អន្តរជាតិ
ជំនួយ​ដែល​បាន​សន្យា តែ​មិនបាន​ផ្ដល់ជូន​តាម​ការ​សន្យា​អាចធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​នៅក្នុង​ប្រទេស​យេ​ម៉ែន​
04, Sep 2019 , 7:59 pm        
រូបភាព
រូបភាព​ឯកសារ៖ ក្មេង​ប្រុស Moaz Ali Mohammed អាយុ​២ឆ្នាំ ដែល​មាន​ជំងឺ​ខ្វះ​សារធាតុ​បំប៉ន​ខ្លាំង ត្រូវ​បាន​ម្តាយ​ងូត​ទឹក​ឲ្យ​នៅ​ខាង​ក្រៅ​ផ្ទះ នៅ​ក្នុង​ស្រុក Aslam ខេត្ត Hajjah ប្រទេស​យេម៉ែនកាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ ក្មេង​ប្រុស Moaz Ali Mohammed អាយុ​២ឆ្នាំ ដែល​មាន​ជំងឺ​ខ្វះ​សារធាតុ​បំប៉ន​ខ្លាំង ត្រូវ​បាន​ម្តាយ​ងូត​ទឹក​ឲ្យ​នៅ​ខាង​ក្រៅ​ផ្ទះ នៅ​ក្នុង​ស្រុក Aslam ខេត្ត Hajjah ប្រទេស​យេម៉ែនកាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។
ដោយ: VOA
​អង្គការសហប្រជាជាតិ ៖ អ្នកស្រី Lise Grande អ្នកសម្របសម្រួល​ផ្នែក​មនុស្សធម៌​ប្រចាំ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​យេ​ម៉ែន បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី ៣១ ខែសីហា​ថា​៖ «​នៅពេលដែល​ថវិកា​មិន​មក មនុស្ស​នឹង​ស្លាប់​»​។​

 
​មានតែ​កម្មវិធី​មនុស្សធម៌ ៣ ប៉ុណ្ណោះ​ក្នុងចំណោម​កម្មវិធី​មនុស្សធម៌​សម្រាប់​សំខាន់ៗ ចំនួន ៣៤ ត្រូវបាន​គេ​ផ្ដល់​ថវិកា​ឲ្យ​នៅក្នុង​ឆ្នាំនេះ​។​
 
​វិបត្តិ​មនុស្សធម៌​នេះ គឺជា​លទ្ធផល​នៃ​សង្គ្រាម​ជាង​បួន​ឆ្នាំ​រវាង​ក្រុម​ប្រដាប់អាវុធ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត ដែល​គាំទ្រ​រដ្ឋាភិបាល​យេ​មែន ប្រឆាំងនឹង​ក្រុម​បះបោរ Houthi ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់ ដែល​បាន​ដណ្ដើម​កាន់កាប់​វិមាន​ប្រធានាធិបតី និង​បង្ខំ​ឲ្យ​ប្រធានាធិបតី លាលែង​ពី​តំណែង​។​
 
​ប្រទេស​យេ​ម៉ែន​គឺជា​ប្រទេស​ដែលមាន​ប្រតិបត្តិការ​មនុស្សធម៌រ​បស់​អង្គការសហប្រជាជាតិ​ធំជាងគេ ប៉ុន្តែ​ការណ៍​នេះ​កំពុងតែជួបប្រទះ​កង្វះ​ថវិកា​យ៉ាងធ្ងន់ធ្ងរ​។ ក្នុងចំណោម​ថវិកា​ដែល​ត្រូវ​ការសរុប ៤​ពាន់ ១​រយ ៩០​លាន​ដុល្លារ មានតែ ៣៤% ប៉ុណ្ណោះ​ដែល​ទទួលបាន​។​
 
​ម្ចាស់ជំនួយ​ដ៏​ធំ​បំផុត​ពីរ គឺ​អារ៉ាប៊ីសាអ៊ូឌីត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សម្រាប់​ឆ្លើយតប​ទៅនឹង​ផែនការ​មនុស្សធម៌​នេះ​ក៏​ជា​តួអង្គ​ពីរ​សំខាន់​នៃ​សង្គ្រាម​ខាងលើ​ផងដែរ​។ ប្រទេស​នីមួយៗ​បាន​សន្យាថា​ផ្ដល់ជំនួយ​ម្នាក់ ៧៥០ លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​កម្មវិធី​មនុស្សធម៌​ទាំងនេះ​ក្នុង​ឆ្នាំ ២០១៩ ប៉ុន្តែ​ទើបតែ​បានផ្ដល់​ថវិកា​មួយផ្នែក​តូច​ប៉ុណ្ណោះ​។​
 
