FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ តើ​ថៃ​អាច​សងសឹក​វៀតណាម​ដែល​កំពុង​រឹងមាំ​បានដែរ​ឬទេ​?
05, Sep 2019 , 2:29 pm        
រូបភាព
​ថៃ​នឹង​បើកទ្វារ​កីឡដ្ឋាន Thammasat Stadium ដើម្បី​ទទួលភ្ញៀវ​វៀតណាម​សម្រាប់​ជំនួប​បើកឆាក​ការប្រកួត​ជម្រុះ​ជុំ​ទី​២ ពូ​ល G នៃ​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០២២ នៅ​កាតា ខណៈ​ឥណ្ឌូណេស៊ី​ត្រូវ​ទទួល​ស្វាគមន៍​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៥ ខែកញ្ញា​នេះ​។ ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​សម្រាប់​ពូ​ល G នេះ ដែលមាន​ក្រុម​ពី​តំបន់​អាស៊ាន​តែមួយ​រហូតដល់​ទៅ​៤​ត្រូវ​ប៉ះគ្នា​។


 
​ថៃ​នឹង​បើកទ្វារ​កីឡដ្ឋាន Thammasat Stadium ដើម្បី​ទទួលភ្ញៀវ​វៀតណាម​សម្រាប់​ជំនួប​បើកឆាក​ការប្រកួត​ជម្រុះ​ជុំ​ទី​២ ពូ​ល G នៃ​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០២២ នៅ​កាតា ខណៈ​ឥណ្ឌូណេស៊ី​ត្រូវ​ទទួល​ស្វាគមន៍​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៥ ខែកញ្ញា​នេះ​។ ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​សម្រាប់​ពូ​ល G នេះ ដែលមាន​ក្រុម​ពី​តំបន់​អាស៊ាន​តែមួយ​រហូតដល់​ទៅ​៤​ត្រូវ​ប៉ះគ្នា​។​


 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​សងសឹក​វៀតណាម សម្រាប់​ការជួបគ្នា​នៅវេលា​ម៉ោង ៧:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​] ល្ងាច​នេះ​។ ក្រោម​ការដឹកនាំ​របស់​គ្រូ​ថ្មី លោក Akira Nishino បាន​កោះហៅ​កីឡាករ​ដែល​លេង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ជប៉ុន (J League) ចំនួន​បី​រូប ដូចជា​ខ្សែបម្រើ​ឆ្នើម Chanathip Songkrasin ខ្សែការពារ Theerathon Bunmathan និង​ខ្សែបម្រើ Thitipan Puangchan​។​
 
​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​លោក Nishino ដែល​ធ្លាប់​នាំ​ជម្រើសជាតិ​ជប៉ុន​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ បានដាក់​ការជឿជាក់​យ៉ាងខ្លាំង​លើ Chanathip ខ្សែបម្រើ​ក្រុម Hokkaido Consadole Sapporo ក្នុង​ការនាំ​ថៃ​បោះជំហាន​កាន់តែ​ជិត​សម្រាប់​កៅអី​ទៅ​ប្រទេស​កាតា​ឆ្នាំ​២០២២​។​
 
​យ៉ាងណាក៏ដោយ វៀតណាម​ដែល​បង្ហាញ​ភាពខ្លាំង​ចាប់​តាំ​ពី​គ្រូ​សញ្ជាតិ​កូរ៉េខាងត្បូង​លោក Park Hang-seo ឡើងមក​ដឹកនាំ ជា​ក្រុម​មិនអាច​មើលស្រាល​បានឡើយ​។ វៀតណាម​បាន​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ​២០១៩ លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ និង​បាន​លើក Suzuki Cup ឆ្នាំ​២០១៨​ផង តាមរយៈ​ការ​ឈ្នះ​ម៉ាឡេស៊ី ៣-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ លើសពីនេះ​ទៀត​នោះ វៀតណាម បាន​យកឈ្នះ​ថៃ ១-០ ក្នុងការ​ប្រកួត King's Cup ២០១៩ ដែល​រៀបចំ​នៅ​ទឹកដី​ថៃ​ទៀតផង​។​


 
​មិន​ខុសពី​ថៃ​នោះទេ គ្រូ​វៀតណាម​លោក Hang-seo ក៏បាន​កោះហៅ​កីឡាករ​សំខាន់ៗ​របស់ខ្លួន​ផងដែរ ដូចជា​ខ្សែការពារ Doan Van Hau ដែល​ទើប​ផ្លាស់​ទៅលេង​នៅ​ក្រុម SC Heerenveen នៃ​លី​គ​កំពូល​ហូ​ឡង់ រួមទាំង​ខ្សែបម្រើ​ឆ្នើម Nguyen Cong Phuong ដែល​កំពុង​លេង​ឲ្យ​ក្រុម Sint-Truidense_V.V នៃ​លី​គ​កំពូល​បែលហ្ស៊ិក​។​
 
​ដោយឡែក​ក្នុង​ពូ​ល G នេះ ឥណ្ឌូណេស៊ី​ក៏ត្រូវ​ទទួល​ស្វាគមន៍​គូសត្រូវ​ចាស់​ម៉ាឡេស៊ី​សម្រាប់​ជំនួប​បើកឆាក​នា​កីឡដ្ឋាន Gelora Bung Karno នៅ​ម៉ោង ៧:៣០​នាទី ល្ងាច​នេះ​ផងដែរ​៕ 
 
 

Tag:
 World Cup
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com