ជាតិ
២៥ខេត្ត/រាជធានី
និស្សិត​កសិកម្ម បូ សិលា យក​ស្លឹកគ្រៃ​ដែល​គេ​បោះចោល​ច្នៃ​ជា​«​ប្រេង​ស្លឹកគ្រៃ​»​ផលិត​ទឹកអប់​
05, Sep 2019 , 3:45 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ យុវជន បូ សិលា បាន​យក​ស្លឹកគ្រៃ​ដែល​កសិករ​បោះចោល​មក​ច្នៃ​ជា​ប្រេង​ស្លឹកគ្រៃ ដើម្បី​យកទៅ​ផ្សំ​ផលិត​ជា​ទឹកអប់ និង​គ្រឿងក្រអូប​ផ្សេងៗ​។ អតីត​និស្សិត​កសិកម្ម​រស់នៅ​ខេត្តកំពង់ចាម រូបនេះ ទទួលជោគជ័យ​ក្នុង​ការផលិត​បានជា​ប្រេង​ស្លឹកគ្រៃ ហើយ​ជំហាន​បន្ទាប់ សិលា កំពុង​យក​ប្រេង​ស្លឹកគ្រៃ​នោះ​ទៅ​ពិសោធន៍​នៅ​ប្រទេស​កូរ៉េ​។ ប្រសិនបើ លិទ្ធ​ផល​ទទួលបាន​ជោគជ័យ​លោក សិលា រំពឹងថា នឹង​អាចជួយ​កសិករ​បាន​មួយកម្រិត​ទៀត ដោយ​លោក​អះអាងថា ស្លឹកគ្រៃ​ចំនួន​២.៥​គីឡូក្រាម អាច​ចម្រាញ់​បាន​ប្រេង​ស្លឹ​គ្រៃ​ចន្លោះ​ពី ៤.៥​មី​លី​លីត្រ ទៅ ៩​មី​លី​លីត្រ ហើយ​អាច​លក់បាន​តម្លៃ​៦.៩​ដុល្លារ ក្នុង​ចំណុះ​១០​មី​លី​លីត្រ​។​

 
​ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​ក្សេ​ត​សាស្ត្រ នៅ​សាលា​ជាតិ​កសិកម្ម ខេត្តកំពង់ចាម និស្សិត បូ សិលា បាន​យក​ស្លឹកគ្រៃ​ទៅ​ចម្រាញ់យកប្រេង​ស្លឹកគ្រៃ ដើម្បី​ផ្សំ​ជាមួយនឹង​គ្រឿងសម្អាង​។ ការផលិត​ប្រេង​ស្លឹកគ្រៃ​នេះ លោក បូ សិលា ប្រើ​ឧបករណ៍ Essential oil machine ដែលជា​ម៉ាស៊ីន​សម្រាប់​ពិសោធន៍​របស់​សាលា​ជាតិ​កសិកម្ម ខេត្តកំពង់ចាម​។ ប្រេង​ស្លឹកគ្រៃ​ចម្រាញ់​បាន​និស្សិត​វ័យ ២៤​ឆ្នាំ រូបនេះ ត្រូវ​បន្សុទ្ធ​យកជាតិ​ទឹក​ចេញ មុននឹង​យកទៅ​ពិសោធន៍​នៅ​ប្រទេស​កូរ៉េខាងត្បូង ខណៈពេលដែល​និស្សិត​រស់នៅ​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម រូបនេះ កំពុង​បន្ត​ថ្នាក់អនុបណ្ឌិត​ផ្នែក​ផលិត​ទឹកអប់ (Biological environment program) នៅ​សាលា Kangwon National University នៅ​ខេត្ត Kangwon នៃ​ប្រទេស​កូរ៉េខាងត្បូង​។​
 
​លោក សិលា បាន​ឲ្យ​ដឹងថា សំណាក​ប្រេង​ស្លឹកគ្រៃ​នេះ លោក​យកទៅ​ពិសោធន៍​នៅ​ប្រទេស​កូរ៉េ ដើម្បី​ឲ្យ​ដឹងថា​ប្រេង​ស្លឹកគ្រៃ​របស់​ខ្មែរ​យើង អាច​យកទៅដាក់​ប​ញ្ជូ​ល​ជាមួយ​ផលិតផល​ដទៃទៀត ដូចជា សាប៊ូ ឬ​គ្រឿងសំអាង និង​ផលិតផល​ប្រើប្រាស់​ជាច្រើន​ទៀត ដើម្បី​ធានាបាន​ថា ពុំមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​អ្នកប្រើប្រាស់​។​
 

 
​ប្រេង​ស្លឹកគ្រៃ​ដែល​ផ្សំ​ជាមួយ​មេ​តា​ណុល ដើម្បី​ឲ្យ​ក្លាយទៅជា​ទឹកអប់​សម្រាប់ធ្វើ​ការពិសោធ​នេះ ត្រូវបាន​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ បូ សិលា បញ្ជាក់ថា​៖ «​ខ្ញុំ​នឹងធ្វើ​ការពិសោធ​ជាមួយ​មនុស្ស ៥០​នាក់ ដោយ​បំពាក់​ឧបករណ៍ Eletroencephalogram នៅ​លើក​ក្បាល​ពួកគេ​។ បន្ទាប់មក​ឲ្យ​អ្នក​ទាំងនោះ ស្រង់ក្លិន​ទឹកអប់​ដែល​បាន​ផ្សំ​ជាមួយ​ប្រេង​ស្លឹកគ្រៃ ហើយ​យើង​រង់ចាំ​មើលថា តើ​ខួរក្បាល​អ្នក​ទាំង​៥០​នាក់​នោះ នឹងមាន​ប្រតិកម្ម​បែបណា​ចំពោះ​ក្លិន​ទឹកអប់​ប្រេង​ស្លឹកគ្រៃ​នេះ​»​។ ខណៈពេលដែល​អ្នក​ទាំង​នោះ​កំពុង​ស្រង់ក្លិន ម៉ាស៊ីន​ដែល​បំពាក់​នៅលើ​ក្បាល​ពួកគេ ក៏​កំពុង​កត់ត្រា​ទិន្ន័យ​ដែល​ខួរក្បាល​បាន​បញ្ចេញ​ថា តើ​ក្នុងចំណោម​មនុស្ស​ទាំង​៥០​នាក់ មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែលមាន​ប្រតិកម្ម​ជាមួយ​ក្លិន​ប្រេង​ស្លឹកគ្រៃ​?


