ជាតិ
គំរូ​ក្រុង​សម្ព័ន្ធភាព ភ្នំពេញ​-​ស៊ិន​ជិន ត្រូវ​បានដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​«​ទីក្រុង​ឆ្លាត​»​នៅ​ប្រទេស​អូទ្រីស​
05, Sep 2019 , 10:46 am        
រូបភាព
​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO) បានរៀបចំ​វេទិកា​អន្តរជាតិ​ទីក្រុង​ឆ្លាត​នៅក្នុង​ទីក្រុង​វី​យែ​ន​នៃ​ប្រទេស​អូទ្រីស​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៤​ខែកញ្ញា​នេះ​។ ថ្នាក់ដឹកនាំ​ទីក្រុង​មកពី​ប្រទេស​នៃ​ទ្វីបអាស៊ី អឺរ៉ុប និង​អាហ្វ្រិក និង​តំណាង​អង្គការ​អន្តរជាតិ វិស័យ​ឯកជន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ដែលមាន​ប្រធានបទ «​ស្ពាន​សម្រាប់​ទីក្រុង​៤.០៖ ផ្សារភ្ជាប់​ទីក្រុង​តាមរយៈ​បដិវត្ត​ឧស្សាហកម្ម​បែប​ថ្មី​»​។​

 
​អក្សរ​ជា​ភាសា​អង់គ្លេស Phnom Penh ក្បែរ​រូបថត​ប្រាសាទ​កំពូល​៣ និង អក្សរ​ShenZhen ក្បែរ​ទង់ជាតិ​ប្រទេស​ចិន ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅលើ​ជញ្ជាំង​នៃ​ស្តង់​ចំនួន​ពីរ​ដែល​តំណាង​ទីក្រុង​របស់​ប្រទេស​កម្ពុជា និង​របស់​ប្រទេស​ចិន​។ ជា​ស្តង់​តំណាង​ទីក្រុង​គំរូ​នៃ​ក្រុង​សម្ព័ន្ធភាព ដែល​ត្រូវបាន​ដាក់តាំង​នៅក្នុង​ក​ន្លែ​ង​ប្រជុំ​ថ្នាក់​អន្តរជាតិ ដែល​វាគ្មិន​ជា​តំណាង​ទីក្រុង តំណាង​អង្គការ​អន្តរជាតិ និង​អ្នកធ្វើ​សេចក្តីសម្រេច​ចិត្តបាន​ចែករំលែក​ភាពជោគជ័យ និង​ឧបសគ្គ​នៅក្នុង​ការដឹក​នាំ​រៀបចំ​ទីក្រុង​របស់​ពួកគេ​។​
 
​បញ្ហា​អាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព ការគ្រប់គ្រង​ធនធាន បរិ​យា​ប័ន្ន ទ្វេ​គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ ទាំងនេះ​ជា​ប្រធានបទ​ចម្បង​នៃ​កិច្ចពិភាក្សា​រយៈពេល​២​ថ្ងៃ ស្តីពី​«​ទីក្រុង​ឆ្លាត​»​ក្នុង​យុគសម័យ​ឧស្សាហកម្ម ៤.0​។​
 
​ពី​ប្រទេស​កម្ពុជា មាន​លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​, លោក នួន ផា​រ័ត្ន អភិបាលរង​សាលា​រាជធានី​ភ្នំពេញ និង​កញ្ញា ខុន ខេ​ម៉ា ប្រធានការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​សាលា​រាជធានី​ភ្នំពេញ  និង លោក គង់ វិ​តាណៈ អភិបាលរងក្រុង​ព្រះសីហនុ​។​
 
​នៅក្នុង​ចំណោម​កិច្ចពិភាក្សា​ជាច្រើន ក៏​មានការ​ស្តាប់​ពិសោធន៍​នៃ​ការងារ​សម្ព័ន្ធភាពរ​វា​ង​រាជធានី​ភ្នំពេញ និង​ទីក្រុង ស៊ិន​ជិន​ផងដែរ បន្ទាប់ពី​ការ​កាត់​ខ្សែបូ​សម្ពោធ​ពិព័រណ៍​ទីក្រុង​ឆ្លាត​ដែលមាន​ស្តង់​របស់​រាជធានី​ភ្នំពេញ​ស្ថិតនៅ​ក្នុងចំណោម​ទីក្រុង​ធំៗ​ពីរ​បី​ដែលមាន​វត្តមាន​នៅក្នុង​ការ​ពិព័រណ៍​នោះ​។ 
 
​អភិបាលរង​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន តំណាង​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​តំណាង​ទីក្រុង​ស៊ិន​ជិន​ត្រូវបាន​ជ្រើសរើស​ឱ្យចូល​រួម​កាត់​ខ្សែបូ​សម្ពោធ​ពិព័រណ៍​ទីក្រុង​ឆ្លាត​ជាមួយ​អគ្គនាយក​នៃ​អង្គការ UNIDO​។​
 
​នៅ​កម្ពុជា រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង ត្រូវបាន​ជ្រើសរើស​ឱ្យចូល​ក្នុង​បណ្តាញ​ទីក្រុង​ឆ្លាត «Smart cities» របស់​អាស៊ាន​៕






Tag:
 ទីក្រុង​ឆ្លាត​
  UNIDO
  នួន ផា​រ័ត្ន​
  រាជធានី​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com