ជាតិ
រថយន្ត
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖​សាលាក្រុង​ត្រៀម​រថយន្ត​១២០​គ្រឿង សម្រាប់​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ ទៅតាម​ខេត្ត​
02, Sep 2019 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្តក្រុង​សាធារណៈ​ចំនួន​១២០​គ្រឿង សម្រាប់​ដឹក​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ស្រុកកំណើត​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​២៦-៣០ ខែកញ្ញា​។​


 
​រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ទីតាំង​ចេញដំណើរ​ទៅតាម​ផ្លូវជាតិ​នីមួយៗ​រួមមាន​៖ ផ្លូវជាតិ​លេខ​១ មាន​រថយន្ត​១០​គ្រឿង ចេញដំណើរ​ពី​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ី​ដែ​ស ឆ្ពោះទៅ​ទី​រួម​ខេត្តព្រៃវែង និង​ស្វាយរៀង​។  សម្រាប់​ផ្លូវជាតិ​លេខ​២ មាន​រថយន្ត​៥​គ្រឿង ចេញដំណើរ ពី​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ី​ដែ​ស ឆ្ពោះទៅ​ចំណត​រង្វង់​មូល​អូរ​ចំបក​។​


រូបភាពពីរដ្ឋ​បាលរាជធានីភ្នំពេញ
 
​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដដែល សម្រាប់​ផ្លូវជាតិ​លេខ​៣ មាន​រថយន្ត​១០​គ្រឿង ចេញដំណើរ​ពី​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ឆ្ពោះទៅ​ចំណត​សាលាបឋមសិក្សា​ដំណាក់​ចង្អើរ និង​ទី​រួម​ខេត្តកំពត​។ រីឯ​ផ្លូវជាតិ​លេខ​៤ មាន​រថយន្ត​១០​គ្រឿង ចេញដំណើរ​ពី​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ឆ្ពោះទៅ​ចំណត​នៅ​ផ្សារ​កំពង់ស្ពឺ និង​វេទិកា​៧​មករា ខេត្ត​ព្រះសីហនុ​។ 
 
 សម្រាប់​ផ្លូវជាតិ​លេខ​៥ មាន​រថយន្ត​៤៥​គ្រឿង ចេញដំណើរ​ពី​សួន​ឫស្សីកែវ ឆ្ពោះទៅ​ចំណត​នៅ​ផ្សារលើ (​ខេត្តកំពង់ឆ្នាំង​), បុរី​ភូ​ប៉ុយ​(​ខេត្តពោធិ៍សាត់​), ផ្សារ​ប៉ុ​ម​ប៉ុយ (​ខេត្តបាត់ដំបង​) និង​ក្រុង​សេរី​សោ​ភ័​ណ្ឌ (​ខេត្តបន្ទាយមានជ័យ​)​។ ផ្លូវជាតិ​លេខ​៦​វិញ មាន​រថយន្ត​២០​គ្រឿង ចេញដំណើរ​ពី​រង្វង់​មូល​ទេ​ពម​ប្ជា​ជ្រោយចង្វារ ឆ្ពោះទៅ​ចំណត​ត​នៅ​ភោជនីយដ្ឋាន​ស្ទឹងសែន (​ខេត្តកំពង់ធំ​) និង​ផ្លូវ​៦០​ម៉ែត្រ (​ខេត្តសៀមរាប​)​។ 
 
​ផ្លូវជាតិ​លេខ​៦.៧ មាន​រថយន្ត​១០​គ្រឿង ចេញដំណើរ​ពីមុខ​រាជា​យ​ស្ម័យ​យាន ឆ្ពោះទៅ​ចំណតរថយន្ត​ខេត្ត និង​ផ្សារ​សួង និង​ផ្លូវជាតិ​លេខ​៦.៨ មាន​រថយន្ត​១០​គ្រឿង ចេញដំណើរ​ពីមុខ​រាជា​ស្ម័យ​យាន ឆ្ពោះទៅ​ចំណត​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ (​ខេត្តក្រចេះ​) និង​ចំណតរថយន្ត​ខេត្តស្ទឹងត្រែង​។​
 
​ក្រៅតែពី​បង្ហាញ​ទីតាំង​ជិះ​រថយន្តក្រុង​ឥតគិតថ្លៃ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ឆ្លៀត​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ​ទាំងអស់​កុំ​ដំឡើងថ្លៃ​ដឹកជញ្ជូន នៅ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំ​ខាងមុខនេះ​៕
 

Tag:
 បុណ្យ​ភ្ជុំបិណ្ឌ​
 ​ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com