ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កង្វះ​ជាតិ​កាល់ស្យូម​ផ្ដល់​ផលវិបាក​អ្វីខ្លះ​?
10, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​ហើយ​នោះ កាល់ស្យូម​ក៏​សំខាន់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​រួមទាំង​ក្រចក ធ្មេញ​សាច់ដុំ និង​សូម្បីតែ​ប្រព័ន្ធ​ភាពស៊ាំ​។ ថា​តើក​ង្វះ​ជាតិ​កាល់ស្យូម​បង្កបញ្ហា​សុខភាព​អ្វី​ខ្លះទៅ​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផលវិបាក​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ ៖

១. ជំងឺ​ពុក​ឆ្អឹង​

​ស្ថានភាព​នៃ​ជំងឺ​នេះ​ត្រូវបាន​សម្គាល់​ដោយ​ការចុះ​ខ្សោយ​នៃ​ឆ្អឹង ក៏​ព្រោះតែ​ការបាត់បង់​នូវ​ជាលិកា​ឆ្អឹង​។ ជំងឺ​ពុក​ឆ្អឹង អាចធ្វើ​ឲ្យ​ឆ្អឹង​ងាយ​បាក់ ទោះបីជា​បណ្ដាលមកពី​ការប៉ះទង្គិច​ស្រាលៗ​ក៏ដោយ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​គួរ​ឲ្យ​បារម្ភ​នេះ វា​ជាការ​សំខាន់​ណាស់​ដែល​អ្នក​គួរ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម និង​កុំ​ភ្លេច​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ផង​។​

២. ឈឺចាប់​រមួល​សាច់ដុំ​

​នោះ​ក៏​ព្រោះតែ​ការ​រមួល​សាច់ដុំ​កំភួនជើង ដើមដៃ ឬ​ក្លៀក​ដែល​ភាគច្រើន​កើតឡើង​នៅពេល​យប់​អាចជា​រោគសញ្ញា​ដំបូង​មួយ​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ​។​

៣. ក្រចក​ផុយស្រួយ​ឆាប់​បាក់​

​ការបន្ថែម​អាហារ​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ចាំបាច់​ណាស់ ប្រសិនបើ​អ្នក​ចង់​ជៀស​ផុតពី​បញ្ហា​ក្រចក​ផុយស្រួយ​ឆាប់​បាក់​។ ក៏​ដូច​ទៅនឹង​ឆ្អឹង​ដែរ ក្រចក​រឹងមាំ​បាន​ប៉ុណ្ណា គឺ​ពឹង​ផ្អែកលើ​ជាតិ​កាល់ស្យូម​ដែល​ទទួលបាន​។​

៤. គេង​មិន​លក់​

​ជឿ ឬ​អត់ថា អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​។ ទោះបីជា​ពេលខ្លះ​កង្វះ​ជាតិ​កាល់ស្យូម​មិន​បង្ក​ផលប៉ះពាល់​ដល់​ដំណេក ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំង​ពេញលេញ​ឡើងវិញ​នៅ​ព្រឹក​បន្ទាប់​។​

៥. រមួល​សាច់ដុំ​

​ជាពិសេស​ប្រសិនបើ​អ្នក​ចូលចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​រត់​ត្រឹកៗ ហែល​ទឹក ឬ​ជិះ​កង់ ការ​រមួល​សាច់ដុំ គឺជា​អ្វីដែល​អ្នក​មិន​ចង់ឱ្យ​កើតឡើង​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​កង្វះ​នៃ​ជាតិ​កាល់ស្យូម​អាចធ្វើ​ឲ្យ​សាច់ដុំ​ងាយ​នឹង​រមួល ឬ​ឈឺចាប់​? លើសពីនេះទៅទៀត​កង្វះ​នៃ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ហត់នឿយ និង​ឈឺចាប់​។​

៦. អស់កម្លាំង​

​មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​សឹង​គ្រប់ពេល​មែន​ទេ​? អ្នក​ប្រហែលជា​ត្រូវការ​ជាតិ​កាល់ស្យូម​បន្ថែម​ហើយ​។ អ្នក​ដែល​ជួបប្រទះ​បញ្ហា​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ងាយ​នឹងមាន​អារម្មណ៍​ថា​អស់កម្លាំង​មែនទែន​។​

៧. រដូវ​មក​មិន​ទៀង​

​អ្នកជំនាញ​ជាច្រើន​និយាយថា​ស្ត្រី​ដែល​ជួបប្រទះ​បញ្ហា​នៃ​កង្វះ​ជាតិ​កាល់ស្យូម គឺ​ងាយ​ទទួលរង​បញ្ហា​មក​រដូវ​មិន​ទៀង​។ លើសពីនេះទៅទៀត​ពួកគេ​អាច​នឹង​ជួបប្រទះ​នូវ​ហានិភ័យ​នៃ​ការ​ហូរឈាម​ច្រើន ក៏ដូចជា​ការឈឺចាប់​មុនពេល​មក​រដូវ​។​

៨. ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​

​កាល់ស្យូម គឺជា​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ​សម្រាប់​រក្សាបាន​នូវ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​ខ្លាំងក្លា​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​កើត​ជំងឺ​ផ្ដាសាយ គ្រុនផ្ដាសាយ ក្អក អា​លែ​ក​ហ្ស៉ី ហើយ​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ​នោះ ចូរ​ចាប់ផ្ដើម​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ជាប្រចាំ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com