អន្តរជាតិ
លោក ច​ន​សុន ចង់​បោះឆ្នោត​មុន​អាណត្តិ​មិនបាន និង​ត្រូវ​សភា​ចងដៃ​រឿង​ចាកចេញ​
05, Sep 2019 , 2:52 pm        
រូបភាព
នាយករដ្ឋមន្រ្តី បូរីស ចនសុន ចាកចេញពីរដ្ឋសភា។ រូបភាព AFP
នាយករដ្ឋមន្រ្តី បូរីស ចនសុន ចាកចេញពីរដ្ឋសភា។ រូបភាព AFP
​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​របស់​នាយករ​ដ្ឋ​មន្ត្រី បូរី​ស ច​ន​សុន បាន​ធ្លាក់ចូល​ស្ថាន​ភាពមិនច្បាស់លាស់​នៅ​ថ្ងៃទី​៤ ខែកញ្ញា បន្ទាប់ពី​សភា​បាន​បោះឆ្នោត​បិទផ្លូវ​ការចាក​ចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ លើសពីនោះ លោក ច​ន​សុន ក៏​មិនអាច​រៀបចំ​ការបោះឆ្នោត​មុន​ការកំណត់​បានដែរ ព្រោះ​សមាជិកសភា​ភាគច្រើន​ប្រឆាំង​។ ៦​សប្ដាហ៍​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ច​ន​សុន មិនទាន់​សម្រេចបាន​ល​ទ្ធ​ផល​ផ្លែផ្កា​អ្វី​ទេ តែ​ជួប​ព្យុះ​នយោបាយ​បន្តបន្ទាប់​។​

 
​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បាន​រង​បរាជ័យ​ជា​បន្តបន្ទាប់​អំឡុងពេល​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​៤ ខែកញ្ញា ខណៈ​សមាជិកសភា​បក្ស​អភិរក្ស​របស់លោក​មួយ​ចំនួន​ចូល​ដៃ​ជាមួយ​បក្សប្រឆាំង​ទៅទៀត​។ ក្នុងការ​បោះឆ្នោត​ដ៏​សំខាន់​មួយ​ដែល​កំណត់​អនាគត​របស់​អង់គ្លេស​នៅពេល​ខាងមុខ សភា​អង់គ្លេស​បានអនុម័ត​លើ​សេចក្ដីស្នើច្បាប់​មួយ​ដែល​បង្ខំ​ឲ្យ​លោក ច​ន​សុន ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប បើសិនជា​ភាគី​ទាំងពីរ​មិនទាន់មាន​កិច្ចព្រមព្រៀង​លែងលះ​នៅមុន​កាល​ថ្ងៃទី​៣១ ខែតុលា​ទេនោះ​។​
 
​ថ្ងៃទី​៣១ ខែតុលា ជា​កាលបរិច្ឆេទ​ចុងក្រោយ​ដែល​អង់គ្លេស​ត្រូវ​ចាក​ចេញពី​អឺរ៉ុប ក្រោយ​ពន្យារពេល​ច្រើនលើក​ហើយ​នោះ​។ លោក ច​ន​សុន ចង់​អូស​អង់គ្លេស​ចេញពី​អឺរ៉ុប​ត្រឹម​កាលកំណត់​នេះ ទោះ​មាន ឬ​មិនមាន​កិច្ចព្រមព្រៀង​ក្ដី ខណៈដែល​រដ្ឋសភា​បាន​បដិសេធ​កិច្ចព្រមព្រៀង​លែងលះ​ពីរដង​ទៅហើយ​ដែរ​ក្រោម​អាណត្តិ​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ។ ដោយសារ​រឿងនេះ ទើប​សមាជិកសភា​អង់គ្លេស​តាក់តែង​ច្បាប់​ដែល​បិទផ្លូវ​មិន​ឲ្យ​អង់គ្លេស​ចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​តែម្ដង​។ 
 
​ក្រោយ​ដឹង​លទ្ធផល​ថា មិនអាច​អូស​អង់គ្លេស​ចេញ​តាម​ការចង់បាន លោក ច​ន​សុន ដែល​ចាត់ទុក​ច្បាប់​ថ្មី​ទើប​អនុម័ត​ជាការ​បំផ្លាញ​សមត្ថភាព​ចរចា​របស់​រដ្ឋាភិបាល ក៏​ប្រកាស​ឲ្យ​មានការ​រៀបចំ​ការបោះឆ្នោត​តែម្ដង​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​រូបនេះ ក៏​រង​បរាជ័យ​ម្ដងទៀត ដ្បិត​មិនអាច​ប្រមូល​សំឡេង​បាន​គ្រប់​ពីរភាគបី​ពី​សមាជិក​ដើម្បី​ប្រកាស​បោះឆ្នោត​បាន​។ បក្ស​ពលករ​ដែលជា​ប្រឆាំង បាន​ជំទាស់​គម្រោង​បោះឆ្នោត​មុន​អាណត្តិ​នេះ​។​
 
​ប្រធាន​បក្ស​ពលករ ជេ​រេ​មី ខ​ប៊ី​ន និយាយថា ទោះជា​លោក​គាំទ្រ​ការបោះឆ្នោត​ឡើងវិញ​មែន លោក​ចង់ឃើញ​ច្បាប់​ដែល​បិទផ្លូវ​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង ត្រូវបាន​អនុវត្ត​សិន​។ តាមច្បាប់ អង់គ្លេស នឹង​ចាកចេញ​ដោយ​ស្វ័យប្រវត្តិ​នៅ​ថ្ងៃទី​៣១ ខែតុលា បើ​អង់គ្លេស​មិន​សុំ​ពន្យារពេល ឬ​ស្នើសុំ​បន្ត​ជា​សមាជិក​ទេនោះ​។ ក្រោម​ច្បាប់​ថ្មី ការចាកចេញ​ពី​អឺរ៉ុប​អាច​ពន្យារពេល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ ឯណោះ​។​
 
​ចេញពី​រដ្ឋសភា សេចក្ដីស្នើច្បាប់​នេះ នឹង​បន្តទៅ​សភា​ជាន់ខ្ពស់​មួយ​ដំណាក់កាល​។ ក្នុងករណី​ត្រូវបាន​អនុម័ត សេចក្ដីស្នើច្បាប់​នេះ នឹង​បញ្ជូនបន្ត​ទៅកាន់​រាជវាំង​ដើម្បី​សុំ​ព្រះហស្តលេខា​ពី​មហាក្សត្រិយ អេ​លីហ្សា​ប៊ែ​តទី​២ រួច​ទើប​អនុវត្ត​ជា​ផ្លូវការ​។ សម្រាប់​ពេលបច្ចុប្បន្ន​វិញ លោកនាយក​រដ្ឋមន្ត្រី ច​ន​សុន មិនទាន់​អាចធ្វើ​បាន​ទាំងអស់​៕ 
 

Tag:
 Brexit
  អឺរ៉ុប​
  Boris Johnson
© រក្សាសិទ្ធិដោយ thmeythmey.com