ជាតិ
នយោបាយជាតិ
មហាធៀ៖ ពេលផុងខ្លួនក្នុងបំណុល អ្នកលែងឯករាជ្យហើយ
× «ពេលអ្នកផុងខ្លួនក្នុងបំណុលរបស់ប្រទេសដទៃ អ្នកលែងឯករាជ្យហើយ។ ដូច្នេះ ត្រូវឲ្យតម្លៃលើឯករាជ្យរបស់ប្រទេសអ្នក»។ មុនចាកចេញពីកម្ពុជា បណ្ឌិត មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឆ្លៀតផ្តល់បទសម្ភាសជាមួយភ្នំពេញបុស្តិ៍ ហើយក៏បានផ្តល់គំនិតនេះ សម្រាប់មេដឹកនាំប្រទេស។
លោក មហាធៀ ដាស់តឿនថា មេដឹកនាំ មិនត្រូវបណ្តោយឲ្យប្រទេស ជាប់ផុងក្នុងបំណុលរបស់ប្រទេសដទៃនោះទេ។ លោក បន្ថែមថា មេដឹកនាំ មិនត្រូវខ្ចីគេ ឲ្យលើសពីសមត្ថភាព ដែលខ្លួនអាចសងឡើយ ហើយកុំចំណាយ លើសពីមធ្យោបាយ ដែលអាចរកចំណូលបាន។ លោក សង្កត់ធ្ងន់ថា បើខ្ចីគេ ត្រូវប្រាកដថា អាចសងគេវិញ។
ភ្នំពេញប៉ុស្តិ៍ បានសរសេរពីសម្តីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ៩៤ឆ្នាំរូបនេះ យ៉ាងដូច្នេះថា៖«ទោះជាប្រទេសរបស់អ្នក អភិវឌ្ឍយឺតក៏ដោយ ក៏វា នៅតែមានតម្លៃដែរ ពីព្រោះអ្នក មិនចង់ឲ្យប្រទេស ស្ថិតក្រោមអាណានិគមរបស់ប្រទេសដទៃ។ វា មិនមែនជាការដាក់អាណានិគមផ្ទាល់ទេ តែវា ជាអាណានិគមបែបប្រយោល តាមរយៈឥទ្ធិពលរបស់គេ មកលើសេដ្ឋកិច្ចរបស់អ្នក»។
លោក មហាធៀ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។ លោក បានជួបមេដឹកនាំកំពូលៗរបស់កម្ពុជា ដែលរួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លើសពីនេះ លោក ក៏បានចូលរួមធ្វើជាវាគ្មិន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដោយផ្តល់ឱកាសឲ្យនិស្សិត សួរលោក ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន»៕
© រក្សាសិទ្ធិដោយ thmeythmey.com