កីឡាអន្តរជាតិ
អន្តរជាតិ
សុបិន​ក្លាយជា​ការពិត​! ខ្សែការពារ​វៀតណាម Van Hau ទៅ​នៅ​លី​គ​កំពូល​ហូ​ឡង់​
03, Sep 2019 , 4:20 pm        
រូបភាព
​ខ្សែការពារ​ឆ្នើម​ក្រុម​ជម្រើសជាតិ​វៀតណាម Doan Van Hau បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​ហូ​ឡង់ SC Heerenveen បន្ទាប់ពី​ពិនិត្យ​សុខភាព​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​២ ខែកញ្ញា​។


 
Van Hau វ័យ​២០​ឆ្នាំ ត្រូវ​ចាក​ចេញពី Hanoi FC ម្ចាស់​ជើងឯក V.League ទៅកាន់​លី​គ Eredivisie ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល ពោលគឺ​ក្នុង​រដូវ​កាល ២០១៩-២០​នេះ​។ SC Heerenveen ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៩​ក្នុង​តារាង Eredivisie បណ្តោះអាសន្ន ក្រោយ​ប្រកួត​៥​លើក ទទួលបាន​៦​ពិន្ទុ​។​

 
 
​ខ្សែការពារ​ដែល​ធ្លាប់​ជាប់​ជា​ជ័យលាភី​ពាន​កីឡាករ​ឆ្នើម​វ័យក្មេង​របស់​អាស៊ាន​រូ​ប​នេះ ត្រូវបាន​លោកគ្រូ​បង្វឹក Park Hang-seo បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៤​រូប​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម​ក្នុងជំនួប​ជាមួយ​ថៃ សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​២ ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ ផងដែរ​។​
 
​សូមបញ្ជាក់ថា កីឡាករ​ថ្នាល​របស់​ក្រុម Hanoi FC រូបនេះ ធ្លាប់​បង្ក​ឲ្យ ចាន់ វឌ្ឍនាកា មាន​របួស​ម្តង​ដែល​កាលពី​ជំនួប​រវាង​វៀតណាម និង​កម្ពុជា​ក្នុងការ​ប្រកួត​ជម្រុះ AFC Asian Cup កាលពី​ឆ្នាំ​២០១៧​។ យ៉ាងណាក៏ដោយ Van Hau បាន​សុំទោស វឌ្ឍនាកា​វិញ តាមរយៈ​ការសរសេរ Comment ក្នុង Status របស់​វឌ្ឍនាកា នៅក្រោយ​ប្រកួត​នោះ​។​


Doan Van Hau និង វឌ្ឍនាកា ពេលប៉ះគ្នានៅវគ្គជម្រុះ AFC Asian Cup កាលពីឆ្នាំ២០១៧
 
Van Hau បានធ្វើ​ដំណើរ​ពី​វៀតណាម ទៅ​ហូ​ឡង់​ដើម្បី​សម្រេច​ការផ្ទេរ​នេះ​ឲ្យ​បាន​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អឺរ៉ុប​បិទទ្វារ​នៅ​យប់​ថ្ងៃទី​២ ខែកញ្ញា ខណៈ​រូបគេ​កំពុង​ហ្វឹកហាត់​ជាមួយ​ជម្រើសជាតិ​។ រូបគេ​ត្រូវ​ត្រឡប់​ទៅកាន់​ជំរំ​ហ្វឹកហាត់​វិញ​ភ្លាមៗ ដើម្បី​ត្រៀម​ជួយ​វៀតណាម ប៉ះ​ថៃ​នៅ​ថ្ងៃទី​៥ ខែកញ្ញា​ខាងមុខ​សម្រាប់​ជំនួប​បើកឆាក​ជើង​ទី​១​ពូ​ល G​។​
 
Van Hau បាន​ក្លាយជា​កីឡាករ​វៀតណាម​ទី​២ ដែល​ទៅ​ចូលរួម​ជាមួយ​ក្លិប​លំដាប់​កំពូល​អឺរ៉ុប បន្ទាប់ពី Nguyễn Công Phượng ទៅ​ចូលរួម​ជាមួយ​ក្រុម Sint-Truidense_V.V នៃ​លី​គ​កំពូល​បែលហ្ស៊ិក ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្រុម Hoang Anh Gia Lai មួយ​រដូវ​កាល​ដូចគ្នា​៕


​Doan Van Hau ព្យាយាមរារាំង អ៊ិន សូដាវីត នា​ការ​ប្រកួត​ជម្រុះ AFC Asian Cup កាលពីឆ្នាំ២០១៧។ រូបថត AFP

Tag:
 Doan Van Hau
  SC Heerenveen
© រក្សាសិទ្ធិដោយ thmeythmey.com