FIFA
កីឡាជាតិ
ជាតិ
ជូនពរក្រុមជម្រើសជាតិកម្ពុជាទទួលបាន៣ពិន្ទុនាជំនួបជាមួយហុងកុងនៅល្ងាចនេះ!
× ក្រុមកីឡាករជម្រើសជាតិកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលភ្ញៀវហុងកុង សម្រាប់ជំនួបវគ្គជម្រុះ FIFA World Cup Qata 2022 នៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៥ កញ្ញានេះ។ ទោះបីមិនស្ថិតក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម និងកីឡាករកម្ពុជាមួយចំនួនទៀត បានផ្ញើសារលើកទឹកចិត្ត និងជូនពរក្រុមកីឡាករជម្រើសជាតិកម្ពុជា។
មុនការប្រកួតមកដល់ ក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានសារលើកទឹកចិត្ត និងជូនពរយ៉ាងច្រើនពីអ្នកគាំទ្រនិងមិត្តរួមអាជីពឲ្យទទួលបានជោគជ័យពេលប៉ះហុងកុងនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។ ទោះបីមិនស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្វឹក Felix Dalmas តែខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នឹងមកធ្វើជាអ្នកគាំទ្រ និងលើកទឹកចិត្តក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃនេះ។
សមាជិកក្រុមជម្រើសជាតិមកពីខេត្តកំពតរូបនេះបានសរសេរលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ជូនពរក្រុមជម្រើសជាតិកម្ពុជាយើង ទទួលជោគជ័យ ខ្ញុំនឹងធ្វើជាហ្វេន(អ្នកគាំទ្រ)មួយរូបរបស់ក្រុមជម្រើសជាតិយើងនៅថ្ងៃនេះ»។
មិនខុសគ្នាពី វឌ្ឍនាកា ឡើយ ខ្សែបម្រើឆ្នើមរបស់ព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម ដែលកំពុងញាំញីដោយរបួស ក៏បានជូនពរឲ្យក្រុមជម្រើសជាតិទទួលជោគជ័យនៅល្ងាចនេះផងដែរ។ កីឡាកររូបនេះ បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«សូមជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានជោគជ័យក្នុងការប្រកួតល្ងាចនេះ»។
ជាមួយគ្នានេះ ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ទោះមិនបានមកគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិ រូបគេនឹងគាំទ្រពីផ្ទះរបស់គេនៅឯប្រទេសបារាំង។ អតីតកីឡាករភ្នំពេញក្រោនរូបនេះ ជឿជាក់ថា ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការជាក្រុមបានល្អ ទោះបីពួកគេភាគច្រើនមានវ័យក្មេងក៏ដោយ។
ក្រៅពីកីឡាករទាំង៣រូបខាងលើ ខ្សែប្រយុទ្ធជើងចាស់របស់បឹងកេត ឃួន ឡាបូរ៉ាវី ក៏បានលើកទឹកចិត្តក្រុមជម្រើសជាតិតាមរយៈហ្វេសប៊ុកផងដែរ ដោយរូបគេនឹងធ្វើជាអ្នកគាំទ្រនៅពីក្រោយក្រុមកីឡាករជម្រើសជាតិ។ ក្រៅពីនេះ ក៏មានកីឡាករជាច្រើនរូបទៀតផងដែរ ដែលបានជូនពរឲ្យកម្ពុជាទទួលបានជោគជ័យនៅថ្ងៃនេះ។
នាសន្និសីទសារព័តមានមុនការប្រកួតកាលពីថ្ងៃទី៤ ខែកញ្ញា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas មានជំនឿថា ក្រុមកីឡាករជម្រើសជាតិកម្ពុជា ក្រោមការជ្រើសរើសដ៏យកចិត្តទុកដាក់ពីសំណាក់លោក និងលោក Keisuke Honda នឹងធ្វើបានល្អនៅថ្ងៃនេះ ដើម្បីនាំភាពអស្ចារ្យដល់ប្រជាពលរដ្ឋកម្ពុជា។ លោកជឿជាក់ថា ជំនួបថ្ងៃនេះនឹងក្លាយជាការប្រកួតមួយដ៏តានតឹង និងទាក់ទាញបំផុត ហើយលោកសង្ឃឹមថា ការប្រកួតនេះនឹងទាក់ទាញអ្នកគាំទ្រយ៉ាងច្រើនកុះករ ឲ្យមកទស្សនា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី៥ ខែកញ្ញានេះ បានប្រកាសថា សំបុត្រចូលរួមទស្សនាទាំងប្រភេទ១និងប្រភេទ២លក់អស់ហើយ។ ដូច្នេះអ្នកគាំទ្រក្នុងរង្វង់៥ម៉ឺននាក់ នឹងទៅទស្សនាការប្រកួតរវាងក្រុមកម្ពុជាជាមួយហុងកុងនៅម៉ោង៦:៣០នាទីល្ងាចនេះ៕
Tag:
បាល់ទាត់
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com