ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា រក​ទីតាំង​ក្លិប​ថ្មី​បាន​ហើយ និង​សង្ឃឹម​មាន​អ្នក​ទាក់ទង​ហ្វឹកហាត់​ដូចដើម
04, Sep 2019 , 7:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
ក្លិប «​សិល្បៈ​» ដែលជា​កម្មសិទ្ធិ​របស់ អ្នកលេង​គុន​ចម្រុះ​ល្បីឈ្មោះ ចាន់ រតនា នោះបាន​ប្ដូរ​ទៅកាន់​ទីតាំង​ថ្មី​ផ្ទះ​លេខ​១០៩ ផ្លូវ ១៣ BT សង្កាត់​បឹងទំពន់​១​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ទល់មុខ​នឹង Phnom Penh Sports Club ផ្លូវ​២៧១)​។ ទីតាំង​ក្លិប​ចាស់​ដែល​ស្ថិតនៅ​ក្បែរ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​នោះបាន​ផុត​កិច្ចសន្យា​ត្រឹម​ខែ សីហា នេះ បន្ទាប់ពី​ហ្វឹកហាត់ និង រស់នៅ​រយៈពេល ៣ ឆ្នាំ​។ ការផ្លាស់​ទៅ​កន្លែង​ថ្មី​នេះ​ដោយសារ​ម្ចាស់​ទីតាំង​យកទៅលក់​ឲ្យ​អ្នកថ្មី​។​

 
​ចាន់ រតនា បាន​ថ្លែងថា​៖«​ខ្ញុំ​គិតថា​ទីតាំង​នេះ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​ក្បែរ​ក្លិប​ហាត់​កីឡា​ទៀត នៅ​ម្ដុំ​ផ្លូវ ២៧១​។ ខ្ញុំ​ជឿជាក់ថា​កូនសិស្ស​នៅតែ​មក​ហាត់​ច្រើន​ដូចដើម​។ នៅ​ក្លិប​ចាស់​ខ្ញុំ​មានកូន​សិស្ស​ប្រហែល​ជាង ៥០ នាក់​។ តាមពិត​គោលដៅ​របស់ខ្ញុំ ...​ចង់​ជួល​នៅ​ម្ដុំ​ទួល​ទំពូង​ព្រោះ​សម្បូរ​ដោយ​កូនសិស្ស​បរទេស​ច្រើន ប៉ុន្តែ​រក​អត់​បាន​។ ដូច្នេះ​ទីតាំង​ថ្មី​ក៏​មើលទៅ​ល្អ​ដែរ និង មិន​ឆ្ងាយ​ទេ​»​។ 


 
​ទីតាំង​ថ្មី​ខាងលើនេះ​មាន​ទំហំ​ទទឹង​ប្រហែល​១៦ ម៉ែត្រ និង​បណ្ដោយ ប្រហែល ៣០ ម៉ែត្រ​។ ទីតាំង​នេះ​តូច​ជាង​ទីតាំង​ចាស់​នៅ​ម្ដុំ​គុក​ទួលស្លែង​បន្តិច​ប៉ុន្តែ មើលទៅ​កន្លែង​រៀបចំ​ហ្វឹកហាត់​ប្រសើរ​ដែរ​។ សម្ភារ និង ឧបករណ៍​ហ្វឹកហាត់​ត្រូវបាន​ដឹកជញ្ជូន​រួចរាល់​ពី​ក្លិប​ចាស់ ហើយ រតនា រំពឹងថា​ក្លិប​នឹង​ដំណើរការ​ហ្វឹកហាត់​នា​ដើមខែ កញ្ញា នេះ​។ 
 
​ជើង​ខ្លាំង​គុន​ចម្រុះ​វ័យ ៣៣ ឆ្នាំ​សង្កត់ធ្ងន់ថា​៖«​តម្លៃ​ជួល​ទីតាំង​ថ្មី​នេះ​មួយខែ ជាង​៦០០ ដុល្លារ​អាមេរិក ដែល​ថោក​ជាង​ក្លិប​ចាស់​ជាង ២០០ ដុល្លារ​។ យើង​ជួល​ពីរ​ឆ្នាំ​សិន បើ​យ៉ាងម៉េច​យ៉ាង​ម៉ា​យើង​អាច​បន្តទៀត​»​។ ក្លិប «​សិល្បៈ​» នៅ​ទីតាំង​ថ្មី ក៏​ដូច​ក្លិប​ចាស់​ដែរ មិន​ត្រឹមតែ​បង្ហាត់​កីឡាករ​អាជីព​ទេ ប៉ុន្តែ មាន​ទទួល​ម៉ោង​ហ្វឹកហាត់​ដើម្បី​សុខភាព​ផងដែរ​។ នាពេល​កន្លងទៅ មាន​ជនបរទេស ចូលរួម​ហ្វឹកហាត់​ប្រមាណ ៣០ នាក់​ដែល​ពួកគេ​ចង់​ចេះ​គុន​ខ្មែរ ឬ សុខភាព​មាំទាំ និង អ្នកខ្លះ​ហ្វឹកហាត់​ដើម្បី​ចង់​ឡើង​ប្រកួត​ទៅ​ថ្ងៃ​អនាគត​។ ការហ្វឹកហាត់​ត្រូវ​បែង​ចែកជា ៣ វេន ពោល​វេន​ព្រឹក ថ្ងៃរសៀល និង ល្ងាច​។ 


 
​ចាន់ រតនា ជា​កីឡាករ​មាន​ក្បាច់​បាត​ពេល​ហ្វឹកហាត់​យុទ្ធ​គុនខម​ជាមួយ​ឳ​ពុក ចាន់ ប៊ុនធឿន និង គុន​ខ្មែរ​ជា​ហូរហែ មុនពេល​ចាប់​អាជីព​ជា​អ្នកលេង​ក្បាច់គុន​ចម្រុះ​។ រតនា ជា​កីឡាករ​លេចធ្លោ​បំផុត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការប្រកួត​ក្បាច់គុន​ចម្រុះ នៅ​សង្វៀន ONE Championship ជាពិសេស ជ័យជម្នះ ៣ ប្រកួត​ចុងក្រោយ​មិន​ធ្លាប់​មាននៅ​សង្វៀន​លំដាប់​ពិភពលោក​ត្រូវបាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​។ 
 
​បើ​សរុប​កំណត់​ប្រកួត ចាន់ រតនា ឈ្នះ ៧ ដង និង ចាញ់ ៣ ដង​បន្ទាប់ពី​ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ​តាំង​ឆ្នាំ ២០១៥​មក​។ ក្នុង​៣​លើកចុងក្រោយ ម្ចាស់​ក្លិប «​សិល្បៈ​» វាយ​កីឡាករ​ឥណ្ឌូណេស៊ី ពីររូប ABRO Fernandez និង Rudy Agustian ត្រឹម​ទឹក​ទី​២ មុនពេល​ឈ្នះ​ពិន្ទុ ជើង​ខ្លាំង​គុយបា Gustavo Balart នា​ពាក់​កណ្ដាលខែ សីហា កន្លងទៅ​។ 
​អ្នក​ស្រលាញ់​សុខភាព​ឬ ក្បាច់គុន​អាចទាក់ទង​ហ្វឹកហាត់​បាន​តាមរយៈ​លេខ​ទូរ​សព្ទ រតនា​៖ ០៩២ ៣៤៥ ៤៣៩​។ 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/, ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  

© រក្សាសិទ្ធិដោយ thmeythmey.com