អន្តរជាតិ
ស្ត្រី​ឆេ​ក​ម្នាក់​សម្រាលកូន ខណៈដែល​ខ្លួន​ស្ថិតក្នុង​ស្ថានភាព​សន្លប់​អស់​១១៧​ថ្ងៃ​
03, Sep 2019 , 9:39 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ម្នា​ក់នៅ​សាធារណរដ្ឋ​ឆេ​ក ស្ថិតក្នុង​ក្រុង Brno ដែល​ស្លាប់​ខួរក្បាល​អស់​រយៈពេល​៤​ខែ​មកហើយ​នោះ បែរជា​បង្កើត​បានកូន​ស្រី​ម្នាក់​។ យោងតាម AFP ក្រុមគ្រូពេទ្យ​បានប្រកាស​ពី​ដំណឹង​នេះ កាលពី​ថ្ងៃទី​២ ខែកញ្ញា​។​

 
«​ទារិកា Eliska បានកើត​ចេញពី​ផ្ទៃ​ម្តាយ ដោយសារ​ការវះកាត់ ក្រោយ​ម្តាយ​ពរ​ពោះ​ដល់​សប្តាហ៍​ទី​៣៤»​។ នេះ​បើតាម​ការអះអាង​របស់​លោក Roman Gal អ្នកជំនាញ​វះកាត់​នៅ​មន្ទីរពេទ្យក្រុង Brno នា​សន្និសីទ​សារព័ត៌មាន​មួយ​។​
 
​កាលពី​ឆ្នាំ​២០១៦ អ្នកស្រី Eva Votavova អាយុ​២៧​ឆ្នាំ ដែលជា​ម្តាយ​របស់ Eliska ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​ខួរក្បាល​ធ្ងន់ធ្ងរ​។ នៅ​ថ្ងៃទី​២១ ខែសីហា អ្នកស្រី Eva បាន​ដួលសន្លប់ ហើយ​ត្រូវបាន​ពិនិត្យឃើញថា មាន​ផ្ទៃពោះ​១៦​សប្តាហ៍​។​


 
​ក្រុមគ្រូពេទ្យ​បានប្រកាសថា Eva មាន​ជំងឺ​ស្លាប់​ខួរក្បាល ប៉ុន្តែ​ក្រុមគ្រូពេទ្យ បន្ត​ថែទាំ​សរីរាង្គ​របស់​ម្តាយ​រូបនោះ ជាពិសេស​បេះដូង សួត ក្រពះ ពោះវៀន និង​ដំណើរការ​ផ្សេងៗ​ផ្នែក​ដង្ហើម​។​
 
Eliska កើតមក​ដោយ​ជោគជ័យ​ជាមួយនឹង​ទម្ងន់​២,១៣​គីឡូក្រាម និង​កម្ពស់​៤២​សង់ទីម៉ែត្រ​។ ក្រោយ​នៅ​ពេទ្យ​បាន​២​សប្តាហ៍ ឪពុក​បាន​យក Eliska ទៅ​ថែរក្សា​នៅផ្ទះ ដោយមាន​បងប្រុស​រប​ស់​គេ​នៅទីនេះ ខណៈ​ម្តាយ​បន្ត​ព្យាបាល​ជំងឺ​ប្រចាំកាយ​របស់ខ្លួន​រហូត​ដល់​ជីវិតចុងក្រោយ​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com