ជាតិ
របាយការណ៍​ថ្មី​មួយ​បង្ហាញថា កុមារ​ពាក់ព័ន្ធ​នឹង​ការប្រើ​គ្រឿងញៀន​
05, Sep 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ អ្នកជំនាញ​ខាងប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​ថ្នាំញៀន​ ក្នុង​អំឡុង​ពេល​ពិធី​កំណត់​សម្គាល់​ទិវា​អន្តរជាតិ​ប្រឆាំងនឹង​ការប្រើប្រាស់​និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ អ្នកជំនាញ​ខាងប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​ថ្នាំញៀន​ ក្នុង​អំឡុង​ពេល​ពិធី​កំណត់​សម្គាល់​ទិវា​អន្តរជាតិ​ប្រឆាំងនឹង​ការប្រើប្រាស់​និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨។
ដោយ: VOA
​ភ្នំពេញ ៖ អង្គការ​អន្តរជាតិ​មួយ​បាន​រកឃើញថា កុមារ​បាន​ក្លាយជា​គោលដៅ​របស់​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន​។ ភាគច្រើន​នៃ​កុមារ​ដែល​រកឃើញថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នោះ មាន​អាយុ​ក្រោម​១៨ ឆ្នាំ​។ អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​ការស្រាវជ្រាវ​ក្នុង​របាយការណ៍​នេះ​ដោយ​ចាត់ទុកថា ទិន្នន័យ​ដែល​រកឃើញ​នឹង​បើកផ្លូវ​ឲ្យ​មានការ​សិក្សា​ស៊ីជម្រៅ ទៅលើ​ការជាប់​ពាក់ព័ន្ធ​របស់​កុមារ​ក្នុងការ​ប្រើប្រាស់​គ្រឿងញៀន​។​

 
​ការប្រើប្រាស់​គ្រឿងញៀន បាន​រីក​រាលដាល​ដល់​ក្រុម​កុមារ​ដែលមាន​អាយុ​ដែលមាន​អាយុ​ចាប់ពី​១៣​ដល់​១៨ ឆ្នាំ និង​បាន​សាយភាយ​ពី​ទីក្រុង​រហូតដល់​ជនបទ​។​
 
​នេះ​គឺជា​ខ្លឹមសារ​របស់​របាយការណ៍​នៃ​ការស្ទង់មតិ​របស់​អង្គការ​អន្តរជាតិ​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​
 
​ក្នុង​របាយការណ៍​ដែលមាន​កម្រាស់​ជាង​១០​ទំព័រ​របស់​អង្គការ Good Neighbors Cambodia ដែល​គាំទ្រ​ដោយ​ជនជាតិ​កូរ៉េ​បាន​រកឃើញថា​កុមារ​ចំនួន​៤.៩​ភាគរយ​ក្នុងចំណោម​កុមារ​សរុប​ចំនួន​២៨៣​នាក់​ដែល​ត្រូវបាន​សម្ភាសន៍​អះអាងថា​ពួកគេ​ធ្លាប់​ត្រូវបាន​គេ​ណែនាំ និង​លួងលោម​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​។ ហើយ​អ្នក​ដែល​ណែនាំ​និង​លួងលោម​នោះ ភាគច្រើន​ជា​មិត្តភក្តិ និង​អ្នកជិតខាង​របស់​ពួកគេ​។ ដោយឡែក​កុមារ ៣.៤​ភាគរយ រាយការណ៍​ថា ពួកគេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ហើយ​គ្រឿងញៀន​ទាំងនោះ​ជា​ប្រភេទ​ម៉ា​ទឹក​ក ដែល​ពួកគេ​ទទួលបាន​ពី​មិត្តភក្តិ និង​អ្នកជិតខាង​។​
 
​លោក​សុខ ឌូ ប្រធាន​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី និង​រៃអង្គាស​ថវិកា​នៃ​អង្គការ Good Neighbors Cambodia ប្រាប់ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា ការប្រើប្រាស់​គ្រឿងញៀន​ក្នុងចំណោម​កុមារ នឹងធ្វើ​ឲ្យ​សង្គមជាតិ​ជួប​ផលវិបាក​នៅពេល​ខាងមុខ​។​
 
«​អ្វីដែល​យើង​បារម្ភ​សំខាន់​ជាងគេ នៅត្រង់ថា ប្រសិនបើ​ថ្នាំញៀន មិន​ត្រូវបាន​ទប់ស្កាត់ ឬក៏​ទប់ស្កាត់ ឬក៏​ដោះស្រាយ​ឲ្យ​មាន​លក្ខណៈ​ជាបន្ទាន់ ហើយដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ទេ ទីមួយ​វឹង​នឹង​ប៉ះពាល់​ទៅលើ​ឱកាស​នៃ​ការអភិវឌ្ឍន៍ ហើយ​អភិវឌ្ឍ​ហ្នឹង​គឺ​នៅត្រង់ថា ចាប់ផ្តើម​ពី​កុមារ និង​យុវជន​»​។​
 
