ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ​និង​មន្ត្រី បារម្ភ​ពី​ការបាត់បង់​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​ស្វាយរៀង​
03, Sep 2019 , 7:19 pm        
រូបភាព
​ស្វាយរៀង​៖ កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​ខេត្តស្វាយរៀង កំពុង​ប្រឈម​នឹង​ការបាត់បង់  ដោយសារតែ​បច្ចុប្បន្ន អ្នក​ដែល​ធ្វើ​ការងារ​កសិកម្ម​បាន​ធ្លាក់ចុះ ហើយ​អ្នក​ដែល​នៅ​ធ្វើ​កសិកម្ម គឺ​សុទ្ធតែ​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ​។ នេះ​ជាការ​លើកឡើង​របស់ អ្នកស្រី ពៅ ធីតា អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង​។  អ្នកស្រី​បាន​អះអាង ថា ភាគច្រើន​នៃ​អ្នកធ្វើ​កសិកម្ម​នៅ​ខេត្តស្វាយរៀង គឺជា​ពលរដ្ឋ​ដែលមាន​វ័យ​ចំណាស់​។  ដោយឡែក អ្នក​ដែលមាន​កម្លាំង​ពេញលេញ​ទាំងប្រុស​-​ស្រី គឺ​ចេញ​ទៅធ្វើ​ការងារ​សំណង់  រោងចក្រ និង​ការងារ​ផ្សេងៗ នៅ​ក្រុង​បាវិត និង​រាជធានី​ភ្នំពេញ ។​

 
​បើតាម​អនុប្រធាន​កសិកម្ម​ខេត្ត​រូបនេះ  ខេត្តស្វាយរៀង មាន​ប្រជាពលរដ្ឋ​ប្រមាណ​៨៥​ភាគរយ ជា​អ្នក​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ ក្នុងនោះ មាន​ស្ត្រី​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើង ជា​ស្ត្រី​នៅចាំ​ផ្ទះ មើលថែទាំ​កូនចៅ​។ នៅពេលដែល​អាជ្ញាធរ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅ​ប្រជុំ​ម្ដងៗ កម្រ​ឃើញ​មាន​បុរស និង​យុវជន​ទៅ​ចូលរួម​ណាស់​។ ភាគច្រើន​នៃ​អ្នកចូលរួម​គឺជា​ស្ត្រី​ដែលមាន​វ័យ​ចំណាស់​ស្ទើរតែ​៩៩​ភាគរយ​។​


អ្នកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
​អ្នកស្រី​បាន​និយាយ​ដូច្នេះ​ថា​៖«​នេះ​ជា​បញ្ហា ដែល​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង ចំពោះ​កម្លាំង​ពលកម្ម​នៅក្នុង​វិស័យ​កសិកម្ម​នៅ​ខេត្តស្វាយរៀង​ទាំងមូល ដែល​នៅ​ថ្ងៃ​ខាងមុខ អាច​នឹង​មិនមាន​អ្នកធ្វើ​កសិកម្ម​តែម្តង ព្រោះ​គ្មាន​អ្នកធ្វើ​។ ម្យ៉ាងវិញទៀត​ក៏​រួមផ្សំ​នឹង​កត្តា​ភូមិសាស្ត្រ​ផងដែរ ព្រោះ​ខេត្ត​មួយ​នេះ ដី​មិនសូវមាន​ជីវជាតិ និង​មិនសូវ​អំណោយផល​សម្រាប់​ដំណាំ​កសិកម្ម​ស្រែចម្ការ​ប៉ុន្មាន​នោះឡើយ​។ បច្ចុប្បន្ន​បញ្ហា​នេះ មិនមែន​មានន័យថា កសិករ​បោះបង់​ចោលកា​រងារ​កសិកម្ម​ទាំងអស់​នោះទេ​។ មានគ្រួសារ​ខ្លះ ក្រៅពី​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម ពួកគេ​បាន​វិល​ត្រឡប់មក​ធ្វើ​ការងារ​ស្រែចម្ការ​តាម​រដូវ​កាល​វិញ​ផងដែរ​។ គ្រួសារ​ខ្លះ ចំណាកស្រុក រក​ការងារ​ធ្វើ​គ្រាន់តែ​ជា​ការងារ​បន្ទាប់បន្សំ​នៅពេល​ទំនេរ ក្រៅពី​ការងារ​ស្រែចម្ការ​ប៉ុណ្ណោះ និង​មានគ្រួសារ​មួយចំនួន​បានសម្រេច​បោះបង់​ការងា​រ​កសិកម្ម​ចោល​ទាំងស្រុង​»​។​
 
