អន្តរជាតិ
ប៉ូឡូញ​មិនបាន​អញ្ជើញលោក ពូ​ទីន ចូលរួម​ខួប​៨០​ឆ្នាំ​នៃ​ការផ្ទុះ​សង្គ្រាមលោក​ទី​២​ឡើយ​
02, Sep 2019 , 10:33 am        
រូបភាព
ប្រធានាធិបតីអាល្លឺម៉ង់ និងប្រធានាធិបតីប៉ូឡូញនាពិធីរំឭកខួបទី៨០ឆ្នាំនៃការចាប់ផ្ដើមសង្រ្គាមលោកលើកទីពីរ។ រូបភាព AFP
ប្រធានាធិបតីអាល្លឺម៉ង់ និងប្រធានាធិបតីប៉ូឡូញនាពិធីរំឭកខួបទី៨០ឆ្នាំនៃការចាប់ផ្ដើមសង្រ្គាមលោកលើកទីពីរ។ រូបភាព AFP
​រដ្ឋាភិបាល​ប៉ូឡូញ បាន​អញ្ជើញ​មេដឹកនាំ​ប្រទេស​ជិត​៤០​ឲ្យ​ចូលរួម​ខួប​ទី​៨០​នៃ​ការឈ្លានពាន​របស់​យោធា​ណា​ស៊ី​អាល្លឺម៉ង់ ដែល​បាន​ផ្ដើម​ឲ្យ​មាន​សង្គ្រាមលោកលើកទីពី​រ​នៅ​ថ្ងៃទី​១ ខែកញ្ញា​។ ប្រមុខ​រដ្ឋា​អាល្លឺម៉ង់ Frank-Walter Steinmeier ដែលមាន​វត្តមាន បាន​លំឱនកាយ​សុំទោស​ប្រជាជាតិ​ប៉ូឡូញ​ចំពោះ​ទង្វើ​មេដឹកនាំ​អាល្លឺម៉ង់​ពី​អតីតកាល​។ ប៉ុន្តែ​ក្រុង​វ៉ា​សូវី​មិនបាន​អញ្ជើញ​មេដឹកនាំ​រុស្ស៊ី​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះឡើយ ទោះជា​សហភាពសូវៀត​មាន​ស្នាដៃ​រំដោះ​អឺរ៉ុប​ទាំងមូល​ក្ដី​។​

 
​មិនមាន​វត្តមាន​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ឬ​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ម្នាក់​ក្នុង​ពិធី​រំឭក​ខួប​៨០​ឆ្នាំ​នៃ​ការផ្ទុះ​សង្គ្រាមលោកលើកទីពីរ​នៅ​ប៉ូឡូញ​ឡើយ បើទោះបីជា​សហភាព​ជាក​ម្លាំ​ង​សំខាន់បំផុត​ក្នុងការ​វាយកម្ទេច​កម្លាំង​ណា​ស៊ី​អាល្លឺម៉ង់​ក្ដី​។ ទីក្រុង​វ៉ា​សូវី ធ្លាប់​អះអាងថា វត្តមាន​លោក ពូ​ទីន ជា​រឿង​មិន​សមរម្យ ហើយ​ម្យ៉ាង​ប៉ូឡូញ​មាន​លក្ខខណ្ឌ​ដើម្បី​អញ្ជើញ​មេដឹកនាំ​បរទេស​។ គេ​សង្កេតឃើញថា មេ​ដឹក​បរទេស​ដែល​ចូលរួម​មានតែ​សមាជិក​អឺរ៉ុប ណា​តូ និង​ដៃគូ​ប៉ូឡូញ​នៅ​អឺរ៉ុប​ខាងកើត​ប៉ុណ្ណោះ​។​
 
​ក្រសួងការបរទេស​រុស្ស៊ី បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​១ ខែកញ្ញា ដោយបាន​បញ្ជាក់​ពី​គុណសម្បត្តិ​របស់​សហភាព​សូ​វៀត​ក្នុង​ការរំដោះ​ប៉ូឡូញ និង​អឺរ៉ុប​ទាំងមូល​ពី​ក្រញាំ​កងទ័ព​ហ៊ី​ត្លែរ​។ សេចក្ដីថ្លែងការណ៍​បញ្ជា​ក់ថា មានការ​វាយតម្លៃ​ខុសពី​ការទូត​របស់​សហភាព​សូ​វៀត​នៅ​ដំណាក់កាល​ដំបូង​នៃ​សង្គ្រាម តែ​វា​ជា​រឿង​មិនអាច​ប្រកែក​បាន​ដែល​សហភាពសូវៀត ជា​អ្នក​កម្ចាត់​ណា​ស៊ី រំដោះ​អឺរ៉ុប និង​សង្គ្រោះ​ប្រជាធិបតេយ្យ​អឺរ៉ុប​ពី​ការ​រលាយ​សាបសូន្យ​។​
 
