ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិ​មេ​ជ្រៃ​យល់ថា​សំរាម​ប្លា​ស្ទិ​ក​ជា​រនាំង​ខណ្ឌ​មិនឱ្យ​ទេសចរ​មកកាន់​សហគម​ន៍​របស់ខ្លួន​
04, Sep 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ សហគមន៍​នេសាទ​ដែល​រស់នៅ​ជាប់​នឹង​ទន្លេសាប តែង​ពឹង​អាស្រ័យ​ផល​ខ្លាំង​លើ​ផល​នេសាទ​។ សព្វថ្ងៃនេះ​ដោយសារ​ធនធានធម្មជាតិ​កាន់តែ​តិច​ទៅៗ ធ្វើឱ្យ​សហគមន៍​ទាំងនោះ​ងាកមើល​ឱកាស​ផ្សេងទៀត​ដើម្បី​អភិវឌ្ឍន៍​ជីវភាព​ពួកគេ​។ សហគមន៍​មេ​ជ្រៃ​ដែលមាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប ក៏​គិតពី​បញ្ហា​នេះដែរ ក្នុងនោះ​សហគមន៍​នេះ​កំពុង​ធ្វើ​យុទ្ធនាការ​អប់​រំជា​បន្ត​បន្ទាប់​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​។ សហគមន៍​មេ​ជ្រៃ​យល់ថា សំរាម​ជា​រនាំង​រាំងខ្ទប់​មិនឱ្យ​ទេសចរ​ចូលមក​ទស្សនា​ភូមិ​លិច​ទឹក​របស់ខ្លួន​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​សំរាម​ប្លា​ស្ទិ​ក កំពុង​ក្លាយជា​បញ្ហា​ដ៏​ឈឺក្បាល​សម្រាប់​ពិភពលោក​។ មិន​ដូច​សំរាម​ដទៃ​ទេ សំរាម​ប្លា​ស្ទិ​កបាន​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​បរិយាកាស​និង​ជីវចម្រុះ ហើយ​វា​មាន​អាយុកាល​រាប់រយឆ្នាំ​នៅលើ​ភពផែនដី​នេះ​។ ការអប់រំ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ពី​ការ​ទុកដាក់ ការ​វេច​ខ្ចប់​សំរាម​ប្លា​ស្ទិ​ក​នេះ ក៏​មិនមែនជា​រឿង​ងាយ​ប៉ុន្មាន​ដែរ​។​
 
​សហគមន៍​មេ​ជ្រៃ បានចាប់ផ្តើម​ផែនការ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន ក្នុង​បំណង​ដើម្បី​លុបបំបាត់​សំរាម និង​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ការ​ទុកដាក់​។ អ្នកភូមិ​យល់ថា ប្រសិន​ណា​បរិស្ថាន​នៅ​តំបន់​របស់ខ្លួន​ស្អាត នោះ​នឹង​អាច​ទាញ​ទេសចរ​កាន់តែច្រើន​ចូលមក​កម្សាន្ត​ក្នុង​សហគមន៍​ដែលមាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប​មួយ​នេះ​។​