​អ្នកស្រី​បាន​បន្តថា មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង កំពុង​គិតគូរ​ក​វិធីសាស្ត្រ​ដើម្បី​ជួយ​កសិករ និង​ទាក់ទាញ​យុវជន ឱ្យ​ងាក​មក​ធ្វើ​កសិកម្ម​ក្នុងស្រុក​វិញ ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ និង​និរន្តរភាព​នៅក្នុង​សហគមន៍ ក៏ដូចជា​និរន្ត​ភាព​នៃ​វិស័យ​កសិកម្ម​គ្រប់​រដូវ​កាល​ក្នុង​ខេត្តស្វាយរៀង​នេះ​ផងដែរ​។​
 
​ជាមួយគ្នានេះ អ្នកស្រី ហុង ស្រី​ស្រស់ នាយក​ប្រតិបត្តិ​សហគមន៍​កសិកម្ម​ផ្គត់ផ្គង់​ផលិតផល​ស្វាយរៀង (​សាក់​) បាន​និយាយថា ស្ថិតនៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះ គឺមាន​តែ​ចូលរួម​ជាមួយ​សហគម​ន៍​ទេ ដែល​អាចជួយ​កសិករ និង​ទាក់ទាញ​យុវជន​ឱ្យ​ងាក​មក​ធ្វើ​ការងារ​កសិកម្ម​បាន ព្រោះ​សហគមន៍​ជា​អ្នក​ធានាបាន​នូវ​តម្លៃ​កសិផល ហើយ​ការងារ​កសិកម្ម អាច​រកចំណូលបាន​ច្រើនជាង​ការងារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​មួយចំនួន ពិសេស​គឺ​បានរស់នៅ​ជួបជុំ​គ្រួសារ​។​


អ្នកស្រី ហុង ស្រីស្រស់ នាយកប្រតិបត្តិនៃសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលស្វាយរៀង(សាក់)
 
«​មូល​ហេតុដែល​ធ្វើឱ្យ​យុវជន​បោះបង់ចោល ឬ​មិន​ចង់​ធ្វើ​ការងារ​កសិកម្ម ដោយសារតែ​ដំណាំ​ដែល​ដាំ​បាន មានតម្លៃ​ទាប​នៅលើ​ទីផ្សារ មិនអាច​ប្រកួតប្រជែង​បាន​ជាមួយ​បន្លែ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម ទើប​យុវជន​សម្រេច​បោះបង់​កា​រងារ​កសិកម្ម​ស្ទើរតែ​ទាំងស្រុង និង​ជ្រើស​យក​ការងារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ទៅវិញ​»​។ នេះ​ជា​លើកឡើង​របស់​អ្នកស្រី ហុង ស្រី​ស្រស់​។   បើតាម​នាយក​ប្រតិ​ប​តិ្ត​រូបនេះ ក្នុង​សហគមន៍​សាក់ មាន​កសិករ​ដែលជា​អ្នក​ផលិត​បន្លែ​សរីរាង្គ និង​សុ​វត្តិភាព មាន​៣២៧​គ្រួសារ​ប៉ុណ្ណោះ​នៅ​ទូទាំង​ខេត្តស្វាយរៀង​។ ចំនួន​អ្នក​ផលិត​នេះ គឺ​នៅ​តិចតួច​នៅឡើយ ក្នុង​ការផលិត​បន្លែ​សម្រាប់​នាំទៅ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ និង​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ខេត្តស្វាយរៀង​។​
 
​ក្នុង​មួយខែៗ សហគមន៍​កសិកម្ម​ផ្គត់ផ្គង់​ផលិតផល​ស្វាយរៀង ផ្គត់ផ្គង់​បន្លែ​សរីរាង្គ និង​សុវត្ថិភាព បាន​ពី​៩​ទៅ​១០​តោន​។ ការងារ​កសិកម្ម​បន្លែ​សរីរាង្គ​និង​សុវត្ថិភាព​នេះ ជា​មធ្យម​ពលរដ្ឋ​អាច​រកចំណូលបាន ពី​១០ ទៅ ២០​ម៉ឺន​រៀល ក្នុង​រយ​:​ពេល​ពីរ​ថ្ងៃ ដែល​អាស្រ័យ​ទៅតាម​ទំហំ​ដី​ដែល​ពួកគេ​ដាំ​ដុះ​។ នេះ​បើតាម អ្នកស្រី ហុង ស្រី​ស្រស់ ដដែល​៕ 





Tag:
 កសិកម្ម​
  ពលកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com