ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែល​អ្នក​គួរ​ដឹង​អំពី​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ព្រះអាទិត្យ​
04, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្សិត រោមសត្វ ជាតិ​ជ័រ សណ្តែកដី ពពួកសត្វ​មាន​សំបក សុទ្ធតែ​ត្រូវបាន​គេ​ដឹងថា ជា​មូលហេតុ​នាំ​ឲ្យ​មានប្រតិកម្ម​អាលែកហ្ស៊ី​លើ​មនុស្ស​មួយចំនួន​។ តើ​អ្នកមាន​ដឹង​ទេ​ថា មនុស្ស​យើង​ក៏​អាចមាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ពន្លឺព្រះអាទិត្យ​ដែរ​? បើសិនជា​អ្នក​សង្ស័យថា​ខ្លួនឯង​កំពុង​តែមាន​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ពន្លឺព្រះអាទិត្យ​មែន អ្នក​កំពុងតែ​អាន​អត្ថបទ​ត្រូវ​ហើយ​។ ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ព្រះអាទិត្យ​អាចមាន​លក្ខណៈ​របស់​វា​ច្រើន ហើយ​ទំរង់​ដែល​កើតឡើង​ញឹកញាប់​បំផុត​នោះ​គឺ Polymorphic Light Eruption ឬ​ហៅថា​ការពុល​ពន្លឺព្រះអាទិត្យ​។ អ្នកខ្លះ​មានប្រតិកម្ម​នេះ​ពី​កំណើត តែ​ខ្លះទៀត​លុះត្រា​តែមាន​កត្តា​អ្វី​ជំរុញ​ដូចជា ការប្រើ​ថ្នាំ ឬ​ប៉ះពាល់​នឹង​ប្រភេទ​រុក្ខជាតិ​អ្វីមួយ ឬ​មាន​ជំងឺ​ស្បែ​កណា​ផ្សេង​មួយទៀត​។


 
​អាកា​រៈ និង​រោគសញ្ញា​
 
​កន្លែង​ដែល​ស្បែក​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​សុទ្ធតែ​អាច​បង្ក​ជា​អាកា​រៈ​របស់​វា​បាន​ទាំងអស់ តែ​អាកា​រៈទាំង​នេះ​មានការ​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​។ យ៉ាងណាមិញ ភាគច្រើន​នៃ​អាកា​រៈ​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ពន្លឺព្រះអាទិត្យ​នោះ​មានដូចជា​៖
 
•​ ​ស្បែក​ឡើង​ក្រហម​
•​ ​ឈឺ ឬ​រមាស់​
•​ ​ឡើងជា​កណ្តាប់ៗ​លើ​ស្បែក​
•​ ​ពងបែក​
 
​អាកា​រៈទាំង​នេះ​ទំនងជា​កើតឡើង​ក្នុង​រយៈពេល​ពីរ​បី​នាទី​ឬ​ច្រើន​ម៉ោង​ក្រោយពី​ប៉ះពាល់​ពន្លឺព្រះអាទិត្យ​ដោយផ្ទាល់​។ ពេលខ្លះ អាកា​រៈទាំង​នេះ​មាន​លក្ខណៈ​តិចតួច ហើយក៏​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ដែរ​។ ករណីខ្លះ​ក៏​ធ្ងន់ធ្ងរ​រហូតដល់​ត្រូវការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ថែមទៀត​ផង​។ 
 
​ការព្យាបាល 
 
​ដូច​បានបញ្ជាក់​ពី​ខាងលើ​អ៊ីចឹង​ថា ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ពន្លឺព្រះអាទិត្យ​គឺមាន​ច្រើន​ប្រភេទ ហើយ​អាកា​រៈ​ក៏មាន​ច្រើន​ទៅតាម​គ្នា​ដែរ ដូច្នេះ​ការព្យាបាល​ក៏ត្រូវ​ធ្វើតាម​លក្ខណៈខុសៗ​គ្នា​ដែរ​។ ករណី​តិចតួច ច្រើនតែ​មិនបាច់​ព្យាបាល​អ្វី​ទេ ព្រោះ​វា​នឹង​ជា​ទៅវិញ​ដោយ​ខ្លួនឯង​ក្រោយពី​ការពារ​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ពីរ​បី​ថ្ងៃ​។ ករណី​ធ្ងន់ធ្ងរ គឺអាច​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​បាន ហើយ​ពេលខ្លះ​ត្រូវការ​ព្យាបាល​ដោយ​ការ​លេបថ្នាំ​ប្រភេទ Steroids ផងដែរ​។ 
 
​ការបង្ការ​
 
​វា​មិន​ខុសគ្នា​នឹង​ការ​ប្រតិកម្ម​អាលែកហ្ស៊ី​ផ្សេងៗ​ឡើយ ប្រតិកម្ម​នឹង​ពន្លឺព្រះអាទិត្យ​អាច​បង្ការ​បាន​យ៉ាង​ល្អ​តាមរយៈ​ការចៀសវាង​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​តែម្តង​។ ប៉ុន្តែ​តាមរយៈ​ការធ្វើ​រឿង​ខាងក្រោម​នេះ​ក៏​ជួយ​ការពារ​អ្នក​ពី​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ព្រះអាទិត្យ​បានដែរ​៖
 
•​ ​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​
•​ ​ស្លៀក​សម្លៀកបំពាក់​ជិតៗ​ខ្លួន​
•​ ​ពាក់​វ៉ែនតា​ការពារ​កម្តៅ​ព្រះអាទិត្យ ពាក់មួក​មាន​ឆាង​ម៉ាង​ជុំវិញ ប្រើ​កន្សែង​រុំ​ករ និង​ប្រើ​ឆត្រ​គ្រប់ពេល​ចេញទៅ​ខាងក្រៅ​
•​ ​ចូរ​នៅក្នុង​ផ្ទះ​ជានិច្ច​គ្រប់ពេល​មាន​ពន្លឺព្រះអាទិត្យ​ក្តៅ​ខ្លាំង ជាពិសេស​ចន្លោះ​ម៉ោង ១០​ព្រឹក​រហូតដល់ ៤​រសៀល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com