​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បានផ្ដល់​ប្រាក់​ត្រឹមតែ ១២៧​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បានផ្ដល់ ១៦០ លាន​ដុល្លារ​។ អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក៏បានផ្ដល់​ប្រាក់ ៨៩ លាន​ដុល្លារ ចំណែក ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បានផ្ដល់​ចំនួន ៣៨​លាន​ដុល្លារ​ទៀត ទៅដល់​អង្គការ​មួយចំនួន​ដែល​ធ្វើការ​ក្រៅ​ផែនការ​នេះ​។​
 
​អង្គការសហប្រជាជាតិ​បានលើកឡើង​ទៀតថា នៅក្នុង​ប្រទេសមួយ​ដែល​ប្រជាជន​ប្រមាណ ១០​លាន​នាក់ កំពុង​រស់នៅ​លើ​គែម​នៃ​គ្រោះ​ទុរភិក្ស​បែបនេះ បើ​គ្មាន​ជំនួយ​មក​ទាន់ពេល​នោះទេ នឹងមាន​កាត់បន្ថយរ​បប​អាហារ​របស់​មនុស្ស​ប្រមាណ ១២ លាន​ដុល្លារ និង​បញ្ចប់​សេវា​ផ្ដល់​អាហារ​ដល់​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​ដែលមាន​ទំហំ​ទឹកប្រាក់ ២​លាន ៥​សែន​ដុល្លារ​។​
 
​កន្លែង​ផ្ដល់​ការថែទាំ​សុខភាព​ជាង​ពាក់កណ្ដាល​នៅក្នុង​ប្រទេស​យេ​មែន​បាន​បិទទ្វារ​ដោយ​ការបំផ្លិចបំផ្លាញ​ដោយ​គ្រាប់បែក និង​កង្វះ​សម្ភារៈ​បរិក្ខារ ក៏ដូចជា​បុគ្គលិក​។ ប៉ុន្តែ​ប្រជាជន​ជាង ១៩​លាន​នាក់​កំពុង​បាត់បង់​ការទទួលបាន​ការថែទាំ​សុខភាព ដោយសារ​បញ្ហា​កង្វះខាត​ថវិកា​។​
 
​កាលពី​ខែឧសភា អង្គការសហប្រជាជាតិ ត្រូវបាន​បង្ខំ​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជាច្រើន និង​បាន​បញ្ឈប់​ការបញ្ជាទិញ​ថ្នាំ​ផងដែរ​។ ទន្ទឹមនឹងនេះ បុគ្គលិក​រដ្ឋាភិបាល​កំ​ពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​អាសន្នរោគ ជំងឺ​ខាន់ស្លាក់ និង​ជំងឺ​កញ្ជ្រឹល​ទ្រង់ទ្រាយ​ធំ​។​
 
​អ្នកស្រី Grande អ្នកសម្របសម្រួល​ផ្នែក​មនុស្សធម៌​ប្រចាំ​អង្គការសហប្រជាជាតិ​នៃ​ប្រទេស​យេ​ម៉ែន​បាន​និយាយថា​៖ «​ប្រជាជន​រាប់លាន​នាក់​នៅក្នុង​ប្រទេស​យេ​ម៉ែន ដែល​គ្មាន​កំហុស គឺជា​ជនរងគ្រោះ​នៃ​សង្គ្រាម ពួកគេ​ពឹង​ផ្អែកលើ​យើង​ដើម្បី​រស់​។ ហើយ​យើង​គ្រប់គ្នា​មានការ​អាម៉ាស់​ណាស់ ក្នុងស្ថានភាព​បែបនេះ​។ វា​ពិតជា​ក្រៀមក្រម​ណាស់ ក្នុងការ​មើលមុខ​គ្រួសារ​ជនរងគ្រោះ​ឲ្យ​ចំ ហើយ​និយាយថា​យើង​គ្មាន​ថវិកា​ជួយ​ពួកគេ​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com