កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Man City បន្ត​តាម Liverpool ខណៈ Arsenal, Spurs, Chelsea និង Man Utd ស្មើ​
02, Sep 2019 , 11:39 am        
រូបភាព
Liverpool នៅតែ​រក្សា​តំណែង​កំពូល​តារាង តាមរយៈ​ការយក​ឈ្នះ Burnley ៣-០ នា​ជំនួប​សប្តាហ៍​ទី​៤​នៃ​ការប្រកួត​ពានរង្វាន់ Premier League ពោលគឺ​ឈ្នះ​ទាំង​៤​លើក​ជាប់​គ្នា​ចាប់តាំងពី​បើក​រដូវ​កាល​មក​។ ម្ចាស់​ជើងឯក Manchester City រកបាន​៣​ពិន្ទុ​បន្ថែម​ក្រោយ​ឈ្នះ Brighton & Hove Albion ៤-០ ខណៈ Arsenal, Tottenham Hotspur, Chelsea និង Manchester United ទទួលបាន​១​ពិន្ទុ​រៀងៗ​ខ្លួន​។​


 
​ហង្ស​ក្រហម និង​មេឃ​ខៀវ​នៅតែ​ជា​ក្រុម​ប្រជែង​គ្នា​ដ៏​លេចធ្លោ​ក្នុងចំណោម​ក្រុម​ទាំង​២០​នៅ​រដូវ​កាល​២០១៩-២០​នេះ​។ ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp ក្រុម​រងជើង​ឯក​ឆ្នាំ​ចាស់​បាន​បន្ត​រក​ជ័យជម្នះ​ទី​៤​របស់​ពួកគេ ដោយ​ទទួលបាន​១២​ពិន្ទុ​ពេញ និង​ឈរ​ចំណាត់ថ្នាក់​ទី​១​បណ្តោះអាសន្ន នាំមុខ Man City ដែលមាន​១០​ពិន្ទុ ក្រោយ​ឈ្នះ​៣ និង​ស្មើ​១​។​
 
​បិសាច​ក្រហម Man Utd ដែល​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​កាលពី​សប្តាហ៍​ទី​៣ ក្រោម​ថ្វី​ជើង Crystal Palace នៅតែ​មិនអាច​រក​ជ័យជម្នះ​នៅ​ប្រកួត​ទី​៤​នេះ ក្រោយ​ស្មើគ្នា​ជាមួយ Southampton ១-១​។ នេះ​មានន័យថា បើទោះជា​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​ក្នុងការ​នាំយក​កីឡាករ​ថ្លៃ​ដើម្បី​ពង្រឹង​តំបន់​ការពារ​ក្តី ប៉ុន្តែ Man Utd នៅ​មិនទាន់​បង្ហាញ​ភាពខ្លាំង​អ្វី​នោះឡើយ​។ ឆ្លងកាត់​ការប្រកួត​៤​លើក ឈ្នះ​១ ស្មើ​២ និង​ចាញ់​១ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjær រកបាន​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ ឈរ​នៅ​លេខ​រៀង​ទី​៨​។​
 
​ដោយឡែក Chelsea វិញ​ក៏​មិន​ខុសពី Man Utd ដែរ​។ បើទោះជា​បាន​នាំមុខ​ក្រុម​ភ្ញៀវ ដល់​ទៅ​២​គ្រាប់​នៅ​វគ្គ​ទី​១​ក្តី ប៉ុន្តែ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Frank Lampard នៅតែ​មិនអាច​រក​៣​ពិន្ទុ​បាន បន្ទាប់ពី Sheffield United វាយបក​តាម​ស្មើដោយ​ស៊ុត​បាន​២​គ្រាប់​វិញ​នៅ​វគ្គ​ទី​២​។ តោ​ខៀវ នៅ​ឈរ​លេខ​រៀង​ទី​១១​ក្នុង​តារាង Premier League សប្តាហ៍​ទី​៤ ដោយមាន​៥​ពិន្ទុ​។​
 
​ចំណែក​គូ​ពិសេស​ប្រចាំ​សប្តាហ៍​រវាង Arsenal និង Spurs ក៏បាន​បញ្ចប់​ទៅដោយ​ទទួលបាន​ម្នាក់​មួយ​ពិន្ទុ​។ ក្រុម​ភ្ញៀវ​មាន់​ខ្នាយ​មាស​បាន​ស៊ុត​ពីរ​គ្រាប់​នាំ​មុខមុន​ចំនួន​ពីរ​គ្រាប់ ដែល​ធ្វើបាន​ដោយ ខ្សែបម្រើ Christian Eriksen និង​ខ្សែប្រយុទ្ធ Harry Kane​។ រីឯ​គ្រាប់​បាល់​តាម​ស្មើ​របស់​ម្ចាស់ផ្ទះ​កាំភ្លើង​ធំ សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Alexandre Lacazette និង Pierre-Emerick Aubameyang​។  
 
Arsenal រកបាន​៧​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ ខណៈ Spurs មាន​៥​ពិន្ទុ ឈរ​លេខ​៩​ក្នុង​តារាង​សប្តាហ៍​ទី​៤​នេះ​៕
 
​លទ្ធផល​ការប្រកួត​ទាំង ១០​គូ សប្តាហ៍​ទី​៤៖ 
 
-​ ​Southampton ១ – ១ Manchester United
-​ ​Chelsea ២ – ២ Sheffield United
-​ ​Crystal Palace ១ – ០ Aston Villa
-​ ​Leicester City ៣ – ១ AFC Bournemouth
-​ ​Manchester City ៤ – ០ Brighton & Hove Albion
-​ ​Newcastle United ១ – ១ Watford
-​ ​West Ham United ២ – ០ Norwich City
-​ ​Burnley ០ – ៣ Liverpool
-​ ​Everton ៣ – ២ Wolverhampton Wanderers
-​ ​Arsenal ២ – ២ Tottenham Hotspur


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com