តាំងពីថ្ងៃបើកបវេសនកាលឆ្នាំនេះ (២០១៨-២០១៩) សិស្សានុសិស្សនៃសាលាបឋមសិក្សាលុងឃុង ដែលស្ថិតនៅជាង២០គីឡូម៉ែត្រ ប៉ែកខាងកើតពីក្រុងបានលុងនៃខេត្តរតនគិរី បានចាប់ផ្តើមរៀនមេរៀនដែលបានធ្វើឱ្យមុខរបស់ពួកគេឡើងក្រហម។ ជាពិសេសសិស្សនារី នៃថ្នាក់ទី៥ និងទី៦ ដែលមានអាយុ១២ និង១៣ឆ្នាំ។
ប្រធានបទដែលតាមប្រពៃណីទំនៀមទម្លាប់ខ្មែរគេពុំនិយាយជាចំហរនោះ បានក្លាយជាមេរៀនសម្រាប់សិស្សថ្នាក់បឋមសិក្សា។ នោះគឺការគ្រប់គ្រងអនាម័យពេលមករដូវរបស់ក្មេងស្រី ហើយដែលប៉ុន្មានខែក្រោយមក សិស្សស្រីនៃសាលាបឋមសិក្សានោះបានហៅមេរៀននេះគ្រប់គ្នាជាអក្សរកាត់ជាភាសាអង់គ្លេស MHM (Menstrual Hygiene Management)។
សំឡេងស្រែកបង្រៀនល្វើយៗរបស់អ្នកគ្រូបណ្ណារក្ស ភន សំណាង បានហូរចេញពីថ្នាក់រៀនមួយនៅក្នុងអគារសង់ផ្ទាល់ដី។ «តើការមករដូវរបស់ស្ត្រី គឺជាអាថ៌កំបាំងដែរឬទេ?» អ្នកគ្រូ សំណាង ស្រែកសួរទៅសិស្សជា២០នាក់ ដែលភាគច្រើនគឺជានារី។ សិស្សានុសិស្សបានស្រែកឆ្លើយព្រមគ្នាយ៉ាងជឿជាក់តបសំណួរអ្នកគ្រូថា បញ្ហានេះមិនមែនជាអាថ៌កំបាំងឡើយ តែវាជារឿងធម្មជាតិរបស់មនុស្សស្រី។
អ្នកគ្រូបណ្ណារក្ស សំណាង ដែលមានវ័យ២៥ឆ្នាំ ត្រូវបាននាយកសាលារៀនចាត់ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជាស្តីពីការគ្រប់គ្រងអនាម័យពេលមករដូវរបស់ក្មេងស្រី ប៉ុន្តែអ្នកគ្រូបានសប្បាយចិត្ត ពីព្រោះអ្នកគ្រូបានដឹកនាំផ្តល់ការអប់រំផង និងបានផ្លាស់ប្តូរផ្នត់គំនិតផងរបស់សិស្សនារី ហើយផលប្រយោជន៍ចុងក្រោយនោះ គឺដើម្បីការរីកចម្រើនរបស់សហគមន៍។
អ្នកគ្រូសំណាងបានអះអាងយ៉ាងដូច្នេះថា៖«ខ្ញុំសង្កេតឃើញ សិស្សនារីបានផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានច្រើន។ ពេលមុន ពួកគាត់មិនយល់ថា គេត្រូវមានអនាម័យពេលមករដូវនោះឡើយ។ ពេលមករដូវ ពួកគេអវត្តមានពីថ្នាក់រៀន ឬមករៀនមិនទៀងទាត់។ នៅពេលយើងបង្រៀនមេរៀននេះ ពួកគេទទួលយកបានច្រើន ហើយពួកគេមិនចាំបាច់អវត្តមាននៅសាលារៀនទៀតឡើយ។ ជាងនេះទៅទៀត ពួកគាត់អាចជួយផ្សព្វផ្សាយ និងបង្រៀនបន្តដល់អ្នកក្នុងផ្ទះ និងមិត្តភក្តិក្នុងភូមិរបស់ពួកគាត់»។
