ជាតិ
នយោបាយជាតិ
កម្ពុជា បញ្ជូនទ័ព៣៦០នាក់ទៀត ទៅរៀននៅវៀតណាម ពិធីសំណេះសំណាលជាមួយសិក្ខាកាមយោធាកម្ពុជា មុនចេញទៅវៀតណាម (រូបពីក្រសួងការពារជាតិ)
× សិក្ខាកាមយោធាកម្ពុជា៣៦០នាក់បន្ថែមទៀត ត្រូវបានជ្រើសរើសនិងបញ្ជូនទៅសិក្សានៅវៀតណាម សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០។ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ចូលរួមធ្វើជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសិក្ខាកាមទាំងនោះ កាលព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មុននឹងពួកគេ ចាកចេញទៅវៀតណាម។
ឧត្តមសេនីយ៍ឯក ខៀវ សុផាត នាយករងនាយកដ្ឋានបុគ្គលិកនៃក្រសួងការពារជាតិ ថ្លែងក្នុងពិធីនោះថា ឆ្នាំសិក្សា២០១៩-២០២០ សិក្ខាកាមយោធាកម្ពុជាសរុប មាន២៨៩៣នាក់ ដែលត្រៀមចេញទៅសិក្សានៅវៀតណាម។ លោក បន្តថា សិក្ខាកាមយោធាកម្ពុជាសរុប មាន២៩២៧នាក់ ដែលបានទៅសិក្សានៅវៀតណាម ក្នុងឆ្នាំ២០១៨-២០១៩ ដោយក្នុងនោះ មានខ្លះ បានបញ្ចប់ការសិក្សាហើយ និងអ្នកខ្លះ កំពុងបន្តសិក្សា។
នាយឧត្តមសេនីយ៍ ភួង ស៊ីផាន លើកឡើងថា សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ចំនួននាយទាហាន ដែលបន្តការសិក្សានៅក្រៅប្រទេស មានការកើនឡើង និងមានការសម្រិតសម្រាំងខ្លាំងបំផុត។ លោក បញ្ជាក់ថា សិក្ខាកាម ដែលត្រូវបានជ្រើសរើសនិងបញ្ជូនទៅសិក្សានៅក្រៅប្រទេស គឺជាយោធាវ័យក្មេង មានសុខភាពល្អ គោរពវិន័យ មាននិទ្ទេសល្អក្នុងសិក្សា និង មាននិទេ្ទសខ្ពស់ក្នុងការបំពេញការងារនៅតាមបណ្តាអង្គភាពរបស់ខ្លួន៕
Tag:
កម្ពុជា
វៀតណាម
យោធា
© រក្សាសិទ្ធិដោយ thmeythmey.com