ជាតិ
នយោបាយជាតិ
លោក កឹម សុខា៖ ចៅហ្វាយ ឬថៅកែ ចាំយកតែផល តែអ្នកដឹកនាំគឺជាអ្នកដែលលះបង់មុនគេ លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រីទាំងពីររូប។ រូបថត ហ្វេសប៊ុក Kem Sokha
× «តួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយឬថៅកែ»។ នេះជាការលើកឡើងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ នាឱកាសខួបពីរឆ្នាំដែលលោកត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងក្បត់ជាតិ។ លោកបានសរសេរសារយ៉ាងវែងនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវខ្លួន ដោយលើកឡើងពីការលះបង់ និងទំនួលខុសត្រូវរបស់លោក។
លោក កឹម សុខា បានរំលឹកថា ការចូលចាប់ខ្លួនលោកទាំងកណ្តាលអាធ្រាត្រ ជាការឈឺចាប់បំផុតមួយសម្រាប់លោក និងភរិយា។ លោកបានបញ្ជាក់ថា៖ «ខ្ញុំបានដឹងហើយថា ជីវិតជាអ្នកប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងក្នុងតួនាទីជាមេដឹកនាំបក្សប្រឆាំងនេះ នឹងអាចនាំមកនូវគ្រោះថ្នាក់និងការឈឺចាប់រាប់មិនអស់។ ខ្ញុំស្ម័គ្រចិត្តធ្វើពលីកម្មជូនជាតិនេះ មិនមែនខ្ញុំមិនចេះខ្លាច មិនមែនខ្ញុំមិនដឹងពីគ្រោះថ្នាក់ មិនមែនព្រោះខ្ញុំល្ងង់ តែនេះព្រោះខ្ញុំដឹងថា«តួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយឬថៅកែ»។
អតីតមេបក្សប្រឆាំង ដែលកំពុងស្ថិតនៅក្នុងគេហដ្ឋានរបស់ខ្លួននៅរាជធានីភ្នំពេញ និងក្រោមការឃ្លាំមើលនោះ បានពន្យល់ថា៖ «ចៅហ្វាយ ឬថៅកែគេជាអ្នកចាំយកលទ្ធផលពីការងាររបស់យើង តែអ្នកដឹកនាំគឺជាអ្នកដែលលះបង់មុនគេនិងច្រើនជាងគេ ដើម្បីជាគម្រូដល់អ្នកគាំទ្រ»។
លោក កឹម សុខា បានបន្ថែមថា អ្នកដឹកនាំដែលមានគុណធម៌ មិនដែលរុញច្រានឲ្យអ្នកគាំទ្រខ្លួនធ្វើអ្វីដែលខ្លួនមិនហ៊ានធ្វើឡើយ។ ក្នុងនាមជាឪពុកម្នាក់ លោកតែងតែចង់ឲ្យកូនៗរស់នៅដោយសុវត្ថិភាព ដូច្នេះហើយ លោកតែងតែជ្រើសរើសយកនិងណែនាំឲ្យកូនខ្មែរ ធ្វើការតស៊ូរដោយអហិង្សា ទោះបីការតស៊ូនោះ ត្រូវធ្វើឲ្យលោករងគ្រោះក៏ដោយ លោកសុខចិត្តទទួល ក្នុងនាមជាអ្នកដឹកនាំម្នាក់ដោយមិនទុកឲ្យអ្នកគាំទ្រយកខ្លួនទៅពាំងជំនួសលោកជារៀងរហូតនោះទេ។
ជាមួយគ្នានេះ លោក កឹម សុខា បានស្នើឲ្យខ្មែរគ្រប់និន្នាកាបញ្ឈប់នូវនយោបាយ យកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិជាឈ្នាន់ឬជារបាំងតទៅទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com