ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើដឹងខ្លួនថាមានជំងឺដំបៅក្រពះហើយ ក្រៅពីលេបថ្នាំ គួរតែប្រើវិធីទាំងនេះទៀតទើបឆាប់ជាលឿន
× ដំបៅក្រពះ មានន័យថា ជាការកើត ជាដំបៅបើកមុខមួយ ឬច្រើននៅលើភ្នាសខាងក្នុងរបស់ក្រពះ។ ដោយសារតែក្រពះមាននាទីបញ្ចេញជាតិអាស៊ីតដើម្បីរំលាយអាហារ ដូច្នេះបើសិនជាមានដំបៅហើយគឺពិតជានឹងឈឺចាប់ខ្លាំងណាស់។ រោគដំបៅក្រពះនេះភាគច្រើនកើតឡើងដោយសារបាក់តេរីម្យ៉ាងឈ្មោះថា H. Pylori តែវាក៏បង្កឡើងដោយអ្វីផ្សេងទៀតដែរដូចជាការប្រើថ្នាំពពួក Non-steroidal Anti-inflammatory និងថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀត។
ជាធម្មតាកាលណាមានជំងឺដំបៅក្រពះ ច្រើនតែត្រូវបានព្យាបាលដោយប្រើថ្នាំទប់ស្កាត់ បន្សាប ឬបន្ថយអាស៊ីតរបស់ក្រពះ។ បើសិនជាអ្នកមិនមែនជាមនុស្សចូលចិត្តប្រើថ្នាំ ឬខ្លាចញ៉ាំថ្នាំច្រើនៗនោះ យើងមានវិធីធម្មជាតិមួយចំនួនដែលអាចដោះស្រាយបញ្ហានេះបានដែរ។
ប្រូបាយអូទិច
នៅក្នុងប្រព័ន្ធរំលាយអាហារមានបាក់តេរី និងមេរោគផ្សិតរស់នៅច្រើនដើម្បីជំនួយដល់ការរំលាយអាហារ។ សារធាតុប្រូបាយអូទិចក៏មានក្នុងអាហារជាច្រើនដែរដូចជា យ៉ាអួ គីមឈី និងប័រទឹកដោះគោ។ អ្នកក៏អាចប្រើថ្នាំបំប៉នប្រូបាយអូទិចដែលជំនួយដល់ការសម្លាប់បាក់តេរី H.pylori ខណៈដែលវាជួយផ្សះដំបៅឲ្យជាថែមទៀត។
ខ្ញី
វិធីព្យាបាលបែបធម្មជាតិដែលត្រូវបានគេរកឃើញថាមានប្រយោជន៍ក្នុងការព្យាបាលបាក់តេរី H.pylori ដែរនោះគឺសារធាតុចម្រាញ់ចេញពីខ្ញី។ ទោះបីជាយ៉ាងណាក៏ដោយ រសជាតិដែលចម្រាញ់ចេញពីខ្ញីគឺមិនអាចឲ្យនរណាម្នាក់ទ្រាំញ៉ាំបានទេ។ ប៉ុន្តែអ្នកអាចប្រើពពួកថ្នាំបំប៉នខ្ញីជំនួសបាន។ បើសិនជាអ្នកកំពុងតែប្រើថ្នាំរំលាយកំណកឈាម ចូរប្រាកដថា អ្នកបានប្រាប់គ្រូពេទ្យអំពីការប្រើថ្នាំបំប៉នខ្ញីដែរ។
សារធាតុ Flavonoid
ការស្រាវជ្រាវបង្ហាញថា សារធាតុ Flavonoids អាចមានប្រយោជន៍ក្នុងការព្យាបាលបញ្ហាដំបៅក្នុងក្រពះបាន។ សារធាតុមួយនេះមាននៅក្នុងបន្លែ និងផ្លែឈើភាគច្រើនដូចជា ផ្លែបឺរី ផ្លែប៉ោម តែ សណ្តែកសៀង ទំពាំងបាយជូរពណ៌ក្រហម និងប្រូខូលី។ យ៉ាងណាមិញ សារធាតុ Flavonoids ច្រើនប្រភេទដែរ ដែលអាចបង្កការរលាកដល់ក្រពះបាន ដូច្នេះចូរប្រាកដថា អ្នកបានជ្រើសរើសយកសារធាតុមួយដែលក្រពះអាចទទួលយកបាន។
ទឹកឃ្មុំ
ទឹកឃ្មុំមិនគ្រាន់តែជារបស់ផ្អែមទេ តែក៏អាចជួយសម្រាលបញ្ហាដំបៅក្រពះបានដែរ។ នេះដោយសារតែ ទឹកឃ្មុំមានសារធាតុជាច្រើនដូចជា អង់ទីអុកស៊ីដង់ និង Polyphenols ដែលអាចព្យាបាលដំបៅក្រពះបាន។ ទឹកឃ្មុំត្រូវបានគេស្គាល់ថាជាសារធាតុសម្លាប់បាក់តេរី ដូច្នេះវាក៏អាចសម្លាប់បាក់តេរី H.pylori បានដែរ។ បើសិនជាអ្នកមានជាតិស្ករក្នុងឈាមធម្មតា នោះគួរតែសាកល្បងញ៉ាំទឹកឃ្មុំហើយ។
ស្ពៃក្តោប
ស្ពែប្រភេទនេះមានសារធាតុ ឡាក់តិច មួយប្រភេទដែលជួយដល់ការផលិតអាស៊ីតអាមីណេសម្រាប់ជួយភ្ញោចលំហូរឈាមទៅកាន់ភ្នាសរបស់ក្រពះ។ រឿងនេះនឹងជួយពង្រឹងដល់សុខភាពភ្នាស់ក្រពះ ព្រមទាំងព្យាបាលជំងឺដំបៅក្រពះបានដូចគ្នាផងដែរ។ ក្រៅពីនេះ ស្ពៃក្តោបមានវីតាមីន C ខ្ពស់ដែលមានប្រយោជន៍ចំពោះអ្នកជំងឺក្រពះបង្កឡើងដោយ H.pylori ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com