អន្តរជាតិ
សិង្ហបុរី រឹតបន្តឹងការគ្រប់គ្រងអង្គការសាសនាដើម្បីទប់ស្កាត់ឥទ្ធិពលបរទេស រូបភាព Today
× សិង្ហបុរី នឹងកែប្រែច្បាប់គ្រប់គ្រងសាសនារបស់ខ្លួន ដើម្បីទប់ស្កាត់ឥទ្ធិពលបរទេសដែលអាចជ្រៀតចូលតាមរយៈអង្គការសាសនា។ គម្រោងវិសោធនកម្មនេះ នឹងរឹតបន្តឹងសញ្ជាតិរបស់ថ្នាក់ដឹកនាំសំខាន់ៗក្នុងអង្គការដែលធ្វើការលើកិច្ចការសាសនា ការទទួលវិភាគទាន និងទំនាក់ទំនងជាមួយអង្គការក្រៅប្រទេសជាដើម។ បើតាមក្រសួងមហាផ្ទៃសិង្ហបុរី សិង្ហបុរី ដែលជាសង្គមពហុសាសន៍នោះ ត្រូវការការពារសុខដុមរមនីយកម្មរបស់ខ្លួនជាចាំបាច់។
គម្រោងវិសោធនកម្មច្បាប់ស្ដីពីការរក្សាសុខដុមរមនីយកម្មសាសនា (MRHA)ដែលដាក់ឲ្យសភាអនុម័តនៅថ្ងៃទី២ ខែកញ្ញា មានគោលដៅដោះស្រាយឥទ្ធិពលរបស់អ៊ីនធឺណិតលើសាសនា និងទប់ស្កាត់ឥទ្ធិពលបរទេស។ នេះបើតាមការប្រកាសរបស់ក្រសួងមហាផ្ទៃសិង្ហបុរី។ នេះជាលើកដំបូងដែលច្បាប់គ្រប់គ្រងសាសនាមួយនេះ ត្រូវបានកែប្រែចាប់តាំងពីការអនុម័តនៅឆ្នាំ១៩៩០ មកនោះ។
ក្នុងសេចក្ដីព្រាងវិសោធនកម្មនេះ តំណែងសំខាន់ៗរបស់អង្គការដែលធ្វើការផ្នែកសាសនាដូចជាប្រធាន អគ្គលេខាធិការ ឬហិរញ្ញឹក ត្រូវតែជាជនជាតិសិង្ហបុរី ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍នៅសិង្ហបុរី។ លើសពីនោះ ការទទួលវិភាគទានលើសពី៧២០០ដុល្លារ ក៏ត្រូវតែប្រកាសផងដែរ។ អ្វីគួរឲ្យកត់សម្គាល់នោះ បើអង្គការសាសនាណាមួយមានទំនាក់ទំនងជាមួយអង្គការ ឬបុគ្គលបរទេសនោះ ហើយដែលអាចជះឥទ្ធិពលណាមួយ ក៏ត្រូវតែប្រកាសពីទំនាក់ទំនងផងដែរ។
ក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងមហាផ្ទៃសិង្ហបុរី ចាត់ទុកការកែប្រែច្បាប់នេះ នឹងជួយការពារអង្គការទាំងនោះពីការរងឥទ្ធិពលដោយភ្នាក់ងារបរទេស ដែលវានឹងជះឥទ្ធិពលមិនដល់សុខដុមរមនីយកម្មសាសនានៅសិង្ហបុរី។ សកម្មភាពបំពានណាមួយដូចជាការញុះញង់ឲ្យមានហិង្សា ឬប្រឆាំងសាសនាមួយទៀត ការញុះញង់ឲ្យមានការស្អប់ខ្ពើម និងការញុះញង់ឲ្យមានការឈឺចាប់ផ្នែកអារម្មណ៍ នឹងរងការដាក់ទោសទណ្ឌក្រោមច្បាប់ព្រហ្មទណ្ឌ និងច្បាប់គ្រប់គ្រងសាសនាខាងលើ។
មិនត្រឹមតែទង្វើដែលប្រព្រឹត្តនៅសិង្ហបុរីឡើយ សូម្បីតែសកម្មភាពដែលកើតនៅបរទេសដែលមានសិង្ហបុរីជាគោលដៅ ក៏អាចជាប់ទោសដែរ។ ក្រសួងមហាផ្ទៃសិង្ហបុរីលើកឡើងថា ការបញ្ចូលលក្ខខណ្ឌនេះ ជារឿងចាំបាច់ ខណៈដែលអ៊ីនធឺណិត និងបណ្ដាញសង្គមអនុញ្ញាតឲ្យបុគ្គលណាម្នាក់ បន្តការរាំងស្ទះដល់សុខដុមរមនីយកម្មសាសនានៅសិង្ហបុរី ទោះជាបទល្មើសទាំងនោះកើតឡើងនៅក្រៅបរទេសក៏ដោយ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Channel NewsAsia ។
សូមបញ្ជាក់ថា ច្បាប់ MRHA ដែលដាក់ឲ្យអនុវត្តនៅឆ្នាំ១៩៩២ បានផ្ដល់អំណាចឲ្យមានការរក្សាសុខដុមរមនីយកម្មនៅសិង្ហបុរីដោយផ្អែកលើគោលការណ៍សំខាន់ចំនួនពីរ។ ទីមួយ គឺអ្នកដើរតាមសាសនាផ្សេងគ្នា ត្រូវរក្សាការអត់ធ្មត់ដាក់គ្នាទៅវិញទៅមក និងជំនឿសាសនាដទៃ និងមិនត្រូវឲ្យមានសត្រូវសាសនាឡើយ។ ទីពីរ គឺសាសនាត្រូវនៅឆ្ងាយពីនយោបាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com