ជាតិ
សេដ្ឋកិច្ច
និស្សិត​ខ្មែរ​ជាង ១០០០​នាក់​ហើយ​តាំងពី​ឆ្នាំ​២០០៨ បាន​ទៅ​រៀនសូត្រ​កសិកម្ម​នៅ​អ៊ីស្រាអែល​
04, Sep 2019 , 10:14 am        
រូបភាព
រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
ភ្នំពេញ​៖ និស្សិត​កម្ពុជា​ទៅ​រៀនសូត្រ ដក​បទពិសោធន៍​លើ​ជំនាញ​កសិកម្ម រៀងរាល់ឆ្នាំ នៅ​ប្រទេស​អ៊ីស្រាអែល តាមរយៈ​ធ្វើ​កម្មសិក្សា​នៅ​ទីនោះ​។


 
​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ជំនា​ន់ទី​១២ នេះ កម្ពុជា​បា​នប​ញ្ចូ​ន​និស្សិត ១៦៩​ទៅ​ប្រទេស​អ៊ីស្រាអែល​។ ក្នុងចំណោម ១៦៩​រូបនេះ គឺ​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) ចំនួន​១៤៩​រូប សាលា​ជាតិ​កសិកម្ម​ព្រែកលៀប ១០​រូប និង​សាលា​ជាតិ​កសិកម្ម​កំពង់ចាម ១០​រូប​។ 


 
​សរុប​ទាំង​១២​ជំនាន់ ដែល​រាប់​តាំងពី​ឆ្នាំ​២០០៨ មក គឺ​និស្សិត​ខ្មែរ​ចំនួន ១០៥៧ នាក់​ហើយ​ដែល​ត្រូវបាន​បញ្ជូនទៅ​រៀនសូត្រ​នៅ​ប្រទេស​អ៊ីស្រាអែល​។ តាមរយៈ​កម្មសិក្សា​នេះ និស្សិត​ក្នុង​មួយ​ជំនាន់ៗ មានឱកាស ១១​ខែ​នៅ​ប្រទេស​អ៊ីស្រាអែល សម្រាប់​ការរៀនសូត្រ​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់​នៅ​មន្ទីរពិសោធន៍ និង​កសិដ្ឋាន​។ នេះ​បើតាម​លោក ង៉ោ ប៊ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​និស្សិត​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​អ៊ីស្រាអែល នៅ​ថ្ងៃទី​៣០​ខែសីហា ។​
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​នេះ បាន​ជំរុញ​ឲ្យ​និស្សិត​ដែល​ទទួលបាន​ឱកាស​ចេញទៅ​ប្រទេស​អ៊ីស្រាអែល​ទាំងនេះ ត្រូវខិតខំ​ពង្រីក​ចំណេះ​ជំនាញ​របស់ខ្លួន សម្រាប់​ជា​ប្រយោជន៍​ការងារ​ទៅ​ថ្ងៃមុខ និង​ចូលរួមចំណែក​អភិវឌ្ឍន៍​ជាតិ​។ លោក​មានប្រសាសន៍​ដូចនេះ​ថា​៖«​ក្មួយៗ​នឹងត្រូវ​ប្រឡូក​ក្នុង​សាលារៀន​នៃ​ជីវិត​ជាក់ស្ដែង ដើម្បី​កសាង​ជីវភាព​ផ្ទាល់ខ្លួន​ផង វាសនា​អនាគត​គ្រួសារ​ផង និង​ដើម្បី​បំពេញការងារ​តាម​វិជ្ជាជីវៈ​របស់ខ្លួន ដែលជា​ការចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​»​។​


 
​លោក វេ​ង សាខុន បន្ត​ដូច្នេះ​ទៀតថា​៖«​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្មួយៗ​ដែល​ត្រូវ​ក្រេបជញ្ជក់​យក​ទាំង​ចំណេះ​ជំនាញ និង​បទពិសោធន៍ ទុកជា​ទុន​សម្រាប់​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​បុគ្គល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់ ឬ​អនុវត្ត​បច្ចេកវិទ្យា​ថ្មីៗ​ក្រោយពេល​ក្មួយៗ​ត្រឡប់មក​មាតុភូមិ​វិញ​»​។​
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ ណែនាំ​ដល់​និស្សិត​ខ្មែរ​ទាំងនេះ ឲ្យ​ព្យាយាម​ក្រេប​យកចំណេះ​ដឹង និង​បច្ចេកទេស ព្រមទាំង​ផ្នែក​គ្រប់គ្រង ដើម្បី​ពង្រឹងសមត្ថភាព​លើ​ជំនាញ​បច្ចេកទេស​ទំនើប បច្ចេកវិទ្យា​វៃឆ្លាត ធ្វើយ៉ាងណា​រត់​ឲ្យ​ទាន់​សម័យកាល​ឧស្សាហកម្ម​ទី​៤៕


 

Tag:
 កសិកម្ម​
  និស្សិត​
  និស្សិត​កសិកម្ម​
  អ៊ីស្រាអែល​
© រក្សាសិទ្ធិដោយ thmeythmey.com