ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ បកស្រាយ​ពី​មូលហេតុ នាំ​ឲ្យ​បាក់​ដី​ឬ​ច្រាំង នៅជាប់​មាត់ទន្លេ
04, Sep 2019 , 10:19 pm        
រូបភាព
រូបភាពពី​ក្រសូងធនធានទឹក និង​ឧតុនិយម
រូបភាពពី​ក្រសូងធនធានទឹក និង​ឧតុនិយម
ដោយ:
​ភ្នំពេញ​៖ ឆ្នាំនេះ កម្ពុជា​ទទួលរង​នូវ​បាតុភូត​ជាច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នានា​មាន​ភ្លៀង​ធ្លាក់ និង​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​មានការ​ហក់​ឡើង​ខ្ពស់​ផងដែរ ដែល​បណ្តាល​ឲ្យ​ខេត្ត​ដែល​នៅជាប់​ទន្លេមេគង្គ​ងាយ​នឹងរង​ការបាក់​ដី​។ ជាពិសេស​ខេត្តកំពង់ចាម ត្បូងឃ្មុំ និង កណ្តាល បាន​រង​ការបាក់​ដី បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​សម្បែង​រប​ស់​ពលរដ្ឋ​ជាច្រើន​ខ្នង និង​ផ្លូវថ្នល់​។


​ទាក់ទង​នឹង​ខេត្ត​ដែល​រង​ការបាក់​ដី​នេះ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា នៅតាម​បណ្តា​ខេត្ត​ដែល​នៅជាប់​ទន្លេមេគង្គ គឺ​ងាយ​នឹង​ទ​ទូល​នូវ​ការបាក់​ដី​ជាងគេ និង​នាំ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះសម្បែង​។ លោក ចាន់ យុ​ត្ថា បញ្ជាក់ថា ករណី​បាក់​ដី​តែងតែ​កើតមាន​រយៈពេល​ពីរដង​ក្នុង​មួយឆ្នាំ​គឺ​នៅពេល​ទឹក​ឡើង និង​ទឹក​ស្រក​។ លោក​បញ្ជាក់​ពី​មូលហេតុ​ពីរ​យ៉ាង​ដែល​នាំ​ឲ្យ​មាន​ការបាក់​ច្រាំងទន្លេ គឺ មូលហេតុ​ទីមួយ បណ្តាលមកពី ខ្វះ​ការស្តារ​ទឹកទន្លេ​ឲ្យ​បាន​ស្អាត​ល្អ ទើប​ធ្វើ​ឲ្យ​មាន​ដីល្បាប់ បង្កើតបានជា​កោះ​មួយ​នៅ​កណ្តាលទន្លេ នៅពេលដែល​ទឹក​ឡើង ធ្វើ​ឲ្យ​ទឹក​រុញច្រាន ទៅ​ច្រាំងទន្លេ ហើយ មូលហេតុ​ទី​ពីរ នៅពេល​រដូវវស្សា​មក​ដល់ ធ្វើ​ឲ្យ​បឹង​បូរ​ដែល​នៅជាប់​ទន្លេ​នាំយក​ដីល្បាប់ និង​ដី​ភក់ ហូរ​ចូល​ទន្លេ​។ នៅពេល​ទឹក​ស្រក​នៅ​ចុងរដូវ​វស្សា ធ្វើ​ឲ្យ​ច្រាំង​នៅ​ទន្លេ​បៀមទឹក ដែល​ធ្វើ​ឲ្យ​ច្រាំង​រង​ការបាក់​ផងដែរ​។ 
 
