ជាតិ
នយោបាយជាតិ
លោក មហាធៀ៖ សមយុទ្ធយោធាអាស៊ាន-អាមេរិក ចាយលុយឥតប្រយោជន៍ និងបង្ករឿង
× លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានរិះគន់ការធ្វើសមយុទ្ធយោធានានា ដោយលោកបានចាត់ទុកថា ជាការចំណាយលុយឥតប្រយោជន៍ និងបង្ករឿង។ នេះជាចម្លើយរបស់លោកទៅកាន់និស្សិតខ្មែរម្នាក់ ដែលបានសួរទាក់ទងនឹងឥទ្ធិពលនៃសមយុទ្ធយោធាអាស៊ាន-អាមេរិកលើកដំបូង [ចាប់ផ្តើមនៅឈូងសមុទ្រថៃ ក្នុងខេត្តឈុនបុរី] ទៅស្ថានការណ៍សមុទ្រចិនខាងត្បូង។
ក្នុងកិច្ចសន្ទនាពិសេសស្តីពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន» (Balancing Relations with the Superpowers in the context of ASEAN)» នាថ្ងៃទី២ ខែកញ្ញានេះ បណ្ឌិត មហាធៀ មហាម៉ាត់ បានកត់សម្គាល់ថា សមយុទ្ធយោធា ត្រូវការការចំណាយលុយដ៏ច្រើន ហើយបង្កឲ្យអ្នកផ្សេងខឹងសម្បារ។
«ប្រសិនបើអ្នកធ្វើបែបនេះ នៅសមុទ្រខាងត្បូង ភាគីចិននឹងមានអារម្មណ៍ថារងការគំរាមកំហែង ដូច្នេះពួកគេត្រូវត្រៀមទប់ទល់ និងបញ្ជូននាវាចម្បាំងទៅតំបន់នោះ។ ក្នុងករណីមានគ្រោះថ្នាក់ នឹងមានការបាញ់ប្រហារទៅវិញទៅមក បន្ទាប់មកអាចក្លាយទៅជាសង្គ្រាម»។ លោក មហាធៀ បានបង្ហាញការយល់ឃើញរបស់ខ្លួនយ៉ាងដូច្នេះ។
លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើអ្នកចង់សាកល្បងបែបនេះ សូមសាកល្បងនៅប្រទេសខ្លួនឯងទៅ […] ពិតណាស់ចិនមានហេតុផលថាខ្លួនរងការគំរាមកំហែង។ បើចិនធ្វើសមយុទ្ធនៅញូវយ៉ក អ្នកញូវយ៉ក ក៏មានអារម្មណ៍មិនស្រួលដូចគ្នាផងដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com