ពីនេះ ពីនោះ
អ្វី​ជា​ភាពខុសគ្នា​រវាង​ពាក្យ «​ពាម​, ច្រាំង​, ប្រឡាយ​, អូរ​, ព្រែក​, ត្រពាំង​, បឹង​, ទន្លេ​, និង សមុទ្រ​»?
06, Sep 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​មួយចំនួន​នៅ​មិនទាន់​បែងចែក​ឲ្យ​ដាច់ រវាង​ភាពខុសគ្នា​នៃ​ពាក្យ​«​ពាម​, ច្រាំង​, ប្រឡាយ​, អូរ​, ព្រែក​, ត្រពាំង​, បឹង​, ទន្លេ​, និង​សមុទ្រ​» ទាក់ទង ទំហំ រូបរាង​ពិត​។



វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ភាពខុសគ្នា​នៃ​ពាក្យ​ទាំងនេះ​ដូចខាងក្រោម​៖

១/. ពាម ថ្នាក់​ពាក្យ​ជ (​ន​) មានន័យថា មាត់​ព្រែក ឬ​មាត់​ស្ទឹង​ដែល​បែក​ចេញពី​ទន្លេ​, មាត់ទន្លេ​ដែល​ហូរ​ទៅជា​ប់​នឹង​សមុទ្រ​, ដូច​យ៉ាង ពាមផ្កាយម្រេច​, ពាមរ ឬ ពាមសែន ពាមកញ្ជើ (​នៅ​កម្ពុជា​ក្រោម​) ជាដើម​។​

២/. ច្រាំង ថ្នាក់​ពាក្យ​ជា (​ន​) មានន័យថា រឹម​ស្ទឹង​, ទន្លេ​, សមុទ្រ​...(​គួរ​កុំ​ច្រឡំ​ពាក្យ ច្រាំង នេះ​នឹង​ពាក្យ ជ្រាំង​)​។​

៣/. ប្រឡាយ ថ្នាក់​ពាក្យ​ជា (​ន​) មានន័យថា ផ្លូវ​ទឹកតូច គឺ​ជ្រលង​តូច​ដែល​គេ​ជីក​បង្ហូរទឹក ឬ​ដី​ដែល​ទឹក​ហូរ​ច្រោះ​កើតជា​ជ្រលង​តូចៈ ទឹក​ហូរ​តាម​ប្រឡាយ​។​

៤/. អូរ ថ្នាក់​ពាក្យ​ជា (​ន​) មានន័យថា ប្រឡាយ​ធំ​ជ្រៅ ដែល​នៅ​មាត់ទឹក​ជ្រៅ​សម្រាប់​ទាញ​នាវា​ឬ​ទូក​ធំៗ ឬក៏​ឈើហុប​ឡើង​ពី​ក្នុង​ទឹកៈ ទាញ​កប៉ាល់​ចូល​អ៊ូ​។​

៥/. ព្រែក ថ្នាក់​ពាក្យ​ជា (​ន​) មានន័យថា ជ្រលង ឬ​ប្រឡាយ​ធំ​ជា​ផ្លូវទឹក ត​ពី​ទន្លេ​ទៅ​បឹង ឬ​ពី​ទី​ឯទៀត​ចូលមក​ទន្លេ​, សមុទ្រ​។ បើ​កើត​ដោយ​ជីក​ហៅថា ព្រែកជីក​។​

៦/. ត្រពាំង ថ្នាក់​ពាក្យ​ជា (​ន​) មានន័យថា ថ្លុក​ធំ​កើត​ពី​មនុស្ស​ជីក​សម្រាប់​ឲ្យ​ដក់​ទឹក ឬ​កើត​ដោយសារ​កម្លាំង​ទឹក​ហូរ​ច្រោះ​ក៏មាន​។​

៧/. បឹង ថ្នាក់​ពាក្យ​ជា (​ន​) មានន័យថា ល្ហាល​ទឹកធំ​ល្វឹងល្វើយ​ក៏មាន គ្រាប់​តែ​ធំ​ជាង​ស្រះ ជាង​ត្រពាំង​ដែល​ធំៗ​ក៏មាន​, ខ្លះ​មាន​ដី​ខ្ពស់​ជា​ភ្លឺ​ព័ទ្ធជុំវិញ​, ខ្លះ​មាន​ប្រឡាយ ឬ​ជ្រលងៈ ព្រែក​ជួបនឹង​ស្ទឹង ឬ​ទន្លេ សម្រាប់​ទឹក​ហូរ​ចេញចូល​។ បឹងបួ បឹង​តូចៗ ឬ​បឹង​រាយរង​។​

៨/. ទន្លេ ថ្នាក់​ពាក្យ​ជា (​ន​) មានន័យថា មហានទី​, ផ្លូវ​ទឹកធំ​ហូរ​ចុះ​ពី​ភ្នំ និង​ធ្នារទឹក​ផ្សេងៗ ប្រជុំ​មូលមក​ហូរ​ចេញទៅ​សមុទ្រៈ ទន្លេតូច​, ទន្លេធំ​។

៩/. សមុទ្រ ថ្នាក់​ពាក្យ​ជា (​ន​) មានន័យថា អន្លង់​ទឹកធំ​ធេង ជ្រាលជ្រៅ ល្ហល្ហេវ សន្លឹម​បាត់​ត្រើយ ដែលមាន​អំបិល​ឬ រសជាតិ​ប្រៃ​ស្មើភាគ​គ្នា​នឹង​ទឹក​, សាគរ ឆ្នេរ​សុ​មុ​ទ្ទ​, មាត់សមុទ្រ​។​


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com