ជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​កម្ទេច​សំណង់​៤​ទីតាំង ខណៈ​១០​កន្លែង​ទៀត ត្រូវ​រុះរើ​
04, Sep 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ សំណង់​អគារ​ចំនួន​៤​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​វាយកម្ទេច​ចោល ខណៈ​ទីតាំង​១០​កន្លែង​ទៀត រុះរើ​ចេញ​។ ការបញ្ជា​ឱ្យ​កម្ទេច និង​រុះរើ​នេះ ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​រកឃើញថា សំណង់​អគារ​ទាំងនោះ សាងសង់​ដោយ​គ្មាន​ស្ដង់ដា និង​អាច​បង្ក​ហានិភ័យ​ជាយថាហេតុ​កើតឡើង​។​


 
​លោក ឃៀង ភារ​ម្យ អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរខេត្ត បាន​ចុះ​ពិនិត្យ​លើ​គុណភាព​សំណង់​៥០០​កន្លែង ដោយ​រកឃើញ​ទីតាំង​ចំនួន​១៤ បាន​សាងសង់​ខុស​បច្ចេកទេស និង​គ្មាន​ស្ដង់ដា ដែល​តម្រូវឱ្យ​កម្ទេច និង​រុះរើ​ច​ញ​។ «១៤​ទីតាំង​បាន​រកឃើញថា​ខុស​បច្ចេកទេស​និង​មាន​ហានិភ័យ​ខ្ពស់ ។​ហើយ​ឥឡូវ​ទីតាំង​សំណង់​៤​កន្លែង​កំពុង​វៃ​កម្ទេចចោល ក្នុងចំណោម​៥០០​ទីតាំង​ដែល​កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​។ ទីតាំង​ដែល​នៅសល់ អាជ្ញាធរ​កំពុង​ជំរុញ​ឲ្យ​ម្ចាស់​ដី​ឬ​ម្ចាស់​សំណង់​រុះរើ​ជាបន្ទាន់​»​។ នេះ​បើតាម​លោក ឃៀង ភារ​ម្យ​។​


កិច្ចប្រជុំរវាងម្ចាស់ដីនិងម្ចាស់សំណង់ ជាមួយលោក គួច ចំរើន
 
​ចំពោះ​ទំហំ​ការសាងសង់​នៃ​ទីតាំង​ទាំង​១៤ ដែល​កំណត់​តាម​ស្ដង់ដា​សាងសង់​នោះ លោក ភារ​ម្យ មិនដឹង​ច្បាស់​ទេ ព្រោះ​វា​ជា​សមត្ថកិច្ច​កម្លាំង​ជំនាញ​ខាង​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៃ​ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី​។​
 
​ជុំវិញ​បញ្ហា​នេះ​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​សុំ​ព័ត៌មាន​បន្ថែម​ពី​ខាង​ក្រសួង​រៀបចំ​ដែនដី​បាន​នៅឡើយ​ទេ ។​
​កាលពី​ថ្ងៃទី​២ កញ្ញា លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ជួប​ជាមួយ​ម្ចាស់​ដី​និង​ម្ចាស់​សំណង​ទាំង​១៤​ទីតាំង ដើម្បី​ប្រាប់​ឱ្យ​រុះ​រើស​ឱ្យបាន​ឆាប់ តាម​ការណែនាំ​របស់រ​ដ្ឋ​បាល​ខេត្ត​។​
 
​កន្លងមក​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត ដឹកនាំ​មន្ត្រី​ជំនាញ​ពិនិត្យ​រាល់​ការដ្ឋាន​សំណង់ នៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួន ដើម្បី​ទប់ស្កាត់​បញ្ហា​សំណង់​ខុស​បច្ចេកទេស និង​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​។ មូលហេតុ​ដែល​ប្រមុខ​ក្រសួងមហាផ្ទៃ ដាក់ចេញ​បញ្ជា​បែបនេះ ធ្វើឡើង​ក្រោយពី​សម្ដេច​សង្កេតឃើញ​មាន​សំណង់​អគារ​ខ្លះ សាងសង់​គ្មាន​លិខិតអនុញ្ញាត និង​ខុស​បច្ចេកទេស ដែល​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ ឬ​ហានិភ័យ​ផ្សេងៗ និង​ប៉ះពាល់​ដល់​សោភ័ណភាព សណ្តាប់ធ្នាប់​ទីសាធារណៈ​។ 
 
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ក្រុងព្រះសីហនុ ដែល​បណ្ដាលឱ្យ​មនុស្ស​២៨​នាក់​ស្លាប់ និង​រងរបួស​២៦​នាក់​៕


រូបភាពពីក្រសួងរៀបចំដែនដី


Tag:
 សំណង់​អគារ​
© រក្សាសិទ្ធិដោយ thmeythmey.com