ជាតិ
សម្តេច ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរ​ត្រៀម​ទប់ស្កាត់​ទឹកជំនន់ ខណៈ​ឥទ្ធិពល​ព្យុះ និង​ខ្យល់មូសុង​បក់​ខ្លាំង​
04, Sep 2019 , 6:29 pm        
រូបភាព
រូបភាពពីក្រសួងធមធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធមធានទឹក និងឧតុនិយម
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រៀម​ទប់ស្កាត់​គ្រោះទឹកជំនន់ ខណៈ​ឥទ្ធិពល​សម្ពាធ​ទាប និង​ខ្យល់​កំពុង​បោកបក​ខ្លាំង ដែល​ធ្វើឱ្យ​កម្ពុជា​ធ្លាក់ភ្លៀង​ជា​បន្តបន្ទាប់​។ រដ្ឋាភិបាល ក៏បាន​បង្កើត​ក្រុមការងារ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ទឹកជំនន់​នេះ​ផងដែរ​។​


 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ប្រព័ន្ធ​ឥទ្ធិពល​សម្ពាធ​ទាប គួបផ្សំ​ឥទ្ធិពល​ព្យុះ​ទី​១៤ កា​ហ្សី​គី និង​ខ្យល់មូសុង​និរតី​ខ្លាំង បាន​បង្ក​ឱ្យ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​នៅក្នុង​ខេត្ត​មួយចំនួន​នៃ​កម្ពុជា​។ ជាពិសេស​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ ក្នុងប្រទេស​វៀតណាម ថៃ និង​ឡាវ​។ បើតាម​ក្រសួង​ធនធានទឹក ការធ្លាក់​ភ្លៀង​នេះ នឹង​ជំរុញ​ឱ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់​យ៉ាង​លឿន និង​ឈានទៅដល់​កម្រិត​មួយ ដែល​បង្កឱ្យមាន​ការលិចលង់​នៅតាម​បណ្ដា​ខេ​ត ដែល​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ​ផ្នែក​ខាងលើ​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទទួលបាន​ព័ត៌មាន​នេះ បាន​បញ្ជា​ឱ្យ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រៀមខ្លួន​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទឹកជំនន់​នេះ​។ លិខិត​ប្រមុខ​រដ្ឋាភិបាល ចុះ​ថ្ងៃទី​៤ កញ្ញា បាន​សរសេរ​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​សូម​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា តៀម​ទប់​ទល់នឹង​គ្រោះទឹកជំនន់​។ កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា​នូវ​ការលំបាក និង​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​»​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បញ្ជាក់ថា ស្ថានភាព​ទឹកជំនន់ កំពុង​បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ហើយ ខណៈ​ខេត្តស្ទឹងត្រែង​រងគ្រោះ​ខ្លាំងជាងគេ ដែល​អាជ្ញាធរ​កំពុង​ជម្លៀស​ប្រជាជន ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។ លោក កែវ វី បាន​អះអាងថា​៖ «​ខេត្ត​ដែល​ប្រកាសអាសន្ន​មាន​ខេត្តស្ទឹងត្រែង និង​ក្រចេះ ចំពោះ​តំបន់​ជាប់​ដង​ទន្លេមេគង្គ​ផ្សេងទៀត​កំពុងស្ថិត​ក្នុងការ​ប្រកាស​ឲ្យ​មាន​ភាព​ប្រុងប្រយ័ត្ន​។ ចំណែក​ភាគ​ខាងជើង​ខេត្តព្រះវិហារ ឧ​ត្ត​មានជ័យ ជាការ​រង​នូវ​ជំនន់​ទឹកភ្លៀង​។ ពលរដ្ឋ​ប្រមាណ​ជាង​១០​គ្រួសារ​នៅ​ខេត្តស្ទឹងត្រែង ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ នៅ​ថ្ងៃស្អែក អាច​ប្រហែល​ត្រូវ​ជម្លៀស​ពលរដ្ឋ​ច្រើន ដោយ​កម្ពស់​ទឹកទន្លេ​កាន់តែ​ឡើង​»​។ 
 
