ជាតិ
សម្ដេច ស ខេង៖ ភ្ជាប់កង្វល់ពលរដ្ឋជាមួយគោលការណ៍រដ្ឋាភិបាល នោះយើងមិនងាយខុសទេ
× ភ្នំពេញ៖ បើក្ដាប់ស្ថានការណ៍នៅមូលដ្ឋានមិនបាន នោះរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាបានល្អទេ។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជំរុញឱ្យមន្ត្រីថ្នាក់ជាតិទាំងអស់ ចុះធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីប្រមូលយកបញ្ហាប្រឈមនានាមកដោះស្រាយ។
សម្ដេច ស ខេង ដែលបានបញ្ជាឱ្យមន្ត្រីខ្លួនចុះជួបប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្នុងរាជធានី-ខេត្តនេះ បាននិយាយថា រដ្ឋាភិបាល ពិតជាមិនអាចដោះស្រាយបញ្ហាពលរដ្ឋបានត្រឹមត្រូវទេ បើសិនជាមិនដឹងពីតម្រូវការរបស់ពលរដ្ឋ។ ត្រង់ចំណុចនេះសម្ដេច ស ខេង បានផ្ដាំមន្ត្រីខ្លួន ឱ្យចុះប្រមូលព័ត៌មាន និងបញ្ហាប្រឈមពីពលរដ្ឋដោយភាពអត់ធ្មត់ និងកត់ត្រាឱ្យបានហ្មត់ចត់រាល់មតិយោបល់របស់ពួកគេ ពោលគឺមន្ត្រីទាំងអស់មិនត្រូវជំទាស់មតិ និងគំនិតរបស់ពលរដ្ឋ ដែលខ្លួនគិតថាជាមតិប្រឆាំងនោះឡើយ។ សម្រាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានតែការស្ដាប់ និងដោះស្រាយបញ្ហាពលរដ្ឋឱ្យសមរម្យទេ ទើបវានឹងធ្វើឱ្យរដ្ឋាភិបាលគេចផុតពីកំហុស និងការរិះគន់។
ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៤ កញ្ញា នេះ សម្ដេច ស ខេង បាននិយាយដូច្នេះថា៖«រដ្ឋាភិបាលដឹកនាំ គ្រប់គ្រងចាត់ចែង បើកាលណាក្ដាប់មិនបាននូវស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន ការគិតគូពីកង្វល់ នូវបញ្ហាប្រឈមនៅមូលដ្ឋានរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលនោះប្រហែលជាមិនអាចដោះស្រាយបញ្ហាបានល្អទេ។ ប៉ុន្តែបើយើងផ្សារភ្ជាប់ការគិតគូរកង្វល់របស់ប្រជាពលរដ្ឋ ជាមួយគោលការណ៍ វិធានការនានារបស់រដ្ឋាភិបាល គឺរដ្ឋាភិបាលអាចនឹងទទួលបានជោគជ័យ បានន័យថា រដ្ឋាភិបាលស្ដាប់ប្រជាពលរដ្ឋ ហើយដោះស្រាយនូវអ្វីដែលប្រជាពលរដ្ឋចង់បាន ហើយសមស្រប ។ធ្វើបែបនេះ រដ្ឋាភិបាលមិនងាយមានកំហុសទេ»។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការធ្វើវេទិកាសាធារណៈនេះ គឺពលរដ្ឋអាចបញ្ចេញមតិលើកយកបញ្ហាមកប្រាប់មន្ត្រីរដ្ឋាភិបាលគ្រប់គ្នា ហើយការដោះស្រាយនោះ ក៏មិនត្រូវប្រកាន់និន្នាការនយោបាយដែរ។ ក្នុងន័យនេះសម្ដេច ស ខេង បានសង្កត់ធ្ងន់ថា រាល់បញ្ហាដែលពលរដ្ឋលើកឡើងនោះ ទោះបីដោះស្រាយបានភ្លាមៗក្តី ឬមិនបានក្តី ក៏រដ្ឋាភិបាលដាក់បញ្ហាទាំងនោះ ចូលក្នុងបញ្ជីបញ្ហារបស់ពលរដ្ឋមួយ ដើម្បីដោះស្រាយជាដំណាក់កាល ពោលគឺរដ្ឋាភិបាលនឹងធ្វើបច្ចុប្បន្នភាពបញ្ហាប្រឈមរបស់ពលរដ្ឋ ដើម្បីរំកិលបញ្ហាទាំងនោះ ទៅជាការអភិវឌ្ឍវិញ។
«ការបើកវេទិកាសាធារណៈនេះ គឺសុំឱ្យមានសមាសភាពចូលរួមចម្រុះ គឺយើងស្ដាប់ទាំងអស់ បើកទូលាយឱ្យគាត់និយាយ ឱ្យគាត់សម្ដែងមតិ លើកបញ្ហាមក បញ្ហាដីធ្លីយ៉ាងម៉េច? បញ្ហាកសិផលរបស់គាត់យ៉ាងម៉េច? ការរស់នៅរបស់គាត់យ៉ាងម៉េច? មានសន្តិសុខល្អប្រសើរទេ?»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង ដែលបានសង្កត់ធ្ងន់ទៅមន្ត្រីខ្លួនថា បើស្ដាប់មតិយោបល់ពលរដ្ឋច្រើន នោះរដ្ឋាភិបាលនឹងទទួលបានគំនិតច្រើនសម្រាប់ការអភិវឌ្ឍ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលប្រមូលបញ្ហាប្រឈមរបស់ពលរដ្ឋបានជាង៩០០ករណីហើយ ដោយក្នុងនោះបញ្ហាពលរដ្ឋ៣០០ករណីនៅខេត្តព្រៃវែង និងជាង៦០០ករណីទៀត នៅខេត្តបាត់ដំបង។ ក្រោយពីប្រមូលបញ្ហាទាំងនេះហើយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងធ្វើជារបាយការណ៍ដាក់ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រួតពិនិត្យ និងដាក់ចេញយុទ្ធសាស្ត្រដំណោះស្រាយ។ បើតាមសម្ដេច ស ខេង រដ្ឋាភិបាលនឹងបូកសរុបការងារចុះជួបពលរដ្ឋតាមវេទិកាសាធារណៈនេះ នៅខែមករា ឆ្នាំ២០២០ខាងមុខ៕
Tag:
ស ខេង
នយោបាយ
វេទិកាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com