​កងទ័ព​ក្រហម​របស់​សូ​វៀត បាន​បើក​យុទ្ធនាការ​ពី​រណសិរ្ស​ខាងកើត​ដើម្បី​បោសសម្អាត​កម្លាំង​ទ័ព​របស់​ណា​ស៊ី​អាល្លឺម៉ង់ ខណៈ​ក្រុម​សម្ព័ន្ធមិត្ត​មាន​អាមេរិក និង​អង់គ្លេស​ជាដើម​នោះ ដឹកនាំ​កម្លាំង​វាយកម្ទេច​ទ័ព​អាល្លឺម៉ង់​ពី​រណសិរ្ស​ខាងលិច រហូតដល់​ដណ្ដើមបាន​ទីក្រុង​បែរ​ឡាំង​នៅ​ឆ្នាំ​១៩៤៥ ។ សង្គ្រាមលោកលើកទីពីរ​នៅ​អឺរ៉ុប ក៏​ចប់​ជា​ស្ថាពរ ដោយ​បន្សល់ទុក​មហន្តរាយ​ច្រើន​ឥត​គណនា​បាន​។ នៅ​ប៉ូឡូញ មនុស្ស​ជាង​៦​លាន​បាន​បាត់​ជីវិត​។  
 
​ការលើក​ទ័ព​ចូល​ឈ្លានពាន​ប៉ូឡូញ​ដោយ​កងទ័ព​ណា​ស៊ី​អាល្លឺម៉ង់​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩៣៩ គឺជា​ការចាប់ផ្ដើម​សង្គ្រាមលោកលើកទីពីរ​ដ៏​មហន្តរាយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក​។ មេដឹកនាំ​បរទេស​ជាច្រើនរូប បាន​ជួបជុំគ្នា​នៅ​ទីក្រុង Wielun ជាទី​ដែល​គ្រាប់បែក​ដំបូង​គេ​របស់​ណា​ស៊ី​ធ្លាក់​លើទឹក​ដី​ប៉ូឡូញ​កាលពី​៨០​ឆ្នាំមុន​។ ចំពោះមុខ​ប្រជាជន​ប៉ូឡូញ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ប្រធានាធិបតី​អាល្លឺម៉ង់ Frank-Walter Steinmeier បាន​សុំទោស​ចំពោះ​ទង្វើ​របស់​របប​ហ៊ី​ត្លែរ​។​
 
«​ខ្ញុំ​លំឱនកាយ​ចំពោះ​ជនរងគ្រោះ​ដោយសារ​អំពើ​ឃោរឃៅ​របស់​អាល្លឺម៉ង់ ហើយ​ខ្ញុំ​សុំ​ការលើកលែងទោស​ពី​អ្នក​។​» នេះ​ជា​លើកឡើង​របស់លោក Steinmeier ដែល​បានទទួល​ស្គាល់​កំហុស​ទាំង​អស់ ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda បាន​ហៅ​ទង្វើ​របស់​អាល្លឺម៉ង់ ជា​សកម្មភាព​សាហាវយង់ឃ្នង និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ប៉ុន្តែ​បាន​និយាយ​សរសើរ​ដល់​ការផ្សះផ្សា​ពេល​សង្គ្រាម​ចប់​។ លោក Duda ក៏​ឆ្លៀត​និយាយ​រិះគន់​រុស្ស៊ី​ចំពោះ​ការ​សកម្មភាព​យោធា​នាពេល​ថ្មីៗ​នេះ​ផងដែរ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​រុស្ស៊ី មេដឹកនាំ​រុស្ស៊ី​រូបនេះ​អះអាងថា ទណ្ឌកម្ម​ត្រូវតែ​បន្តទៀត ដើម្បី​ធានាថា សកម្មភាព​យោធា​ត្រូវតែ​ទទួលបាន​ឆ្លើយតប​ដោយ​ម៉ឺងម៉ាត់​បំផុត​៕ 
 

Tag:
 ប៉ូឡូញ​
  សូ​វៀត​
  រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com