​ខណៈដែល​ខេត្ត​មួយចំនួន​មាន​ស្ថាន​លិច​ទឹក ក៏មាន​តំបន់​មួយចំនួន​ក្នុង​ខេត្ត​សៀម​រាម បន្ទាយមានជ័យ បាត់ដំបង់ និង​ពោធិ៍សាត់ មាន​ការរង​រាំងស្ងួត​ផងដែរ​។ ។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ វី ដែល​បន្ថែមថា អាជ្ញាធរ​កំពុង​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​
 
​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះមហន្តរាយ​នេះ សម្តេច ហ៊ុន សែន បានសម្រេច​បង្កើត​ក្រុមការងារ​ពីរ​ក្រុម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​សម្របសម្រួល អន្តរាគមន៍ ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ​។​ក្រុមការងារ​សង្គ្រោះ​នៅពេល​គ្រោះមហន្តរាយ​នេះ មាន​លោក គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជា​ប្រធាន​។​នេះ​បើតាម​សេចក្ដីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ហ៊ុន សែន ថ្ងៃទី​២៦​សីហា ឆ្នាំ​២០១៩​។​
 
​ក្រុមការងារ​សម្របសម្រួល​ការគ្រប់គ្រង​គ្រោះមហន្តរាយ​មាន​ភារៈ​កិច្ចសម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ភ្នាក់ងារ​សហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​ក្នុងការ​រៀបចំ​និង​ដាក់ចេញ​នូវ​វិធានការ​សង្គ្រោះ​គ្រោះមហន្តរាយ និង​ស្តារឡើងវិញ​។ ក្រុមការងារ​មាន​តួនាទី កៀរគរ សម្ភារ​បរិក្ខារ មធ្យោបាយ ធនធានមនុស្ស និង​ហរិញ្ញវត្ថុ និង​ទទួលយក​មូលនិធិ ជា​វិភាគទាន​ស្ម័គ្រចិត្ត ឬ​អំណោយ​ស្ម័គ្រចិត្ត​ពី​អង្គការ​ជាតិ អន្តរជាតិ​និង​សប្បុរសជន​ក្នុងប្រទេស​និង​ក្រៅប្រទេស សម្រាប់​ការឆ្លើយតប​សង្គ្រោះ​គ្រោះមហន្តរាយ និង​ស្តារឡើងវិញ​។ ក្រៅពីនេះ ក្រុមការងារ​មាន​ភាព​កិច្ច​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​ផលប៉ះពាល់​និង​ការខូចខាត​បង្កដោយ​គ្រោះមហន្តរាយ ទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល​ផ្តល់​អន្តរាគមន៍​បន្ទាន់ និង​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន ផ្នែក​សាធារណៈ និង​សង្គម​ស៊ីវិល​ឱ្យជួយ​ក្នុង​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់​នៃ​គ្រោះមហន្តរាយ​។ 
 
​រីឯ​ក្រុមការងារ​អន្តរាគមន៍ ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​មហន្តរាយ​មាន​តួនាទី ចូលរួម​ធ្វើ​ប្រតិបត្តិ​ការរុករក និង សង្គ្រោះ​គ្រោះមហន្តរាយ ដោយ​ផ្តោត​សំខាន់​លើ​ការការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​រងគ្រោះ​។ សមាជិក​នៃ​ក្រុមការងារ ត្រូវ​រៀបចំ​និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​ត្រៀម​បម្រុង សម្រាប់​ការឆ្លើយតប​និង​ការសង្គ្រោះ​គ្រោះមហន្តរាយ​តាម​អង្គភាព​និង​ស្ថាប័ន​រៀងខ្លួនៗ ទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​អង្គភាព​។ លើសពីនេះ ក្រុមការងារ​ត្រូវ​ត្រៀមកម្លាំង មធ្យោបាយ និង​សម្ភារ​បិ​រ​ក្ខា​រ ដើម្បី​ចូលរួម​ធ្វើ​អន្តរាគមន៍ រុករក និង​សង្គ្រោះ ពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​៕
 

Tag:
 ក្រុម​ជួយសង្គ្រោះ​
  គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com