អន្តរជាតិ
លោក មហា​ធៀ ៖ ទណ្ឌកម្ម​មហាអំណាច ធ្វើ​ឲ្យ​ប៉ះពាល់​ប្រទេស​តូចៗ​
03, Sep 2019 , 3:44 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​៣ ខែកញ្ញា បាន​រិះគន់​មហាអំណាច​ពិភពលោក​ដែល​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​តូចៗ​ក្នុង​តំបន់​។ ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក មហា​ធៀ អះអាងថា ទណ្ឌកម្ម​របស់​មហាអំណាច មិន​ត្រឹម​ប៉ះពាល់​ប្រទេស​រង​ទណ្ឌកម្ម​ឡើយ តែ​ក៏​ជះឥទ្ធិពល​ដល់​ប្រទេស​តូចៗ​ឯទៀត​ផងដែរ​។

 
«​ទណ្ឌកម្ម​របស់​មហាអំណាច មិនមែន​ប៉ះពាល់​ប្រទេស​ពាក់ព័ន្ធ​ឡើយ តែ​ក៏​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​រងគ្រោះ​ដោយ​គ្មាន​មូលហេតុ​ផងដែរ​។​» នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​។ លោក មហា​ធៀ មិនបាន​បញ្ចេញ​ឈ្មោះ​មហាអំណាច​ណាមួយ​ឡើយ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ទ្វេភាគី​នៅ​ថ្ងៃទី​៣ ខែកញ្ញា លោក មហា​ធៀ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា និយាយថា​៖ «​យើង​មិនមាន​ទំនាស់​អ្វី​សោះ​ជាមួយ​ប្រទេស​នេះ ប៉ុន្តែ​យើង​ត្រូវបាន​បញ្ឈប់​ពី​ការធ្វើ​ជំនួញ​ជាមួយ​ប្រទេស​នោះ​ដោយសារតែ​ទណ្ឌកម្ម​ទៅវិញ​។ នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​។​» 
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ម៉ាឡេស៊ី Bernama នាយករដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រូបនេះ​បញ្ជាក់ថា ប្រទេស​តូចៗ មិនអាច​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ណា​ក៏​បានឡើយ ប៉ុន្តែ​មហាអំណាច​ជា​អ្នក​ដាក់ទណ្ឌកម្ម ហើយ​វា​ក៏​បំបិទ​សេរីភាព​ប្រទេស​តូចតាច​។ លោក​ពន្យល់ថា មហាអំណាច​ទាំងនោះ តែ​និយាយ​ពី​សិទ្ធិមនុស្ស និង​សេរីភាព តែ​ពួកគេ​យក​សិទ្ធិ​របស់​យើង​ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​ដៃគូ​រកស៊ី​របស់​យើង​។ 
 
​បើតាម​លោក មហា​ធៀ បញ្ហា​បែបនេះ នឹងត្រូវ​លើក​ទៅ​ជជែក​នា​កិច្ចប្រជុំ​មហាសន្និបាត​នៅ​ពាក់​កណ្ដាលខែ​នេះ​។ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី ចាត់ទុក​មហាសន្និបាត​ជា​វេទិកា​ល្អ​សម្រាប់​លើក​បញ្ហា​នេះ​។​
 
​ទោះ​មិន​បញ្ចេញ​ឈ្មោះ​មហាអំណាច​ណា​ក្ដី លោក មហា​ធៀ ទំនង​ចង់​ចង្អុលមុខ​អាមេរិក​។ ព្រោះ​និយាយ​រឿង​ទណ្ឌ​កម្មនេះ អាមេរិក​កំពុង​ទទូច​ឲ្យ​ប្រទេស​នានា​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​។ លើសពីនោះ អាមេរិក​ក៏​គំរាម​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ណា​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ផងដែរ​៕ 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
© រក្សាសិទ្ធិដោយ thmeythmey.com