FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ៊ីរ៉ង់ស្នើ FIFA ប្តូរទីតាំងប្រកួតពេលប៉ះហុងកុង ព្រោះបារម្ភពីសន្តិសុខ
× សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ (FFI) បានផ្ញើលិខិតទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក្នុងបំណងផ្លាស់ប្តូរការប្រកួតវគ្គជម្រុះជុំទី២ FIFA World Cup 2022 នៅថ្ងៃទី១០ ខែកញ្ញាទល់ហុងកុងទៅទឹកដីកណ្តាលវិញ ដោយលើកហេតុថាភ័យខ្លាចបញ្ហាសុវត្ថិភាពដែលកើតឡើងពីភាពចលាចលផ្នែកនយោបាយនៅហុងកុង។
បញ្ហាបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅហុងកុង ដែលពេលខ្លះធ្វើឲ្យក្រុងទាំងមូលត្រូវជាប់គាំង រហូតដល់មានការពន្យារពេលជើងហោះហើរនៅអាកាសយានដ្ឋានថែមទៀតផង។
ក្រោមហេតុផលខាងលើ លោក Homeira Asadi អ្នកនាំពាក្យ FFI នៅថ្ងៃទី២ ខែកញ្ញាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ស្ថាប័នលោកបានជូនដំណឹងដល់ FIFA អំពីបញ្ហានេះរួចរាល់ហើយ ហើយពាក្យស្នើសុំនោះកំពុងស្ថិតក្រោមការពិនិត្យផងដែរ។
បន្ទាប់ពីជួបក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបបើកឆាកពូល C នៅថ្ងៃទី៥ ខែកញ្ញានាកីឡដ្ឋានអូឡាំពិក ជម្រើសជាតិហុងកុងនឹងត្រូវបើកទ្វារកីឡដ្ឋាន Hong Kong Stadium ដែលផ្ទុកទស្សនិកជនចំនួន៤០០០០នាក់ដើម្បីទទួលស្វាគមន៍អ៊ឺរ៉ង់នៅ៥ថ្ងៃបន្ទាប់។
យ៉ាងណាក៏ដោយ លទ្ធភាពនៃការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ នៅកាតា របស់ហុងកុងក្នុងផ្ទះខ្លួនឯងនៅមិនទាន់ច្បាស់នៅឡើយទេបន្ទាប់ពីក្រុមភ្ញៀវអ៊ីរ៉ង់ស្នើសុំឲ្យប្រកួតនៅទឹកដីកណ្តាលនោះ។
បើទោះជាយ៉ាងនេះក្តី ភាគីហុងកុង ទាំងរដ្ឋាភិបាល និងសហព័ន្ធកីឡាបាល់ទាត់ហុងកុងប្រកាសថាមិនមានគម្រោងប្តូរកីឡដ្ឋានប្រកួតក្រៅទឹកដីឡើយ។
សូមបញ្ជាក់ថា វគ្គជម្រុះជុំទី២ ប្រចាំតំបន់អាស៊ី នៃពាន់រង្វាន់កីឡាបាល់ទាត់ពិភពលោកដែលរៀបចំនៅកាតាឆ្នាំ២០២២ អ៊ីរ៉ង់ដែលជាក្រុមខ្លាំង ត្រូវប៉ះហុងកុង កម្ពុជា បារ៉ែន និងអ៊ីរ៉ាក់ក្នុងពូល C៕
Tag:
World Cup
ហុងកុង
អ៊ឺរ៉ង់
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com