 
​មេឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប លោក សាម ឈឿ​យ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅបាន​ដឹកនាំ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​នាក់ ចូលរួម​ក្នុង​កម្មវិធី​សម្អាត​បរិស្ថាន​នៅ​តំបន់​ជុំវិញ​វត្ត​មេ​ជ្រៃ ដែលជា​តំបន់​សំខាន់​មួយ​របស់​ឃុំ​កែវ​ពណ៌​។ លោក​មេឃុំ​ពន្យល់ថា កន្លងមក​ខាង​ឃុំ​ខ្វះខាត​ធនធាន​ក្នុងការ​កៀងគរ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន​នេះ ហើយ​ថា​កម្មវិធី​នៅពេលនេះ​ជា​ចំណុច​ចាប់ផ្តើម​មួយ​ដ៏​ល្អ​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ដល់​ពលរដ្ឋ​ទៅលើ​បញ្ហា​បរិស្ថាន​នេះ​។ ឃុំ​កែវ​ពណ៌ ក៏មាន​បំណង​ប្រែក្លាយ​សហគមន៍​របស់​ខ្លួន​កា្ល​យ​ជា​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​ដូច​តំបន់​កំពង់​ភ្លក់ តំបន់​កំពង់​ឃ្លាំង និង​តំបន់​ចុង​ឃ្នៀ​ស​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក​មេឃុំ ដោយ​បន្តថា​៖«...​នេះ​ជា​លើកទីមួយ តែ​ឃើញ​មាន​ពលរដ្ឋ​ចូលរួម​ច្រើន​ដោយសារ​យល់ថា ពេល​បរិស្ថាន​ស្អាត ជីវភាព​រស់នៅ​គាត់​ក៏​ល្អ​ដែរ បាន​ខំ​ស្ទុះ​ស្ទេ​រ​»​។​
 
​ក្រៅពីនេះ លោក សាម ឈឿ​យ ទទួលស្គាល់ថា ការអប់រំ​ពី​ការថែរក្សា​បរិស្ថាន​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ហើយក៏​មិនអាច​ធ្វើ​តែ​ឯកឯង​បានដែរ ក្នុងនោះ​ត្រូវការ​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​កិច្ចការ​ទាំងនេះ ដើម្បីឱ្យ​សហគមន៍​មួយ​មាន​បរិស្ថាន​ស្អាត និង​ជាទី​ទស្សនា​របស់​ភ្ញៀវទេសចរ​។​


 
​សហគមន៍​មេ​ជ្រៃ ស្ថិតនៅ​ប៉ែក​ខាងលិច​នៃ​ក្រុង​សៀមរាប​។ ដ្បិត​ជា​តំបន់​មានផ្ទះ​លិច​ទឹក​ក៏ពិតមែន តែ​តំបន់​នេះ​នៅ​មិនទាន់មាន​ការអភិវឌ្ឍ​ច្រើន​នៅឡើយ​បើ​យើង​ធៀប​នឹង​តំបន់​កំពង់​ឃ្លាំង កំពង់​ភ្លក់ និង​តំបន់​ចុង​ឃ្នៀ​ស​ជាដើម​។ ភ្ញៀវទេសចរ​មួយចំនួន ទៅ​កម្សាន្ត​នៅ​តំបន់​នេះ​នៅ​រដូវ​ទឹកទន្លេ​សាប​ឡើង​ធំ ព្រោះ​ងាយស្រួល​ធ្វើដំណើរ​តាម​ទូក រីឯ​ក្នុង​រដូវប្រាំង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាពលំបាក​បន្ដិច​។​
 
​មេឃុំ​កែវ​ពណ៌ លោក សាម ឈឿ​យ យល់ថា ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​នៅទីនេះ​មិនទាន់​ល្អ ទើប​ធ្វើឱ្យ​សហគមន៍​របស់លោក​មិនអាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ពី​វិស័យ​ទេសចរណ៍​។ បញ្ហា​សំរាម ក៏​ជាការ​រាំងស្ទះ​មួយ​ដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​មេឃុំ​។​
 
​លោក សុខ សន អ្នកភូមិ​ពានតា​អូរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កម្មវិធី​សម្អាត​បរិស្ថាន​នៅពេល​នោះដែរ​។ ជា​កម្មវិធី​ដ៏​ធំ​និង​មិន​ធ្លាប់​ចូលរួម​កន្លងមក បុរស​វ័យ​ខ្ទង់​សែសិប​ឆ្នាំ​និង​ជា​អ្នកនេសាទ​រូបនេះ​រៀបរាប់ថា មាន​អារម្មណ៍​រីករាយ​។ រីករាយ​ពេល​បានធ្វើ​កិច្ចការ​ដ៏​ល្អ​សម្រាប់​សហគមន៍​ខ្លួន តាមរយៈ​ការ​រើស​សំរាម​ក៏ដូចជា​សម្អាត​បរិស្ថាន​ដើម្បីឱ្យ​សហគមន៍​មួយ​នេះ មាន​ភាពស្រស់ស្អាត​។ លោក សន តាមរយៈ​ក្បាល​មេក្រូ​អ្នកសារព័ត៌មាន ក៏​សំណូមពរ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​សម្អាត​និង​ចេះ​វេច​ខ្ចប់​សំរាម​តាម​ផ្ទះ​ឱ្យបាន​ត្រឹមត្រូវ​។​