​លោក​សុខ ឌូ បន្ថែមថា​ការស្ទង់មតិ​នេះ នឹង​ជា​ផ្នែក​មួយ ដែល​អាច​ប្រើ​សម្រាប់​តាមដាន​លើ​កិច្ចខិតខំ​របស់​អាជ្ញាធ​រ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​កុមា​រងាក​ទៅប្រើ​ប្រាស់​គ្រឿងញៀន ហើយ​បោះបង់ចោល​ការសិក្សា​។​
 
​អង្គការ Good Neighbors Cambodia បានចាប់ផ្តើម​ការស្ទង់មតិ​លើ​ការប្រើប្រាស់​គ្រឿងញៀន​ក្នុងចំណោម​កុមារ​រយៈពេល​បី​ខែ គិតពី​ខែឧសភា ដល់​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។ ការស្ទង់មតិ​ធ្វើ​នៅក្នុង​ភូមិ​ចំនួន​៨១ ១៩ នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ និង​ខេត្តមណ្ឌលគិរី​។​
 
​ការស្ទង់មតិ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ការសិក្សា​បានបង្ហាញ​ថា កុមារ​ចំនួន​១៥.៩​ភាគរយ ធ្លាប់​ឃើញ​ការជួញដូរ​ឬ​គ្រឿងញៀន​ក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ​។ ទោះ​យ៉ាងនេះ​ក្តី មាន​កុមារ​រហូតដល់​៤៧​ភាគរយ មិន​ហ៊ាន​រាយការណ៍​ប្រាប់​ឱ​ពុក​ម្តាយ​ឬ​អាជ្ញាធរ​ទេ ដោយសារ​បញ្ហា​សុវត្ថិភាព ដោយហេតុថា​មិត្តភក្តិ​និង​អ្នកជិតខាង​របស់​ពួកគេ​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​។​
 
​របាយការណ៍​របស់​អង្គការ​Good Neighbors Cambodia បាន​ឲ្យ​ដឹង​បន្ថែមថា កុមារ​ប្រើប្រាស់​គ្រឿងញៀន មាន​សភាព​ស្គមស្គាំង ភ័យខ្លាច រវើរវាយ ឆេវឆាវ បាត់បង់​ម្ចាស់ការ​លើ​ខ្លួនឯង បង្ក​ហិង្សា​ក្នុង​គ្រួសារ និង​លើ​អ្នកដទៃ បែកបាក់​គ្រួសារ​និង​បង្ក​សកម្មភាព​លួច​ប្លន់​។​
 
​អង្គការ Good Neighbors Cambodia ទទូច​ឲ្យ​រដ្ឋាភិបាល​ពង្រឹងឡើង​វិញ​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង​ប្រឆាំងនឹង​ជន​ជួញដូរ​គ្រឿងញៀន ដែល​បាន​ធ្លាយ​ទៅដល់​តំបន់​ដាច់​ស្រ​យ៉ា​ល​ក្នុងប្រទេស​។​
 
​លោក​ថោង សុគន្ធា អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ទទួលស្គាល់ថា​គ្រឿងញៀន គឺជា​រឿង​មួយ​គួរ​ឲ្យ​បារម្ភ ព្រោះ​អាច​ជះឥទ្ធិពល​ជា​អវិជ្ជមាន​លើ​សន្តិសុខ​សង្គម និង​ការអភិវឌ្ឍ​ប្រទេស​។ ហើយ​លោក​បាន​គាំទ្រ​ដល់​ការ​ស្ទង​មតិ​ខាងលើ​របស់​អង្គការ Good Neighbors Cambodia ដោយ​ចាត់ទុកថា ការរកឃើញ​បឋម​មួយ​នេះ នឹង​រួមចំណែក​ដល់​សកម្មភាព​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​មួយផ្នែក​ទៀត​។​
 
«​ម៉ោង​នេះ គឺថា ខ្ញុំ​គាំទ្រ ហើយ​ខ្ញុំ​ក៏​ចង់បាន​ឲ្យ​ការងារ​ហ្នឹង គឺមាន​លក្ខណៈ​ធំ​ដំ​ជាង​ហ្នឹង​តទៅទៀត​ដែរ​»​។​
 
​ទោះជា​យ៉ាងណា លោក​ថោង សុគន្ធា អះអាងថា​អាជ្ញាធរ​គ្រឿងញៀន​នឹង​បន្ត​បង្ក្រាប​គ្រឿងញៀន​ដោយ​មិន​បន្ធូរដៃ​ឡើយ​។​
 
​របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៩​នេះ អាជ្ញាធរ​បាន​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​បាន​ចំនួន​៣៦៧៦​ករណី ឃាត់ខ្លួន​មនុស្ស​បាន​ជាង​៧៦០០​នាក់ ក្នុងនោះ​ស្រី​៥៤៥​នាក់ និង​ចាប់បាន​គ្រឿងញៀន​សរុប​ជាង ៤០​គីឡូក្រាម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com