ជាតិ
មិន​ចាញ់ Hensley ឡើយ សាន់វ៉េ ស្គាល់ឈ្មោះ និង​ប្រវត្តិ​ប្រធានាធិបតី​អាមេរិក​ទាំង​៤៥​រូប​យ៉ាងច្បាស់​
03, Sep 2019 , 9:19 pm        
រូបភាព
កុមារាខ្មែរ សាន់វ៉េ បានសមត្ថភាពក្នុងកម្មវិធី«តូច ខ្លឹម ខ្លាំង» របស់PNN និង កុមារីអាមេរិក Macey Hensley ដែលល្បីល្បាញក្នុងកម្មវិធី Ellen Show
កុមារាខ្មែរ សាន់វ៉េ បានសមត្ថភាពក្នុងកម្មវិធី«តូច ខ្លឹម ខ្លាំង» របស់PNN និង កុមារីអាមេរិក Macey Hensley ដែលល្បីល្បាញក្នុងកម្មវិធី Ellen Show
​ភ្នំពេញ​៖ អាយុ​ត្រឹមតែ​៦​ឆ្នាំ​ប៉ុណ្ណោះ កុមារា សាន់វ៉េ មាន​សមត្ថភាព និង​ការចងចាំ​ខ្ពស់ ដែល​អាច​ស្គាល់ឈ្មោះ​ប្រធានាធិបតី​អាមេរិក​ទាំង​៤៥​រូប និង​អាច​ដឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ពិភពលោក​ខ្លះ​ផងដែរ​។ ភាព​វៃឆ្លាត​របស់​កុមារ សាន់វ៉េ បាន​រំលេច​ឡើង នៅក្នុង​កម្មវិធី​មួយ «​តូច ខ្លឹម ខ្លាំង​» របស់​ស្ថានីយ៍ទូរទស្សន៍ PNN កាលពី​ថ្ងៃទី​១ កញ្ញា កន្លងមក​។ កន្លងមក កុមារី​អាមេរិក Macey Hensley ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកជំនាញ​ប្រធានាធិបតី (Presidential Expert) ក្រោយ​ការបង្ហាញ​សមត្ថភាព​របស់ខ្លួន​ក្នុង​កម្មវិធី The Ellen DeGeneres Show ដ៏​ល្បីល្បាញ​នា​ឆ្នាំ​២០១៦​។​

 
​ក្នុង​វិធី​សាកល្បង​ប្រាជ្ញា​របស់​កុមារ​នេះ ពិធីករ អ៊ុក សុ​វណ្ណា​រិ​ទ្ធិ ហៅ​នាយ ចាប ចៀន រួមទាំង​គណៈកម្មការ​ដាក់ពិន្ទុ​៣​រូប មាន​លោក ម៉ា​ដូ​ណា ,​អ្នកនាង ស្វែង សុជាតា តារា​សម្ដែង និង​លោក ប៉ែន បូ​ណា និពន្ធ​នាយក​ព័ត៌មាន​ទូរទស្សន៍ PNN នោះ បាន​ចោទ​ជា​សំនួរ​អំពី​រូបិយ​បណ្ណ​អាមេរិក ដែលមាន​រូបតំណាង​នីមួយៗ​នៅក្នុង​ក្រដាសប្រាក់​នោះ​។ ចាប់តាំងពី​ក្រដាស​១​ដុល្លារ រហូតដល់​១០០​ដុល្លារ​អាមេរិក កុមារ សាន់វ៉េ ឆ្លើយ​ត្រូវ​ដោយ​គ្មាន​ខុស​ឈ្មោះ​ឡើយ​។ ការឆ្លើយ​ដោយ​ភាពជឿជាក់​របស់​កុមារ សាន់វ៉េ បានធ្វើឱ្យ​ពិធីករ និង​គណៈកម្មការ​កម្ម​វិធី មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​លើ​សមត្ថភាព​របស់ សាន់វ៉េ​។​