 
​លោក ស៊ា សុផល ប្រធាន​អង្គការ​ទំពាំង​ស្នង​ឫស្សី​ដែល​បាន​សម្របសម្រួល​សហកា​រ​ជាមួយ​អាជ្ញាធរ​កែវ​ពណ៌​ក្នុង​កម្មវិធី​សម្អាត​បរិស្ថាន​នៅពេលនោះ​បានឱ្យដឹងថា រដូវប្រាំង​នៅ​ឆ្នាំ​អូសបន្លាយ​យូរ​ទើប​លោក​មាន​ពេលវេលា​សមរម្យ​ក្នុង​ការរៀបចំ​កម្មវិធី​សម្អាត​នៅ​សហគមន៍​មេ​ជ្រៃ​នេះ​។ លោក សុផល​ពន្យល់ថា មេ​ជ្រៃ​ក៏​ស្ថិតក្នុង​គម្រោង​ធំ​របស់​អង្គការ​លោក​ដែរ ដើម្បីឱ្យ​បរិស្ថាន​នៅ​បឹង​ទន្លេសាប​ស្អាត​។ បញ្ហា​បរិស្ថាន​ជា​ចំណុចក្ដៅ​របស់​សហគម​ន៍​នេះ ប្រសិនបើ​បរិស្ថាន​ស្អាត ការរស់នៅ​របស់​អ្នកភូមិ​ក៏មាន​សុខភាព​ល្អ ប្រសិនបើ​បរិស្ថាន​ស្អាត តំបន់​អេកូ​ទេសចរណ៍​នៅទីនេះ​ក៏​ទាក់ទាញ​ទេសចរ​បាន​កាន់តែច្រើន​បន្ថែមទៀត​។​
 
​ជា​អ្នក​ស្រឡាញ់​បរិស្ថាន​មួយរូប លោក សុផល បានធ្វើ​កម្មវិធី​សម្អាត​បរិស្ថាន​នៅតាម​សហគមន៍​បឹង​ទន្លេសាប​ប្រមាណ​៣​ឆ្នាំ​មកហើយ​។ កម្មវិធី​សម្អាត​បរិស្ថាន​នោះ​ធ្វើ​មួយឆ្នាំ​២​ដង គឺ​នៅ​រដូវ​មុន​ទឹក​ឡើង​ម្ដង និង​រដូវ​ទឹកសម្រក​ម្ដង​។ នា​រដូវ​ទឹកសម្រក អ្នកស្រុក​អង្គរជុំ​និង​ស្រឡាញ់​ការងារ​សង្គម​រូបនេះ បាន​កៀងគរ​សហគមន៍​រើស​សំរាម​ពិសេស​សំរាម​ប្លា​ស្ទិ​ក​ដែល​ទើរ​ជាប់​នឹង​ដើមឈើ ដែល​សំរាម​ទាំងនោះ​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទឹក​។ យុទ្ធនាការ​នេះដែរ ក៏បាន​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ចេះ​ញែក​សំរាម និង​ការ​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ​៕




 

Tag:
 សហគមន៍​ទេសចរណ៍​
  មេ​ជ្រៃ​
  ទេសចរណ៍​
  ស៊ា សុផល​
© រក្សាសិទ្ធិដោយ thmeythmey.com