ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​មនុស្ស​អាយុ​ខ្ទង់ ៥០​ឆ្នាំ គួរ​ចៀសវាង​
06, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដល់ពេល​ដែល​អ្នក​ឈាន​ជើង​ចូលដល់​អាយុ​ខ្ទង់ ៥០​ឆ្នាំ វា​គឺជា​ពេលវេលា​ដ៏​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការចៀសវាង​អាហារ​ជាច្រើន​ដែល​រាងកាយ​លែង​នឹងមាន​សមត្ថភាព​ទទួល​យក​ទៀត​។ ថ្វីបើ​អ្នកជំនាញ​ជាច្រើន​មិនបាន​សង្កត់ធ្ងន់​ទៅលើ​អាហារ​អ្វីមួយ​ដែល​ត្រូវ​តម​មួយរយ​ភាគរយ​មែន​ក៏ដោយ តែ​ពួកគេ​ក៏បាន​បង្ហាញថា​អ្នក​គួរតែ​ញ៉ាំ​អាហារ​ទាំងអស់នោះ​បានតែ​ម្តងម្កាល ឬ​កម្រិត​មធ្យម​។


 
​ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​ប្រហែលជា​ត្រូវ​ចៀសវាង​៖
 
​អាហារ​ពេល​ថ្ងៃត្រង់​ដែលមាន​សាច់​ជាប់​ខ្លាញ់​ច្រើន​
​អាហារ​ជា​ប្រភេទ​សាច់​ជាប់​ខ្លាញ់​ដែល​ល្អ​សម្រាប់តែ​មនុស្ស​វ័យក្មេង ព្រោះ​វា​ជា​តម្រូវការ​របស់​ពួកគេ​ដើម្បី​លូតលាស់ ហើយ​ធ្វើ​ឲ្យ​កាឡូរី​ក្នុង​ខ្លួន​ដែល​លើស​ក្រោយពី​ញាំ​រួច​រលាយបាត់​វិញ​តាមរយៈ​ការហាត់​ប្រាណ​ដែរ​។ ប៉ុន្តែ​អ្វីៗ​អាច​នឹង​ផ្លាស់ប្តូរ​នៅពេល​អ្នក​អាយុ​កាន់តែច្រើន​។ បើសិនជា​អ្នក​ញាំ​អាហារ​នេះ​ទៀត វា​គ្រាន់តែ​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​រំលាយ និង​កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ប៉ុណ្ណោះ​។ យក​ល្អ​គួរតែ​ញាំ​សាច់​សុទ្ធ ឬ​សាច់មាន់​គ្មាន​ស្បែក វិញ​ទើប​ល្អ​ព្រោះ​មាន​កាឡូរី និង​ខ្លាញ់​ទាប​។​
 
​សាច់​ជ្រួក​ប្រៃៗ​
 
​មែនហើយ ជ្រួក​ប្រហែលជា​មើលទៅ​គ្មានអ្វី​ផ្តល់​គ្រោះថ្នាក់​ទេ ហើយក៏​ឆ្ងាញ់​ណាស់ដែរ ប៉ុន្តែ​វា​មិនមែនជា​ជម្រើស​ផ្តល់​សុខភាព​នោះទេ​។ ចំពោះ​ជ្រួក​ដែលមាន​ជាតិ​ប្រៃ ឬ​សូ​ដ្យូ​ម​ខ្ពស់ អាច​នឹងធ្វើ​ឲ្យ​រាងកាយ​ហើម និង​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ថែមទៀត​។ ដូច្នេះ​គួរតែ​កាត់បន្ថយ​វា​ហើយ​។​
 
​ស៊ុប​អាហារ​កំប៉ុង​
 
​នេះ​ក៏​មិន​ខុសគ្នា​នឹង​ជ្រួក​ដែរ គឺ​ស៊ុប​អាហារ​កំប៉ុង​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​ដូចគ្នា​។ ថ្វីត្បិតតែ​ស្រុក​ខ្មែរ​យើង​មិនមាន​ប្រភេទ​ស៊ុប​នេះ​ក៏ដោយ តែ​វា​គឺជា​អ្វីដែល​យើង​គួរ​ដឹង និង​ព្យាយាម​ចៀសវាង​ដែរ​។ ដូច្នេះ យក​ល្អ​គួរតែ​ធ្វើ​ស៊ុប​ញាំ​ដោយ​ខ្លួនឯង ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រើ​ជាតិ​ប្រៃ​ច្រើនពេក​។ 

​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ផ្អែមៗ​
 
​យោងទៅតាម​សមាគមន៍​ជំងឺ​ទឹកនោមផ្អែម​អាមេរិក​បាន​ឲ្យ​ដឹងថា មនុស្ស​យើង​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ផ្អែមៗ​។ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ផ្អែម ៣៥៤​មី​លី​លីត្រ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត ៤០​ក្រាម និង កាឡូរី ១៥០​កាឡូរី​។ មានន័យថា វា​ស្មើនឹង​ជាតិ​ស្ករ​ប្រមាណ ១០​ស្លាបព្រា​កាហ្វេ​ទៅហើយ​។ ចំនួន​នេះ​ក៏​ស្មើនឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែរ​។ ដូច្នេះ យក​ល្អ​គួរតែ​ជ្រើសរើស​ទឹក ឬ​ភេសជ្ជៈ​សាប​ធម្មតា ឬ​ទឹក​ផ្លែឈើ​ស្រស់​វិញ​ទៅ​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com