កុមារ សាន់វ៉េ ពាក់អាវយឺតស ខោខូវប៊យ
 
​ដោយ​មិន​អស់ចិត្ត​នោះ គណៈកម្មការ​មួយរូប គឺ​លោក ប៉ែន បូ​ណា ក៏បាន​ស្នើឱ្យ សាន់វ៉េ យក​រូបថត​ប្រធានាធិបតី​អាមេរិក​ទាំង​៤៥​រូប យកទៅ​តម្រៀប​តាម​លំដាប់លំដោយ ហើយ​រៀបរាប់​ឈ្មោះ​មេដឹកនាំ​នីមួយៗ​បង្ហាញ​ដល់​សាធារណជន​។ ប៉ុន្តែ​លំ​ហាត់​ទី​២​នេះ ក៏​មិនមែនជា​ចំណោទបញ្ហា​ដល់​កុមារ សាន់វ៉េ ដែរ ពោលគឺ សាន់វ៉េ នៅតែ​ធ្វើ​បានល្អ តាមរយៈ​ការរៀប​រូបភាព​តាម​លំដាប់ និង​បាន​រៀបរាប់​ឈ្មោះ​ប្រធានាធិបតី​ទាំង​៤៥​រូប ចាប់ពី​លោក ច​ច វ៉ាស៊ីនតោន ប្រធានាធិបតី​ទី​១ រហូតដល់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​បច្ចុប្បន្ន ដោយ​គ្មាន​ខុសឆ្គង​ឡើយ​។​

 
 
​មិន​ត្រឹមតែ​ស្គាល់ឈ្មោះ​ប្រធានាធិបតី​ទេ សូម្បីតែ​ប្រវត្តិសាស្ត្រ​នោះ ក៏​កុមារ សាន់វ៉េ អាច​ចងចាំ​បាន​យ៉ាង​ល្អ​ដែរ​។ នៅពេលដែល​លោក ប៉ែន បូ​ណា បាន​សួរថា តើ​ប្រធានាធិបតី​អាមេរិក​រូប​ណា ដែល​បញ្ជា​ទម្លាក់​គ្រាប់​បែប​នៅ​ប្រទេស​ជប៉ុន​? ហើយ​នៅ​ឆ្នាំ​ណា​ដែរ​?
 
​ដោយ​មិន​បង្អង់​យូរ សាន់វ៉េ បាន​ឆ្លើយ​ភ្លាម​ថា លោក Harry S. Truman (​ប្រធានាធិបតី​អាមេរិក​ទី​៣៣ កាន់តំណែង​ពី​ឆ្នាំ​១៩៤៥ ដល់​១៩៥៣ ដែល​បាន​បញ្ជា​ឱ្យ​ទម្លាក់​គ្រាប់​បែ​បរមាណូ​២​គ្រាប់ នៅ​ទីក្រុង Hiroshima និង​Nagasaki ប្រទេស​ជប៉ុន​) នៅ​ឆ្នាំ​១៩៤៥​។ 
 
​តើ​ប្រធានាធិបតី​អាមេរិក​រូប​ណា ដែល​បញ្ជា​ឱ្យ​ទម្លាក់​គ្រាប់​នៅ​កម្ពុជា​។ ឆ្លើយតប​សំនួរ​របស់លោក ប៉ែន បូ​ណា ដដែល​នេះ កុមារ សាន់វ៉េ បាន​និយាយថា លោក Richard Milhous Nixon (​ប្រធានាធិបតី​អាមេរិក​ទី​៣៧ ដែល​កាន់អំណាច​ពី​ឆ្នាំ​១៩៦៩ ដល់​១៩៧៤) ដែល​បាន​បញ្ជា​ឱ្យ​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ឆ្នាំ​១៩៦៩​។​«​អស្ចារ្យ​មែនទែន​»​។ នេះ​ជាការ​សរសើរ​របស់លោក ប៉ែន បូ​ណា​។​
 