​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា នៅពេល​ទឹក​ស្រក គឺជា​ពេលដែល​ធ្វើ​ឲ្យ​ច្រាំងទន្លេ​រង​ការបាក់​ដី​ខ្លាំង​ជាង​ពេលដែល​ទឹក​ឡើង​។ ត្រង់ចំណុច​នេះ លោក ចាន់ យុ​ត្ថា អះអាងថា​៖«​នៅ​រដូវវស្សា​មាន​ភ្លៀង​ជោគជាំ អ៊ីចឹង​ធ្វើ​ឲ្យ​បឹង​បូរ​ដែល​នៅ​សងខាង​ទន្លេ​មានទឹក​ជន់​លិច ពេល​ដែលមាន​ភ្លៀង​មក ដីល្បាប់​នៅក្នុង​ទន្លេ មាន​សភាព​ជ្រាយ​ដែលមាន​រ៉េ​ស៊ី​ស្តង់​ខ្សោយ​។ ទន្ទឹមនឹងនេះ នៅពេលដែល​ទឹក​ចាប់ផ្តើម​ស្រក ទឹក​ដែល​នៅក្នុង​បឹងបួ ក៏​ចាប់ផ្តើម​ជ្រាប​ទៅតាម​ទន្លេ​ដែរ​។ នៅ​រដូវវស្សា ជា​ពេលដែល​ទឹក​ឡើង និង​ទឹក​ស្រក ធ្វើ​ឲ្យ​ច្រាំងទន្លេ​បៀមទឹក​ជាប្រចាំ ដូច្នេះ​នៅពេលដែល​ទឹក​ស្រក​ទៅវិញ​ដូចជា​ការទាញយក​ច្រាំង​ទៅជា​មួយ​ផងដែរ​ទើប​ធ្វើ​ឲ្យ​មានការ​បាក់​ច្រាំង​ដូច្នេះ​»​។ 
 
​ទោះជា​មានការ​បាក់​ច្រាំង​នៅ​ខេត្តកណ្តាល ត្បូងឃ្មុំ និង​កំពង់ចាម កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ក៏ដោយ ក៏​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ផ្ទះ​សម្បែង​រប​ស់​ពលរដ្ឋ​នោះទេ អ្វីដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​គឺ​ផ្លូវជាតិ​ដែល​ស្ថិតនៅក្នុង​ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល កំពុង​រង​ការខូចខាត​ខ្លាំង ដោយសារ​ការបាក់​ច្រាំង​កាលពី​ថ្ងៃទី​២ ខែកញ្ញា​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ចាន់ យុ​ត្ថា ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។ 
 
​បើតាម​អ្នកនាំពាក្យ​រូបនេះ នៅពេល​ខាងមុខនេះ កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល ឡា​នី​ណា​» ដែល ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​កាន់តែខ្លាំង និង​បណ្តាល​ឲ្យ​មាន​បាតុភូត​នានា​អាច​នឹង​កើត​មាននៅ​កម្ពុជា​ផងដែរ​។ លោក​បញ្ជាក់ទៀតថា នៅ​រដូវវស្សា​ឆ្នាំនេះ គឺមាន​សភាព​យឺត​ជាង​ឆ្នាំ​កន្លងទៅ​។ លោក​អះអាងថា​៖«​ឆ្នាំនេះ​កម្ពុជា​បាន​ទទួលរង​ឥទ្ធិពល «​អែល​នី​ណូ​» ដែល​ធ្វើ​ឲ្យ​រារាំង​ដល់​រដូវវស្សា​»​។   
 
​អ្នកនាំពាក្យ​រូបនេះ​បាន​ប្រាប់ថា ក្រសួង​បាន​ព្យាករ​ថា នៅ​ថ្ងៃទី​០៧ ខែកញ្ញា​ខាងមុខ ទន្លេមេគង្គ​ដែល​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ អាច​នឹង​បន្ត​ហក់​ឡើង​រហូតដល់​កម្រិត​ប្រុងប្រយ័ត្ន និង​បន្ត​ការបាក់​ច្រាំង​នៅ​កន្លែង​ផ្សេងទៀត​ផងដែរ​។ ទន្ទឹមនឹង​គ្នា​ផងដែរ ក្រសួង​ក៏បាន​រៀបចំ​កម្លាំង ដើម្បី​ទប់ស្កាត់ និង​សា្តរ​កន្លែង​ដែល​រង​ការខូចខាត​ពី​ការបាក់​ច្រាំង​ឲ្យ​ទាន់ពេលវេលា និង​ជម្លៀស​ប្រជាជន​ទៅ​កន្លែង​ទី​ដែលមាន​សុវត្ថិភាព​ផងដែរ​៕  

Tag:
 ចាន់ យុ​ត្ថា​
 ​ទឹក​ហូរ​
 ​បាក់​ដី​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com