ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា ថា​ហាត់​ក្បាច់​ជី​ជិត​ស៊ូ ធ្វើ​ឲ្យ​គេច​ផុតពី​ការចាប់​ក្លេ​របស់​គូប្រកួត
04, Sep 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ក្បាច់គុន​ជី​ជិត​ស៊ូ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់​សម្រាប់​កីឡាករ​គុន​ចម្រុះ​កំពូល​កម្ពុជា ចាន់ រតនា ជាពិសេស​ជ័យជម្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន លំដាប់​ពិភពលោក ONE Championship​។ ចាន់ រតនា បង្ហើប​ថា ការដែល​អាច​គេចវេះ​ពី​ការប៉ុនប៉ង​ផ្ដួល​របស់​គូប្រកួត គឺ​ដោយសារ​គេ​ហ្វឹកហាត់​ក្បាច់​ជី​ជិត​ស៊ូ បាន​ច្រើន​ឆ្នាំ​តាំងពី​ឆ្នាំ ២០១២ មក​រហូតដល់​បច្ចុប្បន្ន​ជាមួយ​គ្រូបង្វឹក ខូវ វិ​វ​ឌ្ឍ​នា ដែល​គ្រានោះ​ក្លិប​នៅ​ម្ដុំ​ផ្សារ​ចាស់​។ ការ​ថ្លែង​បែបនេះ​បន្ទាប់ពី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​ជើង​ខ្លាំង​របស់​គុយបា Gustavo Balart នៅ​សង្វៀន ONE: DREAM OF GOLD នា​ប្រទេស​ថៃ​កាល​ពាក់​កណ្ដាលខែ សីហា  កន្លងទៅនេះ​។


 
​អ្នកលេង​គុន​ចម្រុះ​វ័យ​៣៣​ឆ្នាំ​រំលឹកថា​៖«​ខ្ញុំ​ហាត់​ដោះ​ឃ្លេ​ដែល​ប្រើ​ក្បាច់​ជី​ជិត​ស៊ូ​ត និង​ចំបាប់ ជាមួយ​គ្រូបង្វឹក ខូវ វិ​វ​ឌ្ឍ​នា តាំងពី​ឆ្នាំ ២០១២​។ ខ្ញុំ​មិន​ពូកែ​ចាប់​ឃ្លេ​ដើម្បី​ផ្ដួល​គូប្រកួត​ប៉ុន្តែ ខ្ញុំ​ក្បាច់​ដោះ​បាន និង ការពារ​មិន​ឲ្យ​គូ​ឈ្នះ​ងាយៗ​ទោះ​ខ្ញុំ​នៅក្រោម ឬ នៅ​ពីលើ​។ បន្ទាប់មក​ខ្ញុំ​តែ​ប្រើ​ជំហរ​គុន​ខ្មែរ​ដើម្បី​ផ្ដួល​គូប្រកួត​»​។ 
 
​ម្ចាស់​ក្លិប «​សិល្បៈ​» សង្កត់ធ្ងន់ថា​៖«​ធម្មតា​ពេល​យើង​ជួប​កីឡាករ​ណា យើង​ត្រូវ​តាមដាន​វីដេអូ ថា​គេ​ខ្លាំង​ចំណុច​ណាខ្លះ ខ្លាំង​ខាង​ឈរ​វ៉ៃ ឬ ដេក​វ៉ៃ ឬ មួយ​ខ្លាំង​ក្បាច់​ឃ្លេ​ជាដើម​។ គ្រូបង្វឹក​ក៏បានផ្ដល់​យោបល់​ដល់​យើង​ដែរ​។ គូប្រកួត​ដែល​គេ​ជួប​ខ្ញុំ ឬ ខ្ញុំ​ជួប​គេ​សុទ្ធតែ​សិក្សា​ទៅវិញទៅមក​។ គេ​ដឹងថា​ខ្ញុំ​អត់​ពូក​កែ ឃ្លេ គេ​ត្រូវតែ​ប្ដូរ​ចូលចាប់​ឃ្លេ​។ ជាទូទៅ​បែបនេះហើយ​។ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ច្រើន​ពី​របៀប​ដោះ​និង​ការពារ​។ គ្រូបង្វឹក វិ​វ​ឌ្ឍ​នា បាន​ប្រាប់ និង ត្រៀមខ្លួន​សម្រាប់​ខ្ញុំ​ល្អៗ​ជានិច្ច​មុន​ទៅ​ប្រកួត​អន្តរជាតិ »​។ 