​តាមពិតទៅ​កុមារា សាន់វ៉េ ចាប់ផ្ដើម​ចេះ​យកចិត្ត​ទុក​រៀនសូត្រ និង​ស្រាវជ្រាវ​តាំងពី​អាយុ​២​ឆ្នាំ​មកម្ល៉េះ តាមរយៈ​ការ​ឆែក​ព័ត៌មាន​តាម​អ៊ីនធឺណិត ដូចជា Youtube និង Google ជាដើម​។ មូលហេតុ​ដែល សាន់វ៉េ អាច​ឆែក​ព័ត៌មាន​តាម​អ៊ីនធឺណិត​បាន ដោយសារតែ​រូបគេ អាច​ប្រើប្រាស​ភាសា​អង់គ្លេស​បាន តាមរយៈ​ការអប់រំ​ពី​គ្រួសារ​។ នេះ​បើតាម​លោក វិចិត្រ ដែលជា​ឪពុក​របស់​កុមារ សាន់វ៉េ ដែល​បាន​បកស្រាយ​នៅក្នុង​កិច្ច​វិ​ដេ​អូ​មួយ ហើយ​ត្រូវបាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក IAMA Cambodia​។​
 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កម្មវិធី​អភិវឌ្ឍភាព​ឆ្លាត​វៃ​របស់​កុមារ IAMA រូបនេះ បាន​និយាយថា មូល​ហេតុដែល​ធ្វើឱ្យ សាន់វ៉េ មាន​ភាព​ឆ្លាត​វៃ គឺ​មកពី​កត្តា​ធំ​ពីរ​យ៉ាង​រួមផ្សំ​គ្នា ទី​១ មកពី​កត្តា​ហ្សែ​ន និង​ទី​២ កត្តា​រៀបចំ​ទុកដាក់​ពី​ឪពុក​-​ម្ដាយ ។ ត្រង់ចំណុច​នេះ​លោក វិចិត្រ បាន​និយាយថា បើ​ក្មេង​ម្នាក់​កើតមក​មានពូជ​ឆ្លាត​ហើយ មានការ​រៀបចំ​ទុកដាក់ ទំនុកបម្រុង​ពី​ឪពុក​-​ម្ដាយ បាន​យ៉ាង​ល្អ​នោះ គឺ​ក្មេង​នោះ​ធំ​ឡើង នឹង​ក្លាយជា​ក្មេង​ឆ្លាត និង​ពូកែ​បាន​យ៉ាង​ងាយ​។​


 
«​ឪពុក​-​ម្ដាយ ត្រូវ​ដឹងថា កូន​តាំងពី​កើតមក រហូតដល់​មាន​ដំណាក់កាល​នីមួយៗ គឺ​វា​មាន​វដ្ដ​របស់គាត់​។ អ៊ីចឹង​បើសិនជា​យើង​អាច​រក​វិធីសាស្ត្រ​ណា ដែល​ត្រូវ​នឹង​វដ្ដ នៃ​ការវិវត្ត​រាងកាយ​របស់គាត់ គឺ​យើង​អាចធ្វើឱ្យ​ខួ​ក្បាល​របស់គាត់ វិ​វត្ត​ក្លាយទៅជា​ភាព​ឆ្លាត​វៃ​ពេញទំហឹង​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​កម្មវិធី​អភិវឌ្ឍភាព​ឆ្លាត​វៃ​របស់​កុមារ IAMA លោក វិចិត្រ ដែល​បាន​បន្ថែមថា កូន​របស់ខ្លួន គឺ​កុមារ សាន់វ៉េ ដែលមាន​ភាព​ឆ្លាត​វៃ ដោយសារ​តែមាន​ការរៀប​ចំ​ត្រឹមត្រូវ តាំងពី​ការប្រើប្រាស់​ភាសា​និយាយស្តី ទាំង​គ្រឿងរ​ដាប់​ក្មេង​លេង ទាំង​កាយវិការ គឺ​សុទ្ធតែជា​របៀប​បង្រៀន​ឱ្យ សាន់វ៉េ ចេះ​គិត ទៅតាម​វដ្ដ​នៃ​រូបរាងកាយ​របស់គេ​។​
 
​កាលពី​ឆ្នាំ​២០១៦ កុមារី Macey Hensley មានឈ្មោះ​ដ៏​ល្បីល្បាញ​ក្នុង​អាយុ​៥​ឆ្នាំ ក្រោយ​ការបង្ហាញ​សមត្ថភាព​របស់ខ្លួន​ក្នុង​កម្មវិធី The Ellen DeGeneres Show​។ ក្នុង​កម្មវិធី លោកស្រី Ellen បាន​សាកសួរ​ព័ត៌មាន​ទាក់ទង​នឹង​ប្រធានាធិបតី​អាមេរិក​ទាំងអស់ ហើយ Hensley ឆ្លើយ​ដោយ​គ្មាន​ឧបសគ្គ​។ 

 
 
Hensley ក្លាយជា​ភ្ញៀវ​ដ៏​ទាក់ទាញ​បំផុត​របស់​កម្មវិធី The Ellen DeGeneres Show ហើយ​តាមរយៈ​កម្មវិធី​នេះ កុមារី​វៃឆ្លាត​រូបនេះ ក៏បាន​ជួប​ប្រាស្រ័យ​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​៕
 

Tag:
 កុមារ​ឆ្លាត​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com