ជាតិ
សង្គមជាតិ
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ ឯបង ជាប់១០ឆ្នាំ ពីបទឃាតកម្ម
02, Sep 2019 , 10:03 am        
រូបភាព
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
លោក ឡាយ ​វណ្ណៈ អតីតអភិបាលខេត្តតាកែវ​ (ប្អូន) ត្រូវជាប់ពន្ធនាគារ១៣ឆ្នាំ និង លោក ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ (បង) ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ ក្នុងបទឃាតកម្មលើស្ត្រីម្នាក់។ នេះបើតាមការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។

 

សំណុំរឿង​ឃាតកម្ម​នេះ នៅមាន​មនុស្ស​ពីរ​នាក់​ផ្សេងទៀត ដែលជាគ្នីគ្នារបស់លោក ឡាយ វណ្ណៈ ក៏​ជាប់​ពាក់ព័ន្ធ​ដែរ​។ មនុស្ស​ពីរ​នាក់​នោះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំក្នុងម្នាក់ៗ ពីបទ​លាក់បាំង​តម្រុយ ក្នុងអំពើឃាតកម្មនេះ​។

តុលាការ ពុំបានបង្គាប់ឲ្យអ្នកទាំង៤ បង់ថវិកាផ្នែករដ្ឋប្បវេណីនោះទេ។ លោក ធុយ សុគន្ធ មេធាវីម្នាក់របស់លោក ឡាយ ​វណ្ណៈ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ដើមបណ្តឹង ពុំបានប្តឹងទារសំណងពីកូនក្តីរបស់លោកឡើយ។  

មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា អំពើ​ឃាតកម្ម ត្រូវ​ផ្តន្ទាទោស​ពី​១០​ឆ្នាំ ទៅ ១៥​ឆ្នាំ​។ ចំណែក​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា អំពើ​លាក់បាំង​តម្រុយ​ដែល​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ក្នុងការ​ស្វែងរក​ការពិត ត្រូវ​ផ្តន្ទាទោស​ពី​១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ ៦​លាន​រៀល​។​

ស្ត្រី​ម្នាក់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ដែល​គេ​អះអាងថា​ជា​ស្រី​កំណាន់​របស់លោក ឡាយ វណ្ណៈ ត្រូវបាន​ប្រទះឃើញ​ស្លាប់ ដោយ​ស្ថានភាព​ចងក​ក្នុងផ្ទះ ស្ថិតនៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៨​។ ប៉ុន្តែ សមត្ថកិច្ច សន្និដ្ឋានថា មរណភាព​របស់​ស្ត្រី​រូបនេះ មិនមែនជា​ការធ្វើអត្តឃាត​នោះទេ តែ​ជា​អំពើ​ឃាតកម្ម​។ ក្រោយមក មនុស្ស​ទាំង​បួន​នាក់​ខាងលើ ក៏ត្រូវ​ចាប់ខ្លួន​៕

Tag:
 ឡាយ វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com