 
​គំនិត​ច្នៃ​ប្រេង​ស្លឹកគ្រៃ​យកទៅ​ផលិត​ជា​ទឹកអប់ និង​គ្រឿងសម្អាង​ផ្សេងៗ​នេះ ដោយសារ​និស្សិត​បញ្ចប់​ផ្នែក​កសិកម្ម បូ សិលា មើលឃើញ​ពី​អត្ថប្រយោជន៍​ដែល​ប្រជាកសិករ​អាច​ទាញយក​ផល​ពី​ស្លឹកគ្រៃ​បន្ថែម ខណៈពេលដែល​ពួកគាត់​កាត់​តែ​គល់​យកទៅលក់ រួច​បោះ​ស្លឹកគ្រៃ​ចោល​។ សិលា ប្រាប់ ThmeyThmey 25 ថា មាន​ស្លឹកគ្រៃ​ជាច្រើន​ដែល​កសិករ​បាន​បោះចោល ដូចនេះ សាលា​ជាតិ​កសិកម្ម​នឹង​អាច​ផ្តល់​បច្ចេកទេស​នៃ​ការផលិត​ប្រេង​ស្លឹកគ្រៃ ដើម្បី​ឲ្យ​សិ​ករ​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​ពីលើ​អត្ថប្រយោជន៍​ចាស់​ដែលមាន​ស្រាប់​។​
 
​គំនិត​ច្នៃ​ស្លឹកគ្រៃ​នេះ​ក៏​ដោយសារ​និស្សិត​កសិកម្ម បូ សិលា បានដឹងថា នៅ​សហគមន៍​សម្បូរ​មានជ័យ ដែល​ស្ថិតនៅ​ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​នឹង​កំពុង​ផ្គត់ផ្គង់​គល់​ស្លឹកគ្រៃ​នៅលើ​ផ្សារ​ជាច្រើន​តោន ហើយ​ក្រុម​កសិករ​ទាំងនោះ បាន​ប្តេជ្ញា​ដាំ​ស្លឹកគ្រៃ​ឲ្យ​បាន​១​ពាន់​តោន​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ចំនួន​នាំចេញ​គល់​ស្លឹកគ្រៃ​នេះ ត្រូវបាន​លោក សិលា ប៉ាន់​ឃើញថា នឹងមាន​ស្លឹកគ្រៃ​ប្រមាណ​៤០០​តោន​នឹង​ត្រូវបាន​គេ​បោះចោល ប្រសិន​មិនមាន​ការកែច្នៃ​ជា​ប្រេង​ស្លឹកគ្រៃ​នោះទេ​។​
 

 
«​ប្តូរ​ពី​ស្លឹក​ដែល​គេ​បោះចោល យកមក​លក់បាន​ប្រមាណ​តម្លៃ​៧​ដុល្លារ ក្នុង​ស្លឹកគ្រៃ​២.៥​គីឡូក្រាម ខ្ញុំ​គិតថា វា​ចំណេញ​ហើយ​»​។ នេះ​ជាការ​គណនា​ចេញ​ជា​សាច់ប្រាក់​ដែល​លោក សិលា បានធ្វើ​ដោយ​លោក​ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​ស្លឹកគ្រៃ​ចំនួន​២.៥​គីឡូក្រាម អាច​ចម្រាញ់​បាន​ប្រេង​ស្លឹ​គ្រៃ​ចន្លោះ​ពី ៤.៥​មី​លី​លីត្រ ទៅ ៩​មី​លី​លីត្រ ដោយ​ចំណាយពេល​ប្រមាណ​១​ម៉ោង​។ សម្រាប់​តម្លៃ​ប្រេង​ស្លឹកគ្រៃ​នៅលើ​ទីផ្សារ​អាច​លក់បាន​តម្លៃ​៦.៩​ដុល្លារ ក្នុង​ចំណុះ​១០​មី​លី​លីត្រ​»​។​
 
​យ៉ាងណាក៏ដោយ​លោក បូ សិលា អតីត​និស្សិត​បរិញ្ញាបត្រ​ផ្នែក​«​ក្សេ​ត​សាស្ត្រ​» នៅ​សាលា​ជាតិ​កសិកម្ម ខេត្តកំពង់ចាម ដែល​កំពុង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​«​ផលិត​ទឹកអប់​» នៅ​ប្រទេស​កូរ៉េខាងត្បូង កំពុង​រង់ចាំ​មើល​លិទ្ធ​ផល​ពិសោធន៍ ដែល​លោក​យក​ប្រេង​ស្លឹ​គ្រៃ​ផលិត​ជា​ទឹកអប់​នោះ អាច​ប្រើប្រាស់​បាន​ដោយ​មិន​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ឬ​អត់​?
 

 

© រក្សាសិទ្ធិដោយ thmeythmey.com