ជាតិ
សង្គមជាតិ
ម្ចាស់​សណ្ឋាគារ GREAT DUKE ព្រម​បើក​ប្រាក់ខែ ក្រោយ​បុគ្គលិក​ធ្វើ​កូដកម្ម​
04, Sep 2019 , 3:53 pm        
រូបភាព
​ភ្នំពេញ​៖ ម្ចាស់​សណ្ឋាគារ ដឺ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ (THE GREAT DUKE PHNOM PENH) យល់ព្រម​បើកប្រាក់​ឈ្មួ​ល​ប្រចាំ​ខែសីហា​ដល់​បុគ្គលិក​ហើយ បន្ទាប់ពី​ពួកគេ​ប្រមូល​ផ្ដុំគ្នា តវ៉ា​មុខ​ច្រកចូល​សណ្ឋាគារ កាលពី​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១៩​។​

 
​លោក ទូច កុសល ប្រធាន​សហជីព​កម្មក​រ​និយោជិត​វិស័យ​ទេសចរណ៍​នៅ​សណ្ឋាគារ ដឺ ហ្គ្រេ​ត​ឌ្យូ​ក នេះ បាន​និយាយប្រាប់​សារព័ត៌មាន​ThmeyThemy តាម​ទូរ​សព្ទ​ថា  បុគ្គលិក​ជិត​២០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​សុំ​បើកប្រាក់​ឈ្នួល​ឱ្យ​ទៀង​ទាត់ និង​រៀបចំ​ពិធីជប់លៀង​ប្រចាំឆ្នាំ​ដល់​ពួកគេ​ទៀតផង​។   លោក កុសល បានបញ្ជាក់​ដូច្នេះ​ថា​៖«​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ ដោយមាន​តំណាង​ភាគី​និយោជក និយោជិត និង​ក្រសួង​ការងារ បាន​សម្របសម្រួល​គ្នា  ដោយ​និយោជក​(​ម្ចាស់​សណ្ឋាគារ​) ព្រម​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​ដែលមាន​តួនាទី​ទាប និង​ប្រាក់ខែ​តិច គឺ​បើក​ឱ្យនៅ​ថ្ងៃទី​៤​កញ្ញា​នេះ និង​បុគ្គលិក​ដែលមាន​តួនាទី​ខ្ពស់ និង​ប្រាក់ខែ​ច្រើន គឺ​បើក​ឱ្យនៅ​ថ្ងៃទី​៥​កញ្ញា​។ លើសពីនេះ ម្ចាស់​សណ្ឋាគារ​បាន​យល់​ព្រមធ្វើ​ពិធីជប់លៀង​ប្រចាំឆ្នាំ​ជូន​បុគ្គលិក​ផងដែរ​»​។​
 
​បើតាម​លោក ទូច កុសល  ថៅកែ​សណ្ឋាគារ ដឺ ហ្គ្រេ​ត​ឌ្យូ​ក នេះ នឹង​រៀបចំ​ពិធីជប់លៀង​បុគ្គលិក​ប្រចាំឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១០ ខែតុលា ខាងមុខ​។​
 
​សណ្ឋាគារ សណ្ឋាគារ ដឺ ហ្គ្រេ​ត​ឌ្យូ​ក ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ក្បែរ​ភ្លើងស្តុប​ផ្សារ​ដើម​គ ជា​អតីត​សណ្ឋាគារ Intercontinental ។ សណ្ឋាគារ​នេះ បាន​ប្ដូរ​ឈ្មោះ នៅ​ថ្ងៃទី​១ មករា ឆ្នាំ​២០១៨ ក្រោយពេល​បាន​ផ្លាស់ប្ដូរ​ថៅកែ​។ ប៉ុន្តែ​បុគ្គលិក​សណ្ឋាគារ​នេះ​ភាគច្រើន មាន​អតីតភាព​ការងារ​យូរ​ឆ្នាំ តាំងពី​នៅ​ជា​សណ្ឋាគារ Intercontinental មកម្ល៉េះ​។ នេះ​បើតាម​លោក ទូច កុសល ដែល​បន្ថែមថា បុគ្គលិក​សណ្ឋាគារ ដឺ ហ្គ្រេ​ត​ឌ្យូ​ក មាន​ជាង ២០៥​នាក់ ហើយ​ថៅកែ​ខកខាន​បើកប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​ច្រើន​ថ្ងៃ​ហើយ​។ 
 
​លោក ឆុង រតនា ជា​បុគ្គលិក​ផ្នែក​អាហារកិច្ច នៅ​សណ្ឋាគារ សណ្ឋាគារ ដឺ ហ្គ្រេ​ត​ឌ្យូ​ក នេះ បាន​លើកឡើងថា ការធ្វើ​កូដកម្ម​តវ៉ា​សុំ​បើកប្រាក់​ពី​ថៅកែ​សណ្ឋាគារ​នេះ ជា​ច្រើនដង​មកហើយ ពោលគឺ​មិនមែន​តែម្តង​ទេ​។ លោក​បាន​និយាយ​ដូច្នេះ​៖ «​យើង​ធ្វើ​កូដកម្ម​សុំ​បើកប្រាក់​២-៣​ដង​មកហើយ ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ គ្រាន់តែ​ពួកយើង​ធ្វើ​នៅក្នុង​សណ្ឋាគារ មិនមែន​ទ្រង់ទ្រាយ​ធំ និង​ចំហ​ដូច​លើក​នេះ​។ ៣​ខែ​ចុង​ក្រោយនេះ ប្រាក់ខែ​ដែល​ថៅកែ​ត្រូវ​បើក​ឱ្យ​បុគ្គលិក​កន្លះ​ម្តង គឺ​មិនដែល​ទៀងទាត់​នោះទេ លុះត្រាតែ​យើង​តវ៉ា​សុំ​បើក​ប្រាក់ខែ បាន​គេ​បើក​ឱ្យ​។ លើសពីនេះ​ការពន្យារពេល​បើកប្រាក់​ខែ ក៏​គ្មាន​ជូនដំណឹង​ឱ្យ​បុគ្គលិក​បានដឹង​ដែរ​»​។  
 
​តាម​បើ លោក ឆុង រតនា ការធ្វើ​កូដកម្ម​តវ៉ា​សុំ​បើក​ប្រាក់ខែ នៅ​ខាងក្រៅ​សណ្ឋាគារ​នេះ ដោយសារ​បុគ្គលិក​ក្នុង​សណ្ឋាគារ​ទាំងអស់​ឯកភាព​គ្នា និង​មើលឃើញថា ម្ចាស់​សណ្ឋាគារ  គ្មាន​បំណង​នឹង​បើក​ប្រាក់ខែ​ឱ្យ​កម្មករ ទើប​ធ្វើ​ការតវ៉ា​ឡើង ដើម្បី​មានការ​អន្តរាគមន៍​ពី​ភាគី​ពាក់ព័ន្ធ​៕
 

Tag:
 បុគ្គលិក​
  សណ្ឋាគារ
© រក្សាសិទ្ធិដោយ thmeythmey.com