កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​កូរ៉េខាងជើង Kwang Song ទៅលេង​ឲ្យ U-23 Juventus
04, Sep 2019 , 9:39 pm        
រូបភាព
​ខ្សែប្រយុទ្ធ Han Kwang Song អាច​ក្លាយជា​កីឡាករ​ដំបូងបង្អស់​របស់​កូរ៉េខាងជើង ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ក្របខណ្ឌ Serie A បន្ទាប់ពី​រូបគេ​បាន​ផ្លាស់​ពី Cagliari ទៅ Juventus ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ ឱកាស​បង្ហាញ​វត្ត​មាននៅ​ក្របខណ្ឌ​កំពូល​អ៊ីតាលី ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​សមត្ថភាព​របស់​កីឡាករ​រូបនេះ​នៅ​ឈុត U23 របស់​សេះបង្កង់​ជាមុនសិន​។​

 
Kwang Song បាន​ផ្ទេរ​ទៅកាន់​សេះបង្កង់ Juventus ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​៣ ខែកញ្ញា ពោលគឺ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​បិទទ្វារ​។ យ៉ាងណាក៏ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី​អះអាងថា ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ នឹងត្រូវ​បញ្ចូល​ទៅក្នុង​ក្រុម​អាយុ​ក្រោម ២៣​ឆ្នាំ របស់​ក្រុម Juventus ដែល​សព្វថ្ងៃ​កំពុង​លេង​ក្នុង​ក្របខណ្ឌ​លី​គ​លំដាប់​ទី​បី​អ៊ីតាលី Serie C​។​
 
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងជើង វ័យ​២០​ឆ្នាំ​ខាងលើ បាន​ទៅ​ចូលរួម​ជាមួយ Cagliari ក្នុង​ឆ្នាំ ២០១៧ ដោយបាន​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​លី​គ Serie A ទល់នឹង Palermo​។ សម្រាប់​គ្រាប់​បាល់​ដំបូង​របស់គេ​នៅ​ទឹកដី​អ៊ីតាលី គឺ​ក្នុង​ការប្រកួត​ដែល Cagliari ចាញ់ Torino ៣-២ កាលពី​ខែមេសា ឆ្នាំ​ដដែល​នោះ​។​
 
​ក្នុង​ឆ្នាំ​ដដែល Kwang Song ក៏ត្រូវ Cagliari អនុញ្ញាត​ឲ្យ Perugia ខ្ចី​ទៅលេង​នៅ​ក្របខណ្ឌ Serie B ចំនួន​ពីរ​រដូវ​កាល (២០១៧/១៨ និង ២០១៨/១៩) ដោយ​បង្ហាញខ្លួន​សរុប ៣៦​លើក និង​ស៊ុត​បញ្ចូល​ទី​បាន ១១​គ្រាប់​។​
 
​អ្វីដែល​ធ្វើ​ឲ្យ​ក្លិប​នៅ​អឺរ៉ុប​ចាប់រ​ម្មណ៍​លើ Kwang Song នោះ គឺ​បន្ទាប់ពី​រូបគេ​បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​អាស៊ី​ក្រោម​អាយុ​ក្រោម​១៦ (Asian under-16 Championship) ឆ្នាំ​២០១៤ នៅ​ថៃ ជាមួយនឹង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​ស្ទើរ​គ្រប់ការ​ប្រកួត​ទាំងអស់​។ អតីត​កីឡាករ​យុវជន​ក្រុម Chobyong នេះ ក៏បាន​ជួយ​កូរ៉េខាងជើង​តាមរយៈ​ការរក​គ្រាប់​បាល់​នាំមុខ ក្នុង​ជ័យជម្នះ ២-១ លើ​កូរ៉េខាងត្បូង ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​លើក​ពាន Asian under-16 Championship នេះ​ផងដែរ​។ 
 
Kwang Song ដែល​ជាប់​ជម្រើសជាតិ​កូរ៉េខាងជើង​ឈុត​ធំ​នៅ​ឆ្នាំ​២០១៧ ទើបតែ​បានបង្ហាញ​ខ្លួន​៥​លើក​ប៉ុណ្ណោះ និង​មិនទាន់​រក​គ្រាប់​បាល់​បាន​នៅ​ឡើង​ដេរ​៕

Tag:
 Juventus
  Han Kwang Song
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com