ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​នឹកស្មានថា ពេល​កណ្តាស់ ហើយ​ប្រឹង​ទប់​មិន​ឲ្យ​ចេញ គ្រោះថ្នាក់​ដល់​ម្លឹ​ង​សោះ​!!!
03, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា​រាងកាយ​បង្កើត​ចលនា​កណ្តា​ស់គឺ​នៅពេល​ដែលមាន​អ្វីមួយ​ចូលក្នុង​ច្រមុះ​ខុស​ប្រក្រតី​។ រឿងនេះ​អាចមាន​ដូចជា បាក់តេរី ធូលី​ដី ផ្សិត លម្អងផ្កា ឬ​ផ្សេង​។ ច្រមុះ​អាច​នឹងមាន​អារម្មណ៍​ឆួលៗ ឬ​មិនមាន​ផាសុកភាព ហើយក៏​បង្ក​ជា​អាកា​រៈ​កណ្តាស់​មួយ​ភ្លែត​តែម្តងទៅ​។ ការ​កណ្តាស់​នេះ​អាចជួយ​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ ឬ​របួស​ដោយមាន​អ្វី​ផ្សេងៗ​ចូលទៅក្នុង​ច្រមុះ​បាន​។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​និយាយថា ការ​កណ្តាស់​នឹង​ជួយ​ស្តារ​លក្ខណៈ​ធម្មតា​ឡើងវិញ​របស់​ច្រមុះ​។


 
​អ្នក​ប្រហែលជា​មានបំណង​ចង់​ទប់​ការ​កណ្តាស់​កុំ​ឲ្យ​កើតឡើង​នៅពេល​ស្ថិតក្នុង​ស្ថានភាព​មនុស្ស​ច្រើន​ជុំវិញខ្លួន ពេល​និយាយ​ជាមួយ​នរណាម្នាក់ ឬ​ស្ថិតក្នុង​ស្ថាន​ភាពមិន​ចង់​ឲ្យ​មាន​សំឡេង​។ ប៉ុន្តែ​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា ការ​ទប់​មិន​ឲ្យ​កណ្តាស់​ចេញ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព ហើយ​ពេលខ្លះ​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​របស់​វា​ថែមទៀត​ដូចជា​៖
 
​រហែក​ក្រដាសត្រចៀក​
 
​នៅពេល​អ្នក​ទប់​រហូត​ដល់​កើន​សម្ពាធ​កាន់តែខ្លាំង​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​មុនពេល​កណ្តាស់ វា​នឹង​បញ្ចេញ​ខ្យល់​មក​ក្រៅ​វិញ​តាម​រន្ធ​ត្រចៀក​។ ខ្យល់​មាន​សម្ពាធ​ខ្លាំង​នេះ​នឹង​រត់​ទៅតាម​រន្ធ​ត​ភ្ជាប់​ពី​ត្រចៀក​ទៅ​បំពង់ក​តាមរយៈ​បំពង់ Eustachian Tube​។ ករណីបែបនេះ​អាច​នឹង​បង្ក​ជាការ​រហែក​ដល់​ក្រដាសត្រចៀក និង​ថ្លង់​បាន​។ ប៉ុន្តែ​បញ្ហា​នេះ​គឺ​អាចជា​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍ ថ្វីបើ​ករណីខ្លះ​ត្រូវការ​វះកាត់​ក៏ដោយ​។ 
 
​មានការ​បង្ក​រោគ​នៅ​ត្រចៀក​ផ្នែក​កណ្តាល ឬ​ហៅថា​អំបៅអំបែក​
 
​ការ​កណ្តាស់​នឹង​ជួយ​សម្អាត​អ្វី​គ្រប់យ៉ាង​ដែល​មិនគួរ​ចូលទៅក្នុង​ច្រមុះ ដោយ​វា​រួមទាំង​បាក់តេរី​ទៀតផង​។ តាម​ទ្រឹស្តី ការ​បក់​ខ្យល់​ចូល​ឡើងវិញ​ពី​ច្រមុះ​ចូល​ត្រចៀក នឹង​ដឹកនាំ​បាក់តេរី ឬ​ទឹករំអិល​មាន​មេរោគ​ចូលទៅក្នុង​ត្រចៀក​ផ្នែក​កណ្តាល រហូតដល់​បង្ក​ជា​អំបៅអំបែក​បាន​។
 
​សរសៃឈាម​ក្នុង​ភ្នែក ច្រមុះ ឬ​ក្រដាសត្រចៀក​ខូច​
 
​ខណៈដែល​វា​ជា​រឿង​កម្រ តែ​ការខូចខាត​សរសៃឈាម​ក្នុង​សរីរាង្គ​ទាំងនេះ​អាច​នឹង​កើតឡើង​បាន​នៅពេល​ទប់​មិន​ឲ្យ​កណ្តាស់​ចេញ​។ ការកើនឡើង​សម្ពាធ​តាមរយៈ​ការ​ទប់​កណ្តាស់​អាចធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច និង​ផ្ទុះ​បែក​បាន ជាពិសេស​សរសៃឈាម​សើៗ​ស្បែក​ដែល​យើង​អាច​សម្គាល់​ដឹងថា មាន​ការឡើង​ក្រហម​ភ្នែក ឬ​ច្រមុះ​។ 
 
​របួស​ដល់​សន្ទះ​ខណ្ឌ​ទ្រូង និង​ពោះ​
 
​សន្ទះ​ខណ្ឌ​ទ្រូង និង​ពោះ​នេះ​គឺជា​សាច់ដុំ​មួយផ្នែក​នៃ​ទ្រូង​ស្ថិតនៅ​ខាងលើ​ពោះ​។ ខណៈដែល​ការ​មាន​របួស​នៅ​កន្លែង​នេះ​គឺជា​រឿង​កម្រ តែ​ខ្យល់​ដែលមាន​សម្ពាធ​ខ្លាំង​អាច​ចូលទៅក្នុង​សាច់ដុំ​នេះ ហើយ​បង្ក​ជាការ​កំពិត​សួត​បាន នៅពេល​ខំ​ទប់​មិន​ឲ្យ​កណ្តាស់​ចេញ​។ 
 
​ខូច​បំពង់ក​
 
​ការ​ខូច​បំពង់ក​ត្រូវបាន​គេ​រកឃើញ​លើ​អ្នក​ដែល​តប់​កណ្តាស់​មិន​ឲ្យ​ចេញ ជាពិសេស​ការខូចខាត​នោះ​ជា​លក្ខណៈ​រហែក​នៅ​ផ្នែក​ខាងក្រោយ​របស់​បំពង់ក​តែម្តង​។ 
 
​បាក់ឆ្អឹង​ជំនី​
 
​អ្នកខ្លះ បាន​និយាយថា មាន​ការបាក់​ឆ្អឹងជំនី​ដោយសារតែ​ការ​ទប់​កណ្តាស់​កុំ​ឲ្យ​ចេញ ជាពិសេស​មនុស្ស​ចាស់​តែម្តង​។ រឿងនេះ​ដោយសារតែ​ខ្យល់​មាន​សម្ពាធ​ខ្ពស់​បង្ខំ​ខ្លាំង​ចូលទៅក្នុង​សួត​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com