 
​ជោគជ័យ​ធំៗ​របស់ រតនា បាន​ចំណែក​យ៉ាង​ធំធេង​ពី​សំណាក់​គ្រូបង្វឹក ខូវ វិ​វ​ឌ្ឍ​នា នៃ​ក្លិប H/Art Academy ។  ម្ចាស់​ក្លិប​សិល្បៈ​តែងតែ​ជួប​គូប្រកួត​ផ្សេងៗ​គ្នា ហើយក៏​ត្រូវ​អភិវឌ្ឍ​ក្បាច់​ខុសគ្នា​ដែរ​ពេល​តតាំង​នៅលើ​សង្វៀន​ម្ដងៗ​។ យ៉ាងណាក៏ដោយ កូនប្រុស​របស់លោក ចាន់ ប៊ុនធឿន សារភាពថា ទោះ​ក្បាច់​ល្អ ឬ បច្ចេកទេស​ល្អ ប៉ុន្តែ​ដាច់ខាត​ត្រូវតែ​ទទួល​ការហ្វឹកហាត់​គ្រប់គ្រង​កម្លាំង​។ គ្រូបង្វឹក Lorenzo ជា​អ្នក​បង្ហាត់​ការគ្រប់គ្រង​កម្លាំង​នៅលើ​សង្វៀន និង ជា​អ្នក​ឲ្យ​ទឹក​រួមទាំង​ផ្ដល់យោបល់​សំខាន់ៗ​ជាច្រើន​អំឡុងពេល​ប្រកួត​។​
 
​ភាពជោគជ័យ​ដល់ពេលនេះ ចាន់ រតនា បានទទួល​ការហ្វឹកហាត់​ពី​គ្រូបង្វឹក​ជាច្រើន​ដូចជា គ្រូបង្វឹក Lorenzo Lanzafame មកពី LLFitness បង្ហាត់ បច្ចេកទេស​និង​គ្រប់គ្រង​កម្លាំង​,​គ្រូបង្វឹក ខូវ វិ​វ​ឌ្ឍ​នា បង្ហាត់​ខាង​ផ្នែក​ជី​ជិត​ស៊ូ ចំបាប់ និង MMA , គ្រូបង្វឹក Rolando បង្វឹក​ផ្នែក​ប្រដាល់សកល​, គ្រូបង្វឹក Sov បង្វឹក​ភាព​អំណត់​, និង គ្រូបង្វឹក  Jeppe បង្ហាត់​ផ្នែក​ធ្វើ​ចលនា​សរសៃ​និង​ម៉ាស្សា ជាដើម​។ 
 
​គួរ​ដឹង​ដែរ​ថា ចាន់ រតនា បង្កើត​កំណត់​ល្អ​ឈ្នះ​លើស​ង្វៀន​គុន​ចម្រុះ​ចំនួន ៧ ដង និង ចាញ់ ៣ លើ​។ រឿង​ដែល​អស្ចារ្យ និង​ក្លាយជា​កីឡាករ​គុន​ចម្រុះ​កម្ពុ​ជាទី​១ ដែល​ឈ្នះ​លើស​ង្វៀន​អន្តរជាតិ ONE រហូតដល់ ៣ លើក​ជាប់​គ្នា បន្ទាប់ពី Abrou Fernandes  , Rudy Agustian  និង Gustavo Balart នាពេល​ចុងក្រោយ​ថ្មីៗ​នេះ​។  
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  អត្ថបទ​៖ ស៊ី​ធី 


 

© រក្សាសិទ្ធិដោយ thmeythmey.com