បដាផ្ទាំងរូបភាពធំៗដែលបង្ហាញពីដំណើរវដ្តរដូវរបស់ស្ត្រី សំឡីអនាម័យច្រើនប្រភេទ សៀវភៅណែនាំ សុទ្ធតែឧបករណ៍ដែលអ្នកគ្រូសំណាងត្រូវមានសម្រាប់ការបង្រៀន។ នេះមិនទាន់និយាយអំពីបន្ទប់តង់កៅស៊ូ ដែលត្រូវបានដំឡើងនៅក្នុងបន្ទប់រៀនមួយ ដើម្បីធ្វើជាមណ្ឌលគ្រប់គ្រងអនាម័យពេលមករដូវរបស់សិស្សស្រី និងសម្រាប់ការពិភាក្សារវាងសិស្សនារី និងអ្នកគ្រូ។
«ខ្ញុំសប្បាយចិត្ត ទោះការងារនេះមិនបានផ្តល់កម្រៃមកខ្ញុំក៏ដោយ។ តែខ្ញុំចង់ជួយសាលារៀន ឱ្យមានភាពរីកចម្រើន ចង់ជួយក្មេងនៅទីនេះឱ្យមានការផ្លាស់ប្តូរ ចេះអនាម័យខ្លួនប្រាណពេលមករដូវ។» នេះជាការអះអាងរបស់អ្នកគ្រូ សំណាង។
សិស្សនារីដែលបានចូលរួមសិក្សាជាមួយអ្នកគ្រូសំណាង ដូចជាកុមារី នីដា អាយុ១៣ឆ្នាំ សុទ្ធតែទទួលស្គាល់ថា ការយល់ដឹងអំពីការគ្រប់គ្រងអនាម័យពេលមានរដូវមានសារសំខាន់សម្រាប់ពួកគេ។ កុមារី នីដាដែលជាជនដើមភាគតិចទំពួនបានអធិប្បាយថា៖«ខ្ញុំយល់ថា ការគ្រប់គ្រងអនាម័យពេលមករដូវ សំខាន់សម្រាប់ខ្ញុំ។ បន្ទាប់ពីបានរៀនហើយ វាធ្វើឲ្យខ្ញុំកាត់បន្ថយអៀនខ្មាស់។ យើងត្រូវយល់ដឹងរឿងនេះ ព្រោះវាជាបញ្ហាសុខភាពរបស់យើង»។
ធាវី កុមារីជនជាតដើមភាគតិចទំពួនម្នាក់ទៀតអាយុ១៣ឆ្នាំ ដែលមានចរិតអៀនប្រៀនបន្តិចមែន ប៉ុន្តែបានបង្ហាញភាពក្លាហាននៅពេលដែលនិយាយអំពីការអនាម័យពេលមានរដូវ។ ធាវី គឺជាសាក្សីដ៏ល្អមួយដែលអាចបញ្ជាក់ ការសិក្សាអំពីអនាម័យពេលមានរដូវពិតជាមានប្រយោជន៍។ «ខ្ញុំទើបមានរដូវលើកដំបូងនៅក្នុងខែនេះ។ ខ្ញុំមិនបានភ័យខ្លាចឡើយ ហើយក៏មិនបារម្ភដែរ ពីព្រោះខ្ញុំបានដឹងបញ្ហានេះអស់ហើយពីសាលារៀន។ ដូច្នេះខ្ញុំបានត្រៀមសំឡី ថង់ខ្មៅ និងសម្អាតខ្លួនប្រាណតាមអ្វីដែលខ្ញុំបានរៀនជាមួយអ្នកគ្រូ»។
ការមករដូវរបស់ក្មេងស្រីលែងជាប្រធានបទលាក់លៀមទៀតហើយនៅក្នុងសហគមន៍នេះ។ ការគ្រប់គ្រងអនាម័យពេលមករដូវមិនត្រឹមតែជាមេរៀនសម្រាប់សិស្សានុសិស្សនៅក្នុងសាលារៀនប៉ុណ្ណោះឡើយ។ អង្គការភ្លែនអន្តរជាតិ និងអង្គការដៃគូដែលមានឈ្មោះថា អង្គការសង្គ្រោះជនងាយរងគ្រោះកម្ពុជា (SVC) ក៏បានប្រារព្ធទិវាអនាម័យពេលមានរដូវអន្តរជាតិថ្ងៃទី២៨ខែឧសភា ដោយអញ្ជើញមេភូមិ មេឃុំ នគរបាល ឪពុកម្តាយ លោកគ្រូអ្នកគ្រូ ដើម្បីចូលរួមស្វែងយល់អំពីការអនាម័យខ្លួនប្រាណពេលមានរដូវរបស់ក្មេងស្រីនេះ។
អ្នកស្រី ស៊ីណា ដែលជាម្តាយរបស់ធាវី ក៏បានដឹងដែរថាកូនស្រីច្បងរបស់គាត់កំពុងសិក្សាអំពីការធ្វើអនាម័យខ្លួនប្រាណនៅឯថ្នាក់រៀន ហើយអ្នកស្រីសប្បាយចិត្តនៅពេលដែលកូនស្រីបានយល់ដឹងអំពីបញ្ហានេះ។ សម្រាប់អ្នកស្រី ស៊ីណា ការយល់ដឹងអំពីប្រធានបទនេះ នឹងធ្វើឱ្យកូនស្រីរបស់គាត់ចេះថែរក្សាសុខភាពរបស់ខ្លួនគេ។ អ្នកស្រីក៏បានប្រាប់ឱ្យដឹងដែរថា កូនស្រីរបស់អ្នកស្រីក៏តែងជជែកជាមួយម្តាយ អំពីអ្វីដែលគេបានរៀនពីអ្នកគ្រូសំណាងនៅឯថ្នាក់រៀនដែរ។
នៅក្នុងភូមិលុងឃុង ការមករដូវរបស់ស្ត្រី ពិសេសក្មេងស្រី ទំនងជាមិនមែនជារឿងលាក់លៀម ឬរឿងអាថ៌កំបាំងទៀតឡើយ។ សូម្បីសិស្សប្រុស ពួកគេក៏ចាប់ផ្តើមយល់ដឹងអំពីធម្មជាតិរបស់មិត្តរួមថ្នាក់ជានារីផងដែរ។ កុមារា បូនី និយាយថា រូបគេមិនដែលនិយាយបង្អាប់ ឬលេងសើចជាមួយជាមួយមិត្តរួមថ្នាក់ស្រីៗ នៅពេលដែលរូបគេដឹងថា មិត្តភក្តិស្រីៗមានរដូវនោះឡើយ។ «ប្រុសៗខ្លះទៀត សួរស្រីៗត្រង់អំពីរដូវស្រីៗ ហើយស្រីៗក៏ឆ្លើយប្រាប់។ ពួកគេអត់អៀនផង»។ នេះជាការរៀបរាប់របស់បូនី។
នៅពេលនេះ ភាពស្ងៀមស្ងាត់នៃបញ្ហារដូវរបស់កុមារី ត្រូវបានបំបែក។ នៅឡើយតែការបន្ថែមមេរៀន ចំនួនម៉ោងសិក្សា និងចំនួនគ្រូបង្រៀន ពិសេសគ្រូបង្រៀនជាបុរស ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សស្វែងយល់ឱ្យបានកាន់តែច្រើនជាងនេះ ដូចសំណូមពររបស់អ្នកគ្រូបណ្ណារក្ស សំណាង។
អង្គការភ្លែនអន្តរជាតិបានគាំទ្រសាលាបឋមសិក្សាចំនួន ១០ ក្នុងខេត្តរតនគិរី ដើម្បីលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងអនាម័យពេលមករដូវរបស់ក្មេងស្រី។ សកម្មភាពដែលអង្គការភ្លែនអន្តរជាតិគាំទ្ររួមមាន៖
• ផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូ និងនាយកសាលា
• បង្កើតមណ្ឌលគ្រប់គ្រងអនាម័យពេលមករដូវនៅក្នុងសាលាដើម្បីជាកន្លែងពិភាក្សា
• លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ តាមរយៈសកម្មភាពសម្តែងបែបអប់រំ
• រៀបចំទិវាអនាម័យនៃការមករដូវ
• សាងសង់សំណង់ទឹកស្អាត និងអនាម័យ រួមមាន ប្រព័ន្ធផ្គត់ផ្គង់ទឹក បង្គន់ និងកន្លែងលាងដៃ៕