិបនេះទទួលបានចំណាត់ថ្នាក់លេខ៣សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ក្រោយដឹកនាំក្រុមបានពាក់កណ្តាលរដូវកាលឆ្នាំ២០១៩ ក្លិបវិសាខាបានប្រកាសបញ្ចប់តួនាទីជាគ្រូបង្គោល ដោយដំឡើងគ្រូជំនួយរបស់លោឲ្យដឹកនាំជំនួស៕
Tag:
បាល់ទាត់
ហុក សុជីវ័ន
© រក្សាសិទ្ធិដោយ